ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
- ភ្នំពេញ
រាជធានីភ្នំពេញ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីពន្លត់ទៀនជ័យនៃទិវាបុណ្យឯករាជ្យជាតិ នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានឯករាជ្យ ។

នាឱកាសពិធីដ៏មហោឡារិកនោះ ក៏មានការអញ្ជើញចូលរួម ពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រមទាំងថ្នាក់ដឹកនាំកំពូលៗរបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន អង្គភាព មន្ត្រីរាជការ កងកម្លាំងទាំង៣ប្រភេទ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។

ក្នុងឱកាសដ៏វិសេសវិសាលនោះដែរ ក៏មានការចូលរួមពីសំណាក់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងគណៈប្រតិភូក្រសួងផងដែរ ។

គួរជម្រាបថា ឆ្នាំ២០២៣ នេះ គឺជាខួបអនុស្សាវរីយ៍លើកទី៧០ (១៩៥៣-២០២៣) ដែលប្រជាជាតិកម្ពុជាទាំងមូលបានរំដោះខ្លួនទាំងស្រុងចេញពីអាណានិគមនិយមបារាំង (១៨៦៣-១៩៥៣) ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំយ៉ាងក្លៀវខ្លា របស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯករាជ្យជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ៕ អត្ថបទសហការ
















ចែករំលែកព័តមាននេះ