មាន សូនីតា បង្ហាញមោទនភាពយ៉ាងខ្លាំង ដែលបាននាំបេក្ខភាព Universal Woman 2026 គ្រងឈុត«ស្បៃខ្មែរ»បង្ហាញមរតកអង្គរទៅកាន់ពិភពលោក
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ តារាសម្តែង មាន សូនីតា ក្នុងនាមបេក្ខភាពបវរកញ្ញាតំណាងប្រទេសកម្ពុជា បានបង្ហាញនូវមោទនភាព និងមានកិត្តិយសយ៉ាងខ្លាំង ដែលនាងបាននាំបេក្ខភាពបវរកញ្ញាជាច្រើនរូបដែលមកពីបណ្តាប្រទេសនានា គ្រងឈុតស្បៃខ្មែរ និងទទួលយកមរតកអង្គរដ៏អស្ចារ្យរបស់កម្ពុជា ។
តារាស្រីរូបនេះបានបង្ហោះរូបភាពជាច្រើនសន្លឹកបង្ហោះនៅលើបណ្តាញសង្គម ដោយនៅក្នុងនោះបេក្ខភាពដែលតំណាងមកពីប្រទេសនានាដែលបានមកចូលរួមកម្មវិធី Universal Women 2026 សុទ្ធតែបានគ្រងឈុតស្បៃខ្មែរយ៉ាងស្រស់ស្អាត ជាមួយទឹកមុខស្រស់ញញឹមថតរូបនៅពីមុខប្រាសាទអង្គរ ។
ជាមួយនឹងរូបភាពខាងលើនេះ មាន សូនីតា ក៏បានភ្ជាប់ជាមួយនឹងសំណេរថា ជាកិត្តិយស និងមោទនភាពដែលបាននាំUniversal Women 2026 មកស្គាល់ និងទទួលយកមរតកអង្គរដ៏អស្ចារ្យរបស់កម្ពុជា ។
នាងបានបញ្ជាក់ថែមទៀតថា នាងខ្ញុំពិតជាមានមោទនភាពណាស់ដែលវប្បធម៌ខ្មែរ សម្បូរបែប ស្រស់ស្អាត ថ្លៃថ្នូរ ទាំងសម្លៀកបំពាក់ប្រពៃណីខ្មែរ ស្បៃ ក្រមា ហូល សុទ្ធតែជារបស់មានតម្លៃ ធ្វើឲ្យគេស្ញើចសរសើរ ។
ដោយឡែកនៅលើផេកផ្លូវការ Universal Woman Cambodia ក៏បានបង្ហោះខ្លឹមសារដោយភ្ជាប់រូបភាពដូចគ្នាខាងលើនេះដែរថា បេក្ខនារីទាំងអស់បានបង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុង សម្លៀកបំពាក់ «ស្បៃខ្មែរ» ដោយបង្ហាញពីភាពថ្លៃថ្នូរ វប្បធម៌ និងមរតកដ៏មានតម្លៃរបស់កម្ពុជា។
ក្តីរំភើប និងក្តីស្រឡាញ់របស់ពួកគេ គឺជាពេលវេលាដ៏ពិសេស នៅពេលបានឃើញអង្គរវត្តដ៏អស្ចារ្យជាលើកដំបូង។ ពេលវេលាដ៏ស្រស់ស្អាត ដែលពិភពលោកបានមកជួបជាមួយ ព្រះរាជាណាចក្រអច្ឆរិយៈ។
គួរបញ្ជាក់ថា ប្រទេសកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតសម្រស់អន្តរជាតិ Universal Woman 2026 ដែលមានបេក្ខនារីមកពី ៤៧ ប្រទេសចូលរួម ដោយកម្មវិធីចាប់ផ្តើមពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៦។
តារាសម្តែង មាន សូនីតា ត្រូវបានជ្រើសរើសជាបេក្ខភាពតំណាងឲ្យប្រទេសកម្ពុជានៅក្នុងការប្រកួតមួយនេះ ហើយដែលជាការចាប់អារម្មណ៍នោះនាងបានរៀបចំនូវកាដូអនុស្សាវរីយ៍ដ៏មានន័យបញ្ជាក់ពីអត្តសញ្ញាណខ្មែរ គឺជាក្រមាខ្មែរទុកជូនដល់បេក្ខភាពបវរកញ្ញាមកពីប្រទេសផ្សេងៗផងដែរ ។
ក្រោយគ្រងម្កុដតំណាងកម្ពុជាចូលរួមប្រកួតកម្មវិធីខាងលើនេះ មាន សូនីតា បានលើកឡើងថា មួយជំហានសម្រាប់ទៅកាន់ទំព័ថ្មី អបអរសាទរខ្លួនឯង ចំពោះគ្រប់ការខិតខំ និងក្តីស្រមៃដែលបាននាំខ្ញុំមកដល់ពេលវេលាដ៏មានន័យនេះ ។
នាងបញ្ជាក់ថា រ៉ូបដ៏ប្រណិតភាពស្រស់ស្អាតរបស់នាងខ្ញុំគឺផុសចេញពីបេះដូង និង ពេលវេលាដ៏មានតម្លៃ មិនត្រឹមតែបង្ហាញពីភាពស្រស់ស្អាតនោះទេ ប៉ុន្តែជាការរំលឹកថា ភាពជឿជាក់ ប្រាជ្ញា និងគោលបំណង ភាពស្វាហាប់ ការតាំងចិត្ត ក្នុងការសម្រេចគោលដៅ របស់ស្ត្រីគ្រប់រូប ដើម្បីបំពេញក្ដីស្រមៃខ្លួនឯង ការចែករំលែកនូវបទពិសោធន៍ ភាពក្លាហាន ខ្ញុំធ្វើបាន អ្នកក៏ធ្វើបាន ដែលមានតម្លៃបំផុត ៕







ចែករំលែកព័តមាននេះ