ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេ​ស៊ី​លី​ដា ​ចូលរួម​អភិវឌ្ឍន៍​ធន​ធាន​មនុស្ស​​ដ៏​សកម្ម​នៅ​តំបន់​ដាច់​ស្រយាល

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្ត​រតនគីរី ៖ មូលនិធិ​អេ​ស៊ី​លី​ដា​-​ចារ​ឌី​ន ដែល​បង្កើត​ឡើង​អំឡុង​ឆ្នាំ ២០១៧ បាន​ចាប់ផ្ដើម​បញ្ចេញ​​សកម្មភាព​របស់​ខ្លួន ក្នុង​ការ​ចូលរួម​ដ៏​សកម្ម ដើម្បី​អភិវឌ្ឍន៍​ធនធានមនុស្ស​នៅ​តំបន់​ដាច់​ស្រយាល​នៃ​ប្រទេស​កម្ពុជា ជាក់ស្ដែង​មូលនិធិ​អេ​ស៊ី​លី​ដា​-​ចា​ឌី​ន កាលពី​ថ្ងៃ​ទី​០១…

ខេត្ត​រតនគីរី ៖ មូលនិធិ​អេ​ស៊ី​លី​ដា​-​ចារ​ឌី​ន ដែល​បង្កើត​ឡើង​អំឡុង​ឆ្នាំ ២០១៧ បាន​ចាប់ផ្ដើម​បញ្ចេញ​​សកម្មភាព​របស់​ខ្លួន ក្នុង​ការ​ចូលរួម​ដ៏​សកម្ម ដើម្បី​អភិវឌ្ឍន៍​ធនធានមនុស្ស​នៅ​តំបន់​ដាច់​ស្រយាល​នៃ​ប្រទេស​កម្ពុជា ជាក់ស្ដែង​មូលនិធិ​អេ​ស៊ី​លី​ដា​-​ចា​ឌី​ន កាលពី​ថ្ងៃ​ទី​០១ វិច្ឆិកា ២០១៩ បាន​​ប្រគល់​អគារសិក្សា​មួយ​ខ្នង​៥​បន្ទប់ ​ជូន​ដល់​សាលា​បឋម​សិក្សា លើ​ហន់ ភូមិ លើ​ហន់ ឃុំ​កិះ​ចុង ស្រុក​បរ​កែវ ខេត្ត​រតនគីរី ដើម្បី​សម្រួល​ដល់​ការ​សិក្សា​របស់​សិស្សានុសិស្ស​នៅ​ក្នុង​តំបន់​នោះ។

លោក Peter Beynon ស្ថាបនិក​នៃ​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​អង្គការ​មូលនិធិ​អេ​ស៊ី​លី​ដា​-​ចារ​ឌី​ន ​បាន​មាន​ប្រសាសន៍​ថា យុទ្ធសាស្ត្រ​ក្នុង​ការ​ឈាន​ទៅ​សម្រេច​គោល​របស់​ខ្លួន គឺ​មាន​លក្ខណៈ​​សាម​ញ្ញា ដោយ​ជា​ជំហាន​ដំបូង​អង្គការ​ត្រូវ​ឧបត្ថម្ភ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​អគារសិក្សា ដែល​ទោះបីជា​មាន​អាកាសធាតុ​បែប​ណា​ក៏​ដោយ ក៏​អ្នកគ្រូ​ លោក​គ្រូ នៅ​តែ​អាច​បង្រៀន​បាន ។​

នេះ​​គឺជា​អាទិភាព​ចម្បង ជា​មូលដ្ឋាន​ដែល​អង្គការ​ត្រូវធ្វើ​ឱ្យ​បាន ដើម្បី​អោយ​លោកគ្រូ អ្នកគ្រូ មាន​​លទ្ធភាព​ពេញលេញ ក្នុង​ការ​បំពេញ​តួនាទី​ប្រកបដោយ​ប្រសិទ្ធភាព ក្នុង​ការ​ផ្ដល់​ចំណេះដឹង​ជូន​ក្មួយ​យ​ៗ សិស្សានុសិស្ស​នៅ​ក្នុង​តំបន់ ។

លោក​បន្ត​ថា បច្ចុប្បន្ន​នេះ អង្គការ​មូលនិធិ​អេ​ស៊ី​លី​ដា​-​ចារ​ឌី​ន សម្រាប់​ការ​អប់រំ បាន​ឧបត្ថម្ភ និង​សាង​សង់​អគារសិក្សា​ថ្មី សម្រាប់​សាលា​បឋម​សិក្សា​ចំនួន​០២​ខ្នង រួចរាល់ ស្រប​តាម​បទដ្ឋាន​កំណត់​ដោយ​ក្រសួង​អប់រំ យុវជន ​និង​កីឡា ដែល​អគារ​មួយ​ខ្នង​មាន​៥​បន្ទប់ អាច​ទទួល​សិស្ស​បាន​​យ៉ាងតិច​១០០​នាក់ ។ អគារសិក្សា​មួយ​ខ្នង​នៅ​សាលា​បឋម​សិក្សា​លើ​ហន់​នេះ គឺជា​សមិទ្ធ​ផល​​ទី​២ ​របស់​អង្គការ​មូលនិធិ​នេះ ដែល​អគារ​ដំបូង​បង្អស់​របស់​ខ្លួន បាន​សាងសង់​នៅ​សាលា​បឋម​​សិក្សា​គោក​សង្កែ ក្នុង​ខេត្តឧត្តរមានជ័យ និង​បាន​ដាក់​ដំណើរការ​កាលពី​ខែកក្កដា កន្លង​ទៅ​នេះ ។ បន្ទាប់​ពី​បញ្ចប់​ការ​សាងសង់ អគារ​ទាំងនេះ នឹង​ត្រូវ​ប្រគល់​ជូន​អាជ្ញាធរ​ខេត្ត​ធ្វើ​ជា​ម្ចាស់​កម្មសិទ្ធិ និង​​ជា​អ្នកគ្រប់គ្រង តាម​រយៈ​មន្ទីរ​អប់រំ យុវជន​និង​កីឡា ដែល​ជា​សេនាធិការ និង​នាយក​សាលា​ជា​​អ្នកគ្រប់គ្រង​និង​ថែរក្សា​ផ្ទាល់ ។

លោក​ថា​៖ « អង្គការ​មូលនិធិ​អេ​ស៊ី​លី​ដា​-​ចារ​ឌី​ន សម្រាប់​ការ​អប់រំ មាន​ផែនការ​ឧបត្ថម្ភ​ និង​សាង​សង់​អគារសិក្សា​បឋម​សិក្សា​ឱ្យ​បាន​យ៉ាងតិច​ចំនួន​២​ខ្នង ក្នុង​មួយ​ឆ្នាំ​នៅ​តាម​តំបន់​នានា នៅ​ក្នុង​ភូមិ​សាស្ត្រ​គោលដៅ​របស់​ខ្លួន ​ដើម្បី​ផ្ដល់​ឱ្យ​កុមារ​ទទួល​បាន​នូវ​ការ​អប់រំ កម្រិត​មូលដ្ឋាន សម្រាប់​កសាង ​និង​ពង្រីក​គុណភាព​ជីវិត​របស់​ពួក​គេ ក្នុង​គោលដៅ ចូលរួម​អភិវឌ្ឍន៍​ធនធានមនុស្ស ដែល​​ជា​ទ្រព្យ​ដ៏​មាន​តម្លៃ​បំផុត​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ជាតិ​» ។

លោក​បញ្ជាក់​ថា ក្នុង​នាម​ជា​ថ្នាក់ដឹកនាំ អង្គការ​នេះ សូម​ប្ដេជ្ញា​ថា រាល់​មូលនិធិ​មនុស្សធម៌ ដែល​ទទួល​បាន​ពី​សប្បុរសជន នឹង​គ្រប់គ្រង​ប្រកបដោយ​តម្លាភាព និង​ប្រើប្រាស់​ប្រកបដោយ​ប្រសិទ្ធ​ភាព ដើម្បី​សាងសង់​សាលារៀន​ជូន​កុមារ​កម្ពុជា ។

លោកស្រី ញាណ ទិ​ត្យ​ចិន្តា អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​រតនគីរី បាន​មាន​ប្រសាសន៍​ថា អគារសិក្សា​ប្រកបដោយ គុណភាព ផា​សុខភាព និង​ស្រស់​ស្អាត​នេះ ពិតជា​មាន​តម្លៃ​បំផុត សម្រាប់​​ក្មួយ​ៗ​សិស្សានុសិស្ស​ក្នុងស្រុក​បរ​កែវ ធ្វើ​ជាទី​កន្លែង និង​ថ្នាល​សម្រាប់​ក្រេប​យក និង​បណ្ដុះ​​ចំណេះវិជ្ជា​កម្រិត​មូលដ្ឋាន ដើម្បី​អភិវឌ្ឍន៍​ខ្លួន​ដ៏​ល្អ​ប្រសើរ​នៅ​ពេល​អនាគត ។​

លោកស្រី​និយាយ​ថា​៖ « សកម្មភាព​មនុស្សធម៌ របស់​អង្គការ​មូលនិធិ​អេ​ស៊ី​លី​ដា​-​ចារ​ឌី​ន សម្រាប់​​ការ​អប់រំ ពិតជា​បាន​បញ្ជាក់​ពី​ការ​ចូលរួម​ចំណែក​យ៉ាង​សកម្ម​របស់​អង្គការ​នេះ ក្នុង​ការ​កិច្ច​ការងារ​សង្គម មនុស្សធម៌ និង​អភិវឌ្ឍន៍​ធនធានមនុស្ស ដែល​ជា​ទ្រព្យ​ដ៏​មាន​តម្លៃ​បំផុត​ក្នុង​ការ​អភិ​វឌ្ឍ​សង្គម​ជាតិ ​ស្រប​តាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជា​ពិសេស​កម្មវិធី​កំណែទម្រង់​គុណភាព​វិស័យ​អប់រំ របស់​ក្រសួង​អប់រំ យុវជន ​និង​កីឡា ដែល​ត្រូវ​បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ពី​ក្រសួង ក៏​ដូច​ជា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា នា​ពេល​បច្ចុប្បន្ន​នេះ ។

បើ​តាម​លោកនាយក​សាលា​បឋម​សិក្សា​លើ​ហន់ លោក​ណែម ចាន់ធូ បានអោយ​ដឹង​ថា កាល​ពីមុន​សាលា​នេះ ​ខ្វះខាត​ខ្លាំង​ណាស់ មិន​មាន​អគារសិក្សា​ត្រឹមត្រូវ ហើយ​នៅ​ពេល​ក្ដៅ​ខ្លាំង​ក៏​ឱ្យ​សិស្ស​ត្រលប់​ទៅ​ផ្ទះ​វិញ​មុន​ម៉ោង ដោយសារ​មិន​អាច​ទ្រាំ​នឹង​អាកាសធាតុ​បាន ហើយ​ពេល​ភ្លៀង​ខ្លាំង​ក៏​មិន​អាច​ទប់ទល់​ប​បាន​ដែរ ដូច្នេះ​ការ​សិក្សា​មិន​បាន​ជាប់លាប់​នោះ​ទេ ។

តែ​នៅ​ពេល​ដែល​មាន​អគារសិក្សា​១​ខ្នង​៥​បន្ទប់​នេះ សង្ឃឹមថា នឹង​មាន​កំណើន​សិស្ស​មក​សិក្សា​កាន់តែ​ច្រើន និង​អាច​ឱ្យ​សិស្ស​រៀន​បាន​ជាប់លាប់ ដែល​អាច​ពង្រឹងគុណភាព​អប់រំ​ថ្នាក់​មូលដ្ឋាន​បាន​មួយ​កម្រិត​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ