ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកយាយ​ឃី មុំ អតីត​គ្រូ និង​តួឯក​យីកេ​ កំពុង​មាន​ជំងឺ

3 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ លោកយាយ​ព្រឹទ្ធាចារ្យ​ឃី មុំ កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​គេហដ្ឋាន ស្ថិត​ក្នុងភូមិ​តា​កេរ្តិ៍ សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក ឯកឧត្តម​ហ៊ឺ វី​រៈ ប្រធាន​នាយកដ្ឋាន​ជំរុញ​ចលនា​វប្បធម៌ សាសនា និង​ប្រវត្តិសាស្ត្រ និង​ជា​ប្រធាន​ក្រុមការងារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​វិស័យ​វប្បធម៌ និង​វិចិត្រសិល្បៈ តំណាង​លោក​ជំទាវ​បណ្ឌិត​សភាចា​រ្យ​ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ទៅ​សួរសុខទុក្ខ​លោកយាយ​ព្រឹទ្ធាចារ្យ​ដល់​គេហដ្ឋាន ។

បើ​តាម​ឯកឧត្តម​ហ៊ឺ វី​រៈ ក្នុង​ឱកាស​នោះ ឯកឧត្តម និង​ក្រុមការងារ បាន​នាំ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​ឯកឧត្តម​ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​លោក​ជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿ​ង ស​កុ​ណា ព្រមទាំង​នាំ​យក​ផ្លែ​ឈើ និង​ប្រាក់​មួយ​ចំនួន​របស់​លោក​ជំទាវ​បណ្ឌិត​សភាចា​រ្យ ជូន​លោកយាយ​ព្រឹទ្ធាចារ្យ ដើម្បី​ជួយ​សម្រាល​ការ​លំបាក​ក្នុងអំឡុងពេល​ព្យាបាល​ជំងឺ ។

ការ​ទៅ​សួរសុខទុក្ខ​នេះ​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល និង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ចំពោះ​សិល្បករ សិល្ប​ការិនី និង​ព្រឹទ្ធាចារ្យ​សិល្បៈ តាម​រយៈ​ការ​ផ្តល់​ការ​គាំទ្រ និង​ឧបត្ថម្ភ​នៅ​ពេល​មាន​ជំងឺ ព្រមទាំង​ជា​ការ​លើកទឹកចិត្ត និង​តបស្នង​ចំពោះ​ស្នាដៃ​សិល្បៈ ដែល​បាន​រួមចំណែក​ដល់​ការ​ថែរក្សា អភិរក្ស និង​លើក​ស្ទួយ​វប្បធម៌​ជាតិ ។

លោកយាយ ឃី មុំ គឺជា​ព្រឹទ្ធាចារ្យ​សិល្បៈ​ជំនាញ​ផ្នែក​ល្ខោន​យីកេ និង​ជា​អ្នកចម្រៀង​អម​របាំ​ព្រះរាជ​ទ្រព្យ ដែល​មាន​ទេព​កោសល្យ និង​បទ​ពិសោធន៍​ដ៏​សម្បូរ​បែប​ក្នុង​វិស័យ​សិល្បៈ​ខ្មែរ​។

កាលពី​ឆ្នាំ​១៩៦៣ លោកយាយ​ឃី មុំ មាន​ភាព​ល្បីល្បាញ​ជា​តួឯក​ស្រី​ក្នុង​ការ​សម្ដែង​ល្ខោន​យីកេ ដោយ​សម្ដែង​ជា​គូ​ជាមួយ​ប្អូនប្រុស​ឃី ពៅ រហូត​ត្រូវ​បាន​សម្តេចព្រះ​មហាក្សត្រី​យា​នី ស៊ី​សុវត្ថិ កុ​សម​នារីរ័ត្ន​សេរី​វ​ឌ្ឍ​នា អញ្ជើញ​ឱ្យ​ចូល​សម្ដែង​ថ្វាយ​ក្នុង​ព្រះ​បរមរាជវាំង ។

នៅ​ឆ្នាំ​១៩៧៩ លោកយាយ​ឃី មុំ បាន​ប្រមូលផ្តុំ​សាច់ញាតិ និង​បង្កើត​ក្រុម​ល្ខោន​យីកេ​ឡើង​វិញ ។ ចន្លោះ​ឆ្នាំ​១៩៨០ ដល់​ឆ្នាំ​២០១០ លោកយាយ​បាន​បំពេញ​តួនាទី​ជា​គ្រូបង្រៀន​សិល្បៈ​យីកេ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ និង​បាន​ចូលរួម​បណ្តុះបណ្តាល​សិស្ស​នៅ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ ។

តាម​រយៈ​ការងារ​សិល្បៈ និង​ការ​បណ្តុះបណ្តាល​យុវជន​ជំនាន់​ក្រោយ លោកយាយ​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ថែរក្សា អភិរក្ស និង​បន្តវេន​សិល្បៈ​បុរាណ​ខ្មែរ ៕