ជីតាណុប បាយ៉ារិទ្ធ គឺជាអ្នកនិពន្ធចម្រៀងជំនាន់លោកស៊ីន ស៊ីសាមុត ក្រោយរកឃើញឯកសារស្នាដៃនិពន្ធចម្រៀង ២បទ
- ភ្នំពេញ
រាជធានីភ្នំពេញ៖ តារាចម្រៀងលោកណុប បាយ៉ារិទ្ធ បានសម្តែងក្តីរំភើបចិត្តស្ទើរហូរទឹកភ្នែក ពេលឃើញឯកសារជាច្រើនដែលបន្សល់ទុកជាស្នាដៃរបស់ជីតាលោក ។ មានស្នាដៃបទចម្រៀង២បទរបស់លោកតាលោកត្រូវបានផលិតសាជាថ្មីឡើងវិញជាលក្ខណៈឯកជនក្រោមការរៀបចំដោយលោកតាថៃ សេងឡុង អគ្គនាយកក្រុមហ៊ុនបារីអាឡាំងដឺឡុង ។
បទចម្រៀងទាំងពីរបទនោះមានចំណងជើងថា«លាអ្នកមានគុណ» និងបទ«តូចចិត្តតែនឹងវាស្នា (វាសនា)» ដែលកែសម្រួលទំនុកច្រៀង និងច្រៀងដោយលោកស៊ីន ស៊ីសាមុត ផលិតឡើងជាថ្មីកាលពីអំឡុងឆ្នាំ៩០ ។ បទចម្រៀងទាំង២បទនេះច្រៀងដោយលោកមិញ សុធីវណ្ណ ។
កាលពីថ្ងៃទី៩ កញ្ញា ២០២៦ តាមរយៈសំណេរបង្ហោះលើបណ្តាញសង្គម តារាចម្រៀងលោកណុប បាយ៉ារិទ្ធ បានលើកឡើងថា «ក្នុងនាមជាចៅបង្កើតរបស់លោកតាថូ សំកុល ជាម្ចាស់ស្នាដៃនិពន្ធទំនុកច្រៀងបទ«លាអ្នកមានគុណ» ដែលច្រៀងដោយលោកម៉ុល កាម៉ាច និងបទ«តូចចិត្តតែនិងវាស្នា (វាសនា)» កែសម្រួលទំនុកច្រៀង និងច្រៀងដោយលោកស៊ីន ស៊ីសាមុត ។
ខ្ញុំពិតជារំភើបសឹងតែស្រក់ទឹកភ្នែកក្រោយបានឃើញឯកសារជាច្រើនដែលបានបន្សល់ទុកពីស្នាដៃលោកតាផលិតសាជាថ្មីឡើងវិញ ។ ពិសេសបទចម្រៀង«លាអ្នកមានគុណ» ដែលមានការផលិតសាជាថ្មីឡើងវិញលើកដំបូងបង្អស់ជាលក្ខណៈឯកជនក្រោមការរៀបចំដោយលោកតាថៃ សេងឡុង អគ្គនាយកក្រុមហ៊ុនបារីអាឡាំងដឺឡុងដែលលោកតាតែងតែបង្កើតកម្មវិធីប្រគំតន្ត្រីបារីអាឡាំងដឺឡុងពេលពិធីបុណ្យអុំទូក ម្តងៗនាឆ្នាំ៩០ជាងរហូតមកដល់ឆ្នាំ២ពាន់ជាង ។
ដោយសារលោកតាជាអ្នកធ្វើការជាមួយលោកតាបង្កើតរបស់ខ្ញុំស្រាប់ និងដោយសារលោកតាចង់រំលឹក ចង់រក្សាស្នាដៃនិពន្ធរបស់លោកតាបង្កើតរបស់ខ្ញុំផង និងដោយសេចក្តីស្រលាញ់ផង លោកតាបានចំណាយប្រាក់ស្រាវជ្រាវផលិតបទ«លាអ្នកមានគុណ» នេះកាលពីឆ្នាំ២ពាន់ជាងម្តងរួចមកហើយដោយច្រៀងដោយលោកពូមិញ សុធីវណ្ណ ។
ពេលនោះខ្ញុំចាំបានថាលោកតាបានចាក់បទនេះឱ្យខ្ញុំនិងឪពុកម្តាយខ្ញុំស្តាប់ ពេលនោះម្តាយខ្ញុំរំភើបរហូតដល់ស្រក់ទឹកភ្នែកដោយសាររបបប៉ុលពតធ្វើឱ្យបាត់ឯកសារដើមអស់ សូម្បី កូនៗលោកតារបស់ខ្ញុំបានត្រឹមតែដឹងពីស្នាដៃរបស់ឪពុក តែមិនមានឯកសារបន្សល់ទុកទេ ។
លោកតាថៃ សេងឡុង ថែមទាំងបាននិយាយមកកាន់ខ្ញុំថា៖ រិទ្ធចៅដឹងទេ នេះហើយជាស្នាដៃនិពន្ធទំនុកច្រៀង និពន្ធបទភ្លេងរបស់លោកតាចៅ ហើយប្រគំតន្ត្រីដោយក្រុមតន្ត្រីបក្សីចាំក្រុង ត្រូវស្រលាញ់ និងថែរក្សាឱ្យបានណា ! កុំឱ្យបាត់បង់ ។ ដោយសារអំឡុងពេលនោះ មិនមានឯកសារដើមទេ ខ្ញុំបានស្តាប់ត្រឹមសំឡេងលោកពូមិញ សុធីវណ្ណ យកមកផលិតថ្មីម្តងទៀតប៉ុណ្ណោះ ។
ចាប់តាំងពីថ្ងៃនោះមកគ្រួសារខ្ញុំបានចងចាំទុក តែមិនបាននិយាយ ឬប្រាប់នរណាទេ ដោយសារសម័យនោះគ្មានភស្តុតាង គ្មានYouTube គ្មានឯកសារយោង ។ អរគុណYouTube អរគុណគ្រប់បងប្អូនដែលលោកបានយកបទដើមដែលច្រៀងដោយលោកម៉ិល កាម៉ាច យកមកផុសដែលក្លាយជាចំណែកនៃឯកសាររបស់គ្រួសារខ្ញុំ ។ លោកបញ្ជាក់ថា លោកតាថូ សំកុល ជានាយទាហានជើងចាស់ដែលមួយជីវិតលោកនៅតែសមរភូមិមុខ ឃ្លាតឆ្ងាយពីប្រពន្ធកូនដើម្បីជាតិមាតុភូមិ រីឯលោកយាយរបស់ខ្ញុំជាភរិយាឈ្មោះគីម ហួយ ជាគ្រូបង្រៀននាសម័យសង្គមរាស្ត្រនិយម ។ ចៅពិតជាមានមោទនភាពណាស់ដែលមានលោកតាជានាយទាហាន ជាកវីនិពន្ធមួយរូប បើទោះមិនមានស្នាដៃច្រើនតែយ៉ាងហោចក៏ជាមោទនភាពដែល ចៅៗទទួលបាន» ។
លោកណុប បាយ៉ារិទ្ធ បានបន្ថែមទៀតថា ក្រោយស្រាវជ្រាវដឹង ខ្លះៗពីប្រវត្តិនៃបទចម្រៀងដែលប្រសូតចេញពីស្នាដៃរបស់លោកតានិងដោយសារតែឈាមជ័រជាអ្នកសិល្បៈទាំងខាងឪពុក ទាំងខាងម្តាយ ទើបបណ្តាលឱ្យគ្រួសារខ្ញុំ ក្លាយទៅជាអ្នកសិល្បៈបន្តជំនាន់តាំងពីឪពុកម្តាយដល់ កូនៗ ។
លោកឪពុកឈ្មោះណុប សម្បត្តិ ជាអ្នកដឹកនាំរឿង ជាអ្នកនិពន្ធ ជាម្ចាស់ស្នាដៃនិពន្ធទំនុកច្រៀងបទ«ឆន្ទៈយុវជន» ក្រោយមអត្ថន័យដាស់ស្មារតីយុវជនឱ្យចេះស្រលាញ់ជាតិ មាតុភូមិ គោរពដឹងគុណដល់ប្រមុខថ្នាក់ដឹកនាំ ដែលខ្ញុំជាអ្នកច្រៀងផ្ទាល់ និងជាម្ចាស់ស្នាដៃបទ«ខែ្មរតែ១» បទ«អប្សរាមហានគរ» ច្រៀងដោយបងស្រីម៉េង កែវពេជ្ជតា និងបទ«ខ្យល់ថ្ងូររកបង» ច្រៀងដោយបងស្រីទូច ស៊ុននិច ច្រៀងcover ឡើងវិញដោយប្អូនស្រីបាន មន្នីលក្ខណ៍។ គាត់ក៏ជាអ្នកបង្កើតស្នាដៃទស្សនីយភាព ជាសាស្ត្រាចារ្យផ្នែកល្ខោន របាំ និងជំនាញផ្នែកឆ្លាក់ចម្លាក់ក្បាច់ខ្មែរ គូរគំនូរdesign decorations បុរាណសម័យ និងជាអ្នកបណ្តុះបណ្តាលផ្នែកសម្តែងភាពយន្ត។ល។
អ្នកម្តាយឈ្មោះសំកុល សុធាវី ជាអ្នកនិពន្ធ តារាភាពយន្តតួម្តាយនាទសវត្សទី៩០ជាង រីឯពួកខ្ញុំជា កូនៗ ខ្លះជាតារាចម្រៀង អ្នកសម្តែង ខ្លះជាអ្នកអ្នកដឹកនាំរឿង អ្នកនិពន្ធ អ្នកគ្រប់គ្រងកម្មវិធី អ្នកផលិតកម្មវិធី ។ល។ ស្លឹកឈើពិតជាជ្រុះមិនឆ្ងាយពីគល់ ដូចពាក្យចាស់តំណាលទុក»៕







ចែករំលែកព័តមាននេះ