ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាសាទ​ចម្បង​៣​នៃ​រាជធានី​ដំបូង​បង្អស់​នា​សម័យ​អង្គរ

2 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប​៖ ប្រាសាទ​ចម្បង​នៃ​រាជធានី​ហរិ​ហ​រា​ល័យ ដែល​ទេសចរ​មិន​គួរ​មើល​រំលង​មាន​ចំនួន​៣ ។ រាជធានី​ហរិ​ហ​រា​ល័យ​នេះ​គឺជា​រាជធានី​ដើមដំបូង​នៃ​សម័យ​មហានគរ ។

ប្រាសាទបាគង ប្រាសាទ​ព្រះ​គោ និង​ប្រាសាទលលៃ ស្ថិត​នៅ​តំបន់​រលួស ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។ បើ​តាម​វិទ្យាស្ថាន​មនុស្ស​សាស្ត្រ និង​វិទ្យាសាស្ត្រ​សង្គម ប្រាសាទ​ទាំង​៣​នេះ​គឺជា​សំណង់​សាសនា និង​ស្ថាបត្យកម្ម​ដ៏​សំខាន់​នៃ​រាជធានី​ហរិ​ហ​រា​ល័យ ដែល​ជា​មជ្ឈមណ្ឌល​នយោបាយ និង​សាសនា​ដ៏​រុងរឿង​មួយ​របស់​អាណាចក្រ​ខ្មែរ​នា​សតវត្សរ៍​ទី​៩ មុន​ពេល​ព្រះបាទ​យ​សោ​វរ្ម័ន​ទី​១ ផ្លាស់​ប្តូរ​រាជធានី​ទៅ​តំបន់​អង្គរ ។

បើ​តាម​អាជ្ញាធរ​ជាតិ​អប្សរា ប្រាសាទបាគង ប្រាសាទ​ព្រះ​គោ ប្រាសាទលលៃ រួម​និង​ប្រាសាទ ផ្សេង​ៗ​ទៀត​ដែល​នៅ​ក្បែរ​នោះ សុទ្ធ​សឹង​ស្ថិត​នៅ​ក្នុង​រាជធានី​ហរិ​ហ​រា​ល័យ ដែល​ជា​អតីត​រាជធានី​ដើម​សម័យ​អង្គរ ។

ប្រាសាទបាគង គឺជា​ប្រាសាទភ្នំ សង់​លើ​ខឿន​បី​ជាន់ ក្នុង​រាជ​កាល​ព្រះបាទ ឥន្ទ្រ​វរ្ម័ន​ទី​១ ។ ក្រៅពី​សំណង់​ប្រាសាទ​ថ្មភក់​នៅ​កណ្តាល ជុំវិញ​ក៏​មាន​ប្រាង្គ​ឥដ្ឋ​មួយ​ចំនួន ។ តាម​រយៈ​ការ​យកចិត្តទុកដាក់​លើ​ការងារ​អភិរក្ស និង​ជួសជុល​ឡើង​វិញ​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា ប្រាសាទ​កណ្តាល ក៏​ដូច​ជា​ប្រាង្គ​ឥដ្ឋ​មួយ​ចំនួន បាន​ឈរ​រឹង​មាំ​ឡើង​វិញ សម្រាប់​ការ​ទស្សនា ការ​សិក្សា និង​ស្រាវជ្រាវ ។

ប្រាសាទបាគង ត្រូវ​បាន​ចាត់ជា​ប្រាសាទ​មួយ​ដ៏​មានការ​ទាក់ទាញ​ពី​ភ្ញៀវ​ទេសចរ​នៅ​តំបន់​រលួស ។ ក្រៅពី​ប្រាសាទ ក៏​មាន​ទីតាំង​សិប្បកម្ម​ស្បែក ចម្លាក់​ថ្ម កុលាលភាជន៍ និង​ទេសភាព​វប្បធម៌​ជុំវិញ​សហគមន៍ ដែល​ទេសចរ​បាន​ចូល​ទស្សនា​ជា​ហូរហែ​មិន​ដាច់ ។
ប្រាសាទបាគង កសាង​ក្នុង​រជ្ជកាល​ព្រះបាទ​ឥន្ទ្រ​វរ្ម័ន​ទី​១ នៅ​ឆ្នាំ​៨៨១ ។ ប្រាសាទ​នេះ​ជា​ប្រាសាទភ្នំ​ដ៏​សំខាន់​មួយ ដែល​មាន​សំណង់​ជា​ពីរ៉ាមីត​ប្រាំ​ថ្នាក់ ។

ច​ណែ​ក​ប្រាសាទ​ព្រះ​គោ កសាង​ក្នុង​រជ្ជកាល​ព្រះបាទ​ឥន្ទ្រ​វរ្ម័ន​ទី​១ និង​ឧទ្ទិស​ដល់​បុព្វបុរស នៅ​ឆ្នាំ​៨៧៩ ។ ប្រាសាទ​នេះ​មាន​ប្រាង្គ​ឥដ្ឋ​ចំនួន​ប្រាំមួយ ។

ចំណែក​ប្រាសាទលលៃ កសាង​ក្នុង​រជ្ជកាល​ព្រះបាទ​យ​សោ​វរ្ម័ន​ទី​១ នៅ​ឆ្នាំ​៨៩៣ នៃ​គ្រឹ​ស្ត​សករាជ ដើម្បី​ឧទ្ទិស​ដល់​បុព្វបុរស ។ ប្រាសាទ​នេះ​មាន​ប្រាង្គ​ឥដ្ឋ​ចំនួន​បួន ដែល​ស្ថិត​នៅ​កណ្ដាល​បារាយណ៍​ឥន្ទ្រ​ត​ដាក ៕