ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​ស៊ី​សុវត្ថិ ជីវ័ន​មុនី​រក្ស ជា​តួអង្គ​ខ្មែរក្រហម​ក្នុង​រឿង «​វាល​ពិឃាដ​»

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ចាត់ទុកជា​អនុស្សាវរីយ៍ និង​ជា​ប្រវត្តិសាស្ត្រ​ដ៏​គួរ​ឱ្យ​ចង​ចាំ​នូវ​វត្តមាន​របស់​សម្តេច​ស៊ី​សុវត្ថិ ជីវ័ន​មុនី​រក្ស ព្រះរាជ​បុត្រា​ពៅ​នៃ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​ស៊ី​សុវត្ថិ មុនី​វង្ស បាន​ចូលរួម​សម្ដែង​ក្នុង​ខ្សែភាពយន្ត​ឯកសារ​ខ្នាត​អន្តរជាតិ​រឿង​«​វាល​ពិឃាដ​» ដែល​បាន​ថត​នៅ​ឆ្នាំ​១៩៨៣ ។ សាច់​រឿង​រៀបរាប់​ពី​ដំណើរ​​ផ្សងព្រេង​ដ៏​សែន​រន្ធត់​របស់​អ្នកកាសែត​ឌិ​ត ប្រ​ន់ ក្នុង​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម​អំឡុង​ពី​ឆ្នាំ​១៩៧៥-១៩៧៩ ។

តួអង្គ​សំខាន់​នៅ​ក្នុង​រឿង​នេះ គឺ​លោក​ហាំ​ង ង៉ោ បាន​ទទួលមរណភាព​ទៅ​ហើយ ។

បើ​តាម​ក្រុម​ដំណើរ​ខ្មែរ​ឱ្យ​ដឹង​ថា ក្នុង​ខ្សែភាពយន្ត​ឯកសារ​វាល​ពិឃាដ សម្តេច​ស៊ី​សុវត្ថិ ជីវ័ន​មុនី​រក្ស បាន​ចំណាយពេល​ចូលរួម​សម្ដែង​រយៈពេល​ជិត​៤​ស​ប្តា​ហ៍ ក្នុង​នាម​ជា​តួអង្គ​ខ្មែរក្រហម​ចិត្តល្អ​ម្នាក់ ។

សម្តេច​ស៊ី​សុវត្ថិ ជីវ័ន​មុនី​រក្ស ជា​អាកាសយានិក​ដ៏​ល្បី​មួយ​រូប​កាលពី​សម័យ​សង្គមរាស្ត្រនិយម ។ សម្តេច​មានភ័ព្វ​សំណាង​ខ្ពស់​ណាស់​បាន​រួច​ផុត​ព្រះ​ជន្ម​ពី​ការ​ធ្វើគុត​ក្នុង​របប​ខ្មែរក្រហម ដោយ​ព្រះ​អង្គ​បាន​យាង​ចេញពី​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​១៩៧៣ ទៅ​គង់នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន , ប្រទេស​យូ​ហ្គោ​ស្លា​វី , ប្រទេស​បារាំង ។ ចុង​ក្រោយ​បាន​យាង​ទៅ​គង់នៅ​សហរដ្ឋអាមេរិក​នា​អំឡុង​ឆ្នាំ​១៩៨២ ។

នៅ​ខែឧសភា ឆ្នាំ​១៩៨៣ សម្តេច​ស៊ី​សុវត្ថិ ជីវ័ន​មុនី​រក្ស បាន​យាង​ចូលរួម​ថត​ខ្សែភាពយន្ត​វាល​ពិឃាដ តាម​ការ​អ​ញ្ជេ​ី​ញ​របស់​ផលិតករ Roland joffe ក្រោយ​ពី​ពេល​ដែល​នាង​កញ្ញា Neevy Pal ជំនួយការ​ផលិត​បាន​ផ្តល់​ព័ត៌មាន​ទាំងអស់​របស់​សម្តេច​ទៅ​ឱ្យ​ផលិតករ ។

ខ្សែភាពយន្ត​រឿង​វាល​ពិឃាដ ដឹកនាំ​ដោយ​លោក Roland joffe បាន​ថត​នៅ​ប្រទេស​ថៃ និង​កា​ណា​ដា ដោយ​ចំណាយ​ប្រាក់​អស់​១៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក ។

កាលពី​ឆ្នាំ​១៩៦៥ សម្តេច​ស៊ី​សុវត្ថិ ជីវ័ន​មុនី​រក្ស ធ្លាប់​សម្ដែង​ជា​តួឯក​ក្នុង​ខ្សែភាពយន្ត​រឿង​អប្សរា ជា​ព្រះរាជ​វណ្ណ​កម្ម​របស់​សម្តេចព្រះ​នរោត្តម សីហ​នុ ព្រះ​បរម​រតន​កោដ្ឋ ។

សម្តេច​ស៊ី​សុវត្ថិ ជីវ័ន​មុនី​រក្ស បាន​សោយ​ទិវង្គត​នៅ​វេលា​ម៉ោង​១០ និង​៤៥​នាទី​ព្រឹក ថ្ងៃ​ពុធ ទី​២៨ ខែធ្នូ ឆ្នាំ​២០១៦ ក្នុង​រាជធានី​ភ្នំពេញ ដោយ​ព្រះ​រោគាពាធ ៕