មកស្គាល់ម្ចាស់បទ «ដៃសមុទ្រត្រពាំងរូង» អ្នកស្រី កែវ សុខា តារាចម្រៀងជើងចាស់ដែលមានសំនៀងប្លែកពីគេ
- ភ្នំពេញ
រាជធានីភ្នំពេញ៖ អ្នកស្រីកែវ សុខា ជាតារាចម្រៀងដ៏ល្បីមួយរូបប្រចាំក្រុមតន្ត្រីវិទ្យុជាតិ ។ តារាចម្រៀងរូបនេះមានទឹកដមសំនៀងពីរោះមួយបែប ប្លែកពីតារាចម្រៀង ល្បីៗឯទៀត ។
លោកស្រីកែវ សុខា បើតាមក្រុមស្រាវជ្រាវដំណើរខ្មែរ ឱ្យដឹងថា ជាប្អូនស្រីបង្កើតរបស់តារាភាពយន្តកែវ មន្ថា និងជាកូនស្រីរបស់លោក សង្ហាខុន និងលោកស្រីយស សម្បត្តិ សិល្បករអាយ៉ៃដ៏ល្បីល្បាញប្រចាំប្រទេសកម្ពុជា ។
អ្នកស្រីកែវ សុខាចូលប្រឡូកក្នុងវិស័យសិល្បៈចម្រៀងនៅដើមទសវត្ស៦០ជាបុគ្គលិកនៃវង់តន្ត្រីវិទ្យុជាតិ ដំណាលលោកអ៊ឹង សុងសឺម ។ អ្នកស្រីមានសំណាងបានច្រៀងបទស្នាដៃនិពន្ធរបស់លោកម៉ា ឡៅពី ,លោកពៅ ស៊ីផូ ,លោកសុះ ម៉ាត់ ,លោកស៊ីន ស៊ីសាមុត និងលោកឯម វណ្ណថុន ជាដើម ។
ក្នុងចំណោមបទចម្រៀងជាច្រើនបទដែលអ្នកស្រីកែវ សុខា បានច្រៀងផ្សាយតាមរលកវិទ្យុជាតិ បទចម្រៀងល្បីបំផុតក្នុងជីវិតសិល្បៈរបស់អ្នកស្រី មានបទក្លិនជាប់នាសា ,បទ សន្សើមដួងចិត្ត(ដែលទើបរកឃើញ ថ្មីៗនេះ) និងបទដៃសមុទ្រត្រពាំងរូង ដែលបាត់សំឡេងដើមទៅហើយ ។
ចម្រៀងរបស់អ្នកស្រីកែវ សុខា ដែលនៅសេសសល់ មានដូចជា បទអនុស្សាវរីយ៍ស្រុកសៀងប៉ាង ,បទវាលកន្សែង ,បទផាត់ពពក , បទស្រណោះក្អមទឹក ,បទវីយូឡុងស្នេហា , បទបេះផ្កាស្លា ,បទសារ៉ាវ៉ាន់ស្រុកខ្មែរលើ, បទ ចុងស្រល់ ,បទរាំឆាឆាឆា ,បទផ្កាចំប៉ាខែក(ជាមួយលោកពេជ្រ សាមឿន) បទត្រីស្រែ(ឆ្លងឆ្លើយជាមួយលោកអុឹម សុងសឺម) បទក្តាមស្រែ (ឆ្លងឆ្លើយជាមួយលោកអុឹម សុងសឺម) ជាដើម ។
ក្រុមដំណើរខ្មែរបន្តថា ក្រៅពីបទដៃសមុទ្រត្រពាំងរូង ដែលបាត់បង់ទៅ នៅមានចម្រៀងជាច្រើនទៀតរបស់អ្នកកែវ សុខា ដែលបាត់បង់ទៅដែរ ដូចជា បទ ថ្ងៃលិចនៅជើងភ្នំ , បទ គួរស្លុតចិន្តា , បទ សម្រស់អង្គរពេលសាយ័ណ្ហ , បទរំដួលស្ទឹងត្រែង , បទស្រណោះអូរសោម , បទ នារីអភ័ព្វវាសនា , បទសេកនិងបង្គង , បទស្បៃស្នេហា ,បទញញឹមដើម្បីបង ,បទ ទេសភាពមណ្ឌលគិរី ,បទកោះត្រល់ ,បទ ខ្យល់ភ្នំបូកគោ ,បទក្អែកចូលក្នុងហ្វូងហង្ស ,បទ លើកដៃរាំ ,បទគិរីរម្យដួងចិត្ត , បទលាបងទៅច្បាំង ជាដើម ។
អ្នកស្រី កែវ សុខា បានទទួលមរណភាពក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ៕



ចែករំលែកព័តមាននេះ