ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរជាតិ​​អប្សរា ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះ​សិរ និង​បើកព្រះនេត្រ​ចម្លាក់​ទេព ចំនួន​២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរធំ

1 អាទិត្យ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រារព្ធ​ពិធី​ប្រោះព្រំ​ភ្ជាប់​ព្រះ​សិរ​និង​បើកព្រះនេត្រ​ចម្លាក់​ទេព​ចំនួន​២ ក្រោម​យុទ្ធនាការ «​ព្រលឹង​ត្រឡប់​មក​ទីតាំង​ដើម​វិញ​» នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរធំ នា​ព្រឹក​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០២៦​។ ពិធី​ភ្ជាប់​ព្រះ​សិរ​និង​បើកព្រះនេត្រ​ចម្លាក់​ទេព​នេះ បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​លោក​ជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ដោយ​មានការ​និមន្ត​ចូលរួម​ពី​សម្ដេចព្រះ​ព្រហ្ម​រតន​មុនី ពិន សែ​ម លោក Flavio BONETTI តំណាង​អង្គការ UNESCO ប្រចាំ​កម្ពុជា លោកស្រី Katherine Diop ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​កម្ពុជា ថ្នាក់ដឹកនាំ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ អគ្គនាយក អគ្គនាយករង តំណាង​រដ្ឋបាល​ខេត្តសៀមរាប ថ្នាក់ដឹកនាំ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា និង​មន្ត្រី​-​បុគ្គលិក​ជា​ច្រើន​រូប​ទៀត​។

លោក​ជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ថ្លែង​ថា ពិធី​ភ្ជាប់​ព្រះ​សិរ និង​បើកព្រះនេត្រ​ចម្លាក់​ទេព ចំនួន​២ នៅ​ខ្លោងទ្វារ​ជ័យ នា​ក្រុង​អង្គរធំ​ថ្ងៃនេះ គឺ​មាន​អត្ថន័យ​យ៉ាង​ខ្លាំង​សម្រាប់​មហានគរ​ខ្មែរ​។ ពិធី​នេះ​មាន​សារៈសំខាន់ ដោយ​បាន​នាំ​ព្រលឹង​របស់​ដូនតា​ខ្មែរ​ឱ្យ​វិល​ត្រឡប់​មក​ជួយ​ថែរក្សា​អង្គរ​ឡើង​វិញ​ព្រមទាំង​មាន​សន្តិភាព ដោយហេតុ​ថា​ខ្លោងទ្វារ​ជ័យ​ជាទី​តាំង​ប្រវត្តិសាស្ត្រ ដែល​ព្រះមហាក្សត្រ​ខ្មែរ​រមែង​ប្រារព្ធ​ធ្វើ​ពិធី​សំខាន់​ៗ ដូច​ជា​ពិធី​គ្រងរាជ្យ និង​ពិធី​យាង​ទៅ​សមរភូមិ ជាដើម​។ ជាមួយ​គ្នា​នេះ​ដែរ ការ​រៀបចំ​ឡើង​វិញ​នូវ​ព្រះ​សិរ​ទេព និង​អសុ​រៈទាំង​នេះ គឺជា​ការ​បន្ថែម​ឱ្យ​មាន​សោភ័ណ​ភាព​ស្រស់​ស្អាត ដែល​នឹង​ក្លាយជា​ផលិតផល​ថ្មី ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ ក៏​ដូច​ជា​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​បាន​ទៅ​ធ្វើ​សក្ការៈបូជា​ផង​ដែរ​។

លោក​ជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿ​ង ស​កុ​ណា បញ្ជាក់​ទៀត​ថា​អត្ថន័យ​ដ៏​សំខាន់ គឺ​ចម្លាក់​ទេព និង​អសុ​រៈទាំង​អស់ ដែល​នៅ​អម​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរធំ​នេះ បាន​ឆ្លងកាត់​ប្រវត្តិសាស្ត្រ​ទាំង​គ្រា​លំបាក និង​គ្រា​រុងរឿង ក៏​ដូច​ជា​ឆ្លងកាត់​សង្គ្រាម​ជា​ច្រើន​ជំនាន់​មក​ហើយ ដោយនៅ​តែ​បន្ត​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​កាលៈទេសៈ បើ​ទោះបីជា​ចម្លាក់​ជា​ច្រើន​មានការ​បាត់បង់​ផ្នែក​ខ្លះ​នៃ​រាង​កាយ​ក៏​ដោយ​ក្តី​។

នៅ​អម​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរធំ មាន​ចម្លាក់​ទេវៈ និង​អសុ​រៈ​ទាញព្រ័ត្រ សរុប​ទាំងអស់​ចំនួន​១០៨​។ ដោយសារ​សង្គ្រាម​ជា​ច្រើន​ជំនាន់ មានការ​បំផ្លិចបំផ្លាញ​បាន​ធ្វើ​ឱ្យ​ព្រះ​សិរ​ចម្លាក់​ដែល​ធ្វើ​ពី​ថ្មភក់​ទាំងនេះ​បាន​បាត់បង់​ស្ទើរ​ទាំងស្រុង ដោយ​បែកខ្ញែក​ទៅ​កាន់​ទីតាំង​ជា​ច្រើន​ផ្សេង​ៗ​គ្នា ក្នុង​នោះ​មួយ​ចំនួន​ស្ថិត​នៅ​ទីតាំង​នានា​ក្នុង​ប្រទេស​កម្ពុជា និង​មួយ​ចំនួន​ទៀត​ស្ថិត​នៅ​បរទេស​ផង​ដែរ​។ ប៉ុន្តែ​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ អាជ្ញាធរ​ជាតិ​អប្សរា ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដោយ​មានការ​ចូលរួម​ពី​បណ្ដា​ប្រទេស​ជា​មិត្ត មាន​ដូច​ជា អង្គការ UNESCO ប្រទេស​បារាំង ជប៉ុន និង​សហរដ្ឋ​អាម៉េរិក ជាដើម បាន​ប្រឹងប្រែង​ស្វែងរក​ប្រមូល​ព្រះ​សិរ​ចម្លាក់​ទេវៈ និង​អសុ​រៈទាំង​នេះ​ត្រឡប់​មក​វិញ ដោយ​ខ្លះ​បាន​ពី​ការ​ស្រាវជ្រាវ​ធ្វើ​កំណាយ​រក​ឃើញ​មក​វិញ ខ្លះ​រក្សា​ទុក​នៅ​អភិរក្ស​ដ្ឋា​ន​អង្គរ ខ្លះ​រក្សា​ទុក​នៅ​សារមន្ទីរ​នានា និង​មួយ​ចំនួន​ទៀត​បាន​ពី​ការ​ទាមទារ​ពី​បរទេស ដើម្បី​យក​មក​តម្កល់​នៅ​ទីតាំង​ដើម​វិញ​។ បច្ចុប្បន្ន​យើង​បាន​រក​ឃើញ​ព្រះ​សិរ ដែល​បាត់​ស្ទើរតែ​គ្រប់​វិញ​ហើយ គឺ​នៅ​បាត់​តែ​ព្រះ​សិរ ចំនួន​៣​ទៀត​ប៉ុណ្ណោះ ដែល​កំពុង​តម្កល់​នៅ​សារមន្ទីរ​នៅ​ក្រៅប្រទេស ហើយ​យើង​កំពុង​ខិតខំ​ស្វែងរក​និង​ចរចា ដើម្បី​សុំ​ឱ្យ​បញ្ជូន​ត្រឡប់​មក​វិញ​នា​ពេល​ខាង​មុខ​។

លោក Flavio BONETTI តំណាង​អង្គការ​UNESCO ប្រចាំ​កម្ពុជា​បាន​បង្ហាញ​ការ​ពេញចិត្ត​ចំពោះ​ការ​ប្រារព្ធ​ពិធី​ប្រោះព្រំ​ភ្ជាប់​ព្រះ​សិរ និង​បើកព្រះនេត្រ​ចម្លាក់​ទេព​ចំនួន​២​នេះ ដែល​ជា​សក្ខីភាព និង​ការ​គោរព​បូជា​ចំពោះ​វប្បធម៌​របស់​ខ្មែរ ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​របស់​ពិភពលោក​។ អង្គការ UNESCO នៅ​តែ​បន្ត​គាំទ្រ​កម្ពុជា តាម​រយៈ​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរ តាំងពី​ឆ្នាំ​១៩៩៣ ហើយ UNESCO មាន​មោទនភាព​ចំពោះ​ការងារ​ថែរក្សា អភិរក្ស​អង្គរ​ជា​ច្រើន ដែល​បាន​ធ្វើ​រួម​គ្នា​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ជាង​៣០​ឆ្នាំ​មកនេះ​។

ចំណែក លោកស្រី Katherine Diop ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​កម្ពុជា ឱ្យ​ដឹង​ថា សហរដ្ឋអាមេរិក គឺជា​ដៃគូ ដែល​មាន​ទំនាក់ទំនង​យ៉ាង​សំខាន់ នៅ​ក្នុង​អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា​ផ្នែក​សម្បត្តិ​វប្បធម៌​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​អា​មេ​រិ​ក​។ ជា​ច្រើន​ឆ្នាំ​មក​ហើយ​សហរដ្ឋអាមេរិក គឺជា​ផ្នែក​មួយ​នៃ​កិច្ច​សម្របសម្រួល​និង​ការ​ខិតខំ​ប្រឹងប្រែង​ធ្វើ​មាតុភូមិនិវត្តន៍​វត្ថុ​សិល្បៈ​បុរាណ​ជា​ច្រើន​ឱ្យ​វិល​ត្រឡប់​មក​កម្ពុជា​ដែល​ជា​ទឹកដី​កំណើត​វិញ​។ ជា​ច្រើន​ឆ្នាំ​មកនេះ ក្រោម​កិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ គឺ​អា​មេ​រិ​កបាន​បញ្ជូន​វត្ថុ​បុរាណ​សិល្បៈ​ចំនួន​ប្រមាណ​ជា ៩០០ ឱ្យ​វិល​ត្រឡប់​មក​កម្ពុជា​វិញ​។

យុទ្ធនាការ «​ព្រលឹង​ត្រឡប់​មក​ទីតាំង​ដើម​វិញ» បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ថា​ព្រះរាជាណាចក្រ​កម្ពុជា​មាន​សុខ​សន្តិភាព និង​សុវត្ថិភាព​ពេញលេញ ដែល​អាច​អនុញ្ញាត​ឱ្យ​អ្នក​ថែរក្សា​សម្បត្តិ​បេតិកភណ្ឌ អាច​យក​រូបចម្លាក់​ទាំងនេះ​ទៅ​ដាក់​នៅ​តាម​ទីតាំង​ដើម​វិញ​បាន ជា​ពិសេស​ស្រប​ទៅ​តាម​ទស្សនៈ​គោលនយោបាយ​ថ្មី​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ក្នុង​កិច្ច​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​៕