ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុកការពារសិល្បៈ វប្បធម៌ កូនការពារទឹកដី! ទីបំផុត កូនប្រុសតារាកំប្លែងខាត់ ចំរើន​ សម្រេច​បំណងប្រាថ្នាឪពុកចូលបំពេញកាតព្វកិច្ចយោធាហើយ​

5 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ថ្មីៗនេះ តារាចម្រៀង​អ្នក​នាង ខាត់ សុ​ឃី​ម បានបង្ហោះសំណេរ ​អម​ដោយ​វីដេអូសកម្មភាពជូនដំណើរ​ក្មួយប្រុស​ចូល​បំពេញ​កាតព្វកិច្ច​យោធា ថា «​ព្រឹកនេះ ខាត់ ចំរើនមង្គល បានទៅបំពេញកាតព្វកិច្ចយោធា ជាថ្ងៃដែលប្អូនខ្ញុំ ខាត់ ចំរើន ចង់ឃើញ តែយ៉ាងណាក៏ក្មួយប្រុសអ៊ំ បានបំពេញក្តីប្រាថ្នា ឪពុកក្មួយ បានហើយ» ។​

អ្នកនាងខាត់ សុឃីម និង​ក្រុម​គ្រួសារ​ទាំងមូល​បាន​សម្តែង​ក្តី​មោទនភាព​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​បានឃើញ​ក្មួយ​ប្រុស​ដែល​ជា​កូនបង្កើត​របស់​លោក ខាត់ ចំរើន បាន​ជាប់​កាតព្វកិច្ច​យោធា ដែល​ជា​ក្តី​បំណងប្រាថ្នា​របស់​ឪពុក ។

អ្នក​នាង​ចាត់​ទុក​ថា ការ​ចូល​បំពេញ​កាតព្វកិច្ច​យោធា​របស់​ក្មួយប្រុស​​នា​ពេល​នេះ​ គឺជា​រឿង​មួយ​ដ៏​ល្អ ព្រោះ​អាច​គេច​ផុត​អំពើ​អបាយមុខ​ផ្សេង​ៗ ហើយ​បើ​ទៅ​ថ្ងៃ​អនាគត​ ក្មួយ​របស់​អ្នក​នាង​អាច​ចូល​ជា​កងកម្លាំង​តាម​បំណងប្រាថ្នា​មែន នោះ​គឺ​ក្រុម​គ្រួសារ​ក៏​មាន​មោទនភាព​ដែល​មានកូនក្មួយ​​ជា​អ្នកបម្រើ​ជាតិ​មាតុភូមិ ។

ថ្លែងប្រាប់​កោះសន្តិភាព​ តារា​ពហុ​ជំនាញ​​រូបនេះ​ បាន​អះអាង​ថា តាំងពី​តូច​មក ​ក្មួយ​របស់​អ្នក​នាង​មាន​ចំណង់​ចំណូលចិត្ត​ក្នុង​ការ​ធ្វើ​ជា​ប៉ូលិស ហេតុនេះ​ពេល​រៀន​ចប់​ ​គេ​ក៏​បាន​ដាក់​ពាក្យ​ចូល​ប្រឡង​ខាង​ប៉ូលិស​នេះ​តែ​ម្តង ។

អ្នក​នាង​បន្ត​ថា ប៉ុន្តែ​ក្រោយ​ពេល​ដាក់​ពាក្យ​នោះ ​ក្មួយប្រុស​​នៅ​ស្ទើរ​កម្ពស់ ដោយ​ខាង​ប៉ូលិស​ឲ្យ​​រង់ចាំ​១​ឆ្នាំ​ឬ​២​ឆ្នាំ​ទៀត ដោយសារ​ហេតុនេះហើយ ​ក្មួយប្រុស​​ក៏​បាន​ប្តូរ​មក​ដាក់​ពាក្យ​ចូល​កាតព្វកិច្ច​យោធា​វិញ ដោយ​រំពឹង​ថា ពេល​ចប់​កាតព្វកិច្ច​យោធា​គឺ​អាច​ចូល​សាលា​ប៉ូលិស​បាន ។

អ្នក​នាងបន្ត​ថា ក្មួយ​​របស់អ្នកនាង​ចូល​ចិត្ត​ណាស់​រឿង​ខាង​កងកម្លាំង​នេះ មិន​ថា ប៉ូលិស ប៉េ​អឹម ឬ​ក៏​ទាហាន​នោះ​ឡើយ ខុស​ពី​កូន​ៗ និង​ក្មួយ​ៗ​ដទៃ​ទៀត​ដែល​ពួក​​គេ​​ចូល​ចិត្ត​ខាង​សិល្បៈ​ដូច​ទៅ​នឹង​ឪពុក​ម្តាយពួកគេ​ដែរ ។

ទោះបី​ជា​យ៉ាងណា ​បើ​តាម​អ្នក​នាង ខាត់ សុ​ឃី​ម បន្ទាប់​ពី​ឃើញ​ការ​ប្រកាស​ឈ្មោះ​ក្មួយ​របស់​អ្នក​នាង​ជាប់​កាតព្វកិច្ច​យោធា​នោះ​គឺ​ទាំងរូបអ្នក​​នាង និង​ម្តាយ​របស់​​ក្មួយប្រុស ​មានការ​សប្បាយចិត្ត​យ៉ាង​ខ្លាំង ព្រោះ​ជា​បំណងប្រាថ្នា​របស់​ឪពុក និង​ក្មួយ​ផ្ទាល់​។

អ្នក​នាង​បញ្ជាក់​ថា ការ​ចូលបំពេញ​​កាត​ព្វ​កិ​ច្វ​យោធា​រយៈពេល​២​ឆ្នាំ​នេះ​ គឺ​នាង​គិត​ថា ពិតជា​ល្អ ដោយសារ​ក្មួយ​អាច​រៀនសូត្រ​ចេះ​ដឹង​ច្បាប់ទម្លាប់ ជា​ពិសេស​ការ​ហាត់​ពុតលត់​​ដុំ​ ហើយ​ការ​ចេញ​ទៅ​នេះ​ ម្តាយ​របស់គេ​​ក៏​សប្បាយ​រីករាយ​ដែរ ព្រោះ​បើ​កូន​រៀន​ចប់ ហើយ​បណ្តែតបណ្តោយ​ឲ្យ​កូន​ដោយ​មិន​មានការ​ងារ​ធ្វើ​ច្បាស់លាស់​នោះ​គឺ​បារម្ភ​អាច​បណ្តា​ល​ឲ្យ​កូន​ចូល​ទៅ​ក្នុង​ក្រុម​បន​​ភឿន​ដែល​មិនល្អ ។

ដោយឡែក​ពាក់ព័ន្ធ​ជម្លោះព្រំដែន​ជាមួយ​ថៃ​នោះ ត្រូវ​បាន​អ្នក​នាង ខាត់ សុ​ឃី​ម គូសបញ្ជាក់​ថា ប្រ​សិន​ថ្ងៃ​ណាមួយ​បញ្ហា​ព្រំដែន​មាន​ភាព​រង្គោះរង្គើ​ បងប្អូន​យើង​មិន​មាន​ក្តី​សុខ​ ដោយសារ​ចោរ​ឈ្លានពាន ហើយ​ក្មួយរបស់​​អ្នក​នាង​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​នោះ​អ្នក​នាង​ជឿ​ជាក់​ថា ក្មួយ​របស់​អ្នក​នាង​នឹង​មិន​រុញ​រា​ចំពោះ​រឿង​នេះ​​ទេ​ ខ​ណៈ​ពេល​ដែល​អ្នក​នាង និង​គ្រួសារ​ទាំងមូល​ក៏​អត់​មាន​ភាព​រុញ​រា​ក្នុង​ចិត្ត​ដែរ ផ្ទុយ​ទៅ​វិញ ​វា​គឺជា​មោទនភាព​ដែល​យើង​មានគ្រួសារ​បម្រើ​ជាតិ​មាតុភូមិ ។

សម្រាប់​រឿង​នេះ​ដែរ ​អ្នក​នាង ខាត់ សុ​ឃី​ម ក៏​បាន​ធ្វើការ​សំណូមពរ​ទៅ​កាន់​អាណាព្យាបាល​ទាំងអស់​គឺ​ប​ញ្ចូ​ន​កូន​មក​បំពេញ​កាតព្វកិច្ច​យោធា ដើម្បី​ឲ្យ​កូន​ៗ​ហាត់​ពុត​លត់ដំខ្លួនឯង​ឲ្យ​ក្លាយជា​មនុស្ស​ដែល​រឹង​មាំ​ ព្រោះ​ជា​ទូទៅ​សាលា​យោធា​គឺជា​សាលា​ដែល​បង្ហាត់​ក្មេង​ៗ​ឲ្យ​មាន​ភាព​រឹង​មាំ និង​មានច្បាប់​វិន័យ​សម្រាប់​ខ្លួនឯង គ្រួសារ និង​ប្រទេស​ជាតិ ។

ជា​ការ​កត់សម្គាល់ បន្ទាប់​ពី​អ្នក​នាង ខាត់ សុ​ឃី​ម បាន​បង្ហោះ​សំណេរ និង​វី​ដេ​អូ​បង្ហាញ​សកម្មភាពជូនដំណើរ​​ក្មួយ​ប្រុស​របស់​ខ្លួន​ចូល​បំពេញ​កាតព្វកិច្ច​យោធា​នៅ​លើ​បណ្តាញ​សង្គម​រួចមក គេ​សង្កេត​ឃើញ​មាន​មហាជន​ជា​ច្រើន​បាន​សម្តែង​ការ​គាំទ្រ​យ៉ាង​ខ្លាំង និងជូនពរ​ឱ្យ​​ជោគជ័យ ហើយ​ក៏​មាន​​មហាជនខ្លះ​លើក​ឡើង​ថា «ឪពុក​​ការពារ​សិល្បៈ វប្បធម៌ ចំណែក​កូន​​ការពារ​ទឹកដី» ៕