ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​ត្បូងឃ្មុំ​ ម្ចាស់​ជ័យ​លា​ភី​លេខ​១ ​សិល្បៈ​ល្ខោននិយាយ​ថ្នាក់​ជាតិ

3 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ មហោស្រព​ល្ខោននិយាយ​ទូ​ទាំង​ប្រទេស ឆ្នាំ​២០២៦ ក្រោម​ប្រធានបទ​«​ចង្កឹះ​មួយ​បាច់​» រៀបចំ​ឡើង​នៅ​សាល​មហោស្រព​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព បាន​បិទ​បញ្ចប់​នៅ​ល្ងាច​ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០២៦ ក្រោម​អធិបតីភាព​លោក​ជំទាវ​ឡង​ឌី សាន់​ណា​រ៉ា រដ្ឋលេខាធិការ តំណាង​លោក​ជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ។​

បើ​តាម​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព ជា​លទ្ធផល សិល្បករ​ចំនួន ៣​ក្រុម ទទួល​បាន​ជ័យ​លា​ភី​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ៖

ជ័យ​លា​ភី​លេខ​១ ទទួល​បាន​ពានមាស​១ អម​ដោយ​ទឹកប្រាក់ បាន​ទៅ​លើ​ក្រុម​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ ខេត្ត​ត្បូងឃ្មុំ ។

ជ័យ​លា​ភី​លេខ​២ ទទួល​បាន​ពានប្រាក់​១ អម​ដោយ​ទឹកប្រាក់ បាន​ទៅ​លើ​ក្រុម​សិល្បៈ​អនុ​វិទ្យាល័យ​សម្ដេចឪ មក​ពី​ខេត្ត​ព្រះ​សីហ​នុ ។

ជ័យ​លា​ភី​លេខ​៣ ទទួល​បាន​ពាន​សំរឹទ្ធិ​១ អម​ដោយ​ទឹកប្រាក់ បាន​ទៅ​លើ​ក្រុម​សិល្បៈ​នៃ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​រាជធានី​ភ្នំពេញ ។

ចំណាត់ថ្នាក់​កិត្តិយស​ចំនួន​២​ក្រុម ទទួល​បាន​ប្រកាសនីយបត្រ អម​ដោយ​ទឹកប្រាក់ បាន​ទៅ​លើ​ក្រុម​សិល្ប​អភិវឌ្ឍ​កុមារ និង​យុវជន ពី​ខេត្តកំពង់ស្ពឺ និង​ក្រុម​រស្មី​វប្បធម៌ ពី​ខេត្ត​កែប ។

ព្រឹត្តិការណ៍​វប្បធម៌​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ថែរក្សា ការពារ និង​លើក​ស្ទួយ​ទម្រង់​សិល្បៈ​ល្ខោននិយាយ ដែល​ជា​មរតក​វប្បធម៌​ជាតិ​ដ៏​មាន​តម្លៃ​ពុំ​អាច​កាត់ថ្លៃ​បាន ដោយ​ប្រព្រឹត្ត​ទៅ​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១ ដល​ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០២៦ ដោយ​មាន​វត្តមាន​របស់​ក្រុម​សិល្បករ​ល្ខោននិយាយ ដែល​មក​ពី​បណ្តា រាជធានី​-​ខេត្ត បាន​ដាក់​ពាក្យ​ចូលរួម​ប្រកួតប្រជែង​សមត្ថភាព ។

ក្នុង​ឱកាស​នោះ​លោក​ជំទាវ​អធិបតី បាន​សម្តែង​នូវ​ការ​អបអរសាទរ​ចំពោះ​ក្រុម​សិល្បករ​ល្ខោននិយាយ​ទាំងអស់​ដែល​ទទួល​បាន ជ័យ​លា​ភី​នៅ​ក្នុង​មហោស្រព​នា​ថ្ងៃនេះ ។ ជា​ពិសេស លោក​ជំទាវ​បាន​លើកទឹកចិត្ត​ដល់ ប្អូន​ៗ​ក្រុម​សិល្បករ​ល្ខោននិយាយ ដែល​មិន​ទទួល​បាន​ពានរង្វាន់ និង​សុំ​បន្ត​ការ​ខិតខំ​ប្រឹងប្រែង​បន្ត​ទៀត ដើម្បី​រួមចំណែក​លើក​ស្ទួយ វិស័យ​សិល្បៈ​ទស្សនីយភាព​ឱ្យ​កាន់តែ​រីក​ចំរើន ប្រកបដោយ និរន្តរភាព ។

លោក​ជំទាវ​ឡង​ឌី សាន់​ណា​រ៉ា ថ្លែង​ថា «​មហោស្រព​ល្ខោននិយាយ មិន​គ្រាន់តែ​ជា​វេទិកា​ប្រកួតប្រជែង​យក​ពានរង្វាន់​នោះ​ទេ ប៉ុន្តែ​គឺជា​ទីកន្លែង​ជួបជុំ​សិក្សា​ឈ្វេងយល់​វាស់​ស្ទង់​សមត្ថភាព និង​ការ​ចែករំលែក បទ​ពិសោធន៍ និង​ចំណេះ​ដឹងផង​ដែរ ។ ដូចនេះ​គោលដៅ​សំខាន់​នៃ​ការ​រៀបចំ​មហោស្រព​ល្ខោននិយាយ​នា​ពេល​នេះ គឺ​ដើម្បី​ផ្តល់​ឱកាស​ក្នុង​ការ​សិក្សា​ពី​ចំណុចខ្លាំង និង​ចំណុចខ្សោយ សំដៅ​ពង្រឹងសមត្ថភាព និង​លើកកម្ពស់ វិស័យ​សិល្បៈ​ទស្សនីយភាព​មួយ​នេះ ឱ្យ​កាន់​ទៅ​រីក​ចម្រើន​បន្ថែម​» ៕