នាដការីរបាំបុរាណ ចាប ចំរើនតុលា មិនពេញចិត្តការប្រើបញ្ញាសិប្បនិម្មិតជំនួសសិល្បករ
- ភ្នំពេញ
រាជធានីភ្នំពេញ៖ នាដការបាំបុរាណ ចាប ចំរើនតុលា បានសម្ដែងការមិនពេញចិត្តចំពោះការប្រើប្រាស់បញ្ញាសិប្បនិមិ្មត (Ai) ជំនួសឲ្យការសម្តែងផ្ទាល់របស់អ្នកសិល្បៈ ។ នាងចាត់ទុកថា សកម្មភាពនេះមិនបានជួយលើកស្ទួយសិល្បៈវប្បធម៌ឡើយ ផ្ទុយទៅវិញវាកាន់តែអន់ថយ ។
ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (Ai) ជំនួសការសម្ដែងរបស់អ្នកសិល្បៈ ធ្វើឲ្យអ្នកសិក្សាទាំងសិល្បៈបុរាណ និងទំនើបកាន់តែខ្សត់ទៅផងដែរ ព្រោះត្រូវចំណាយពេលរៀនច្រើនឆ្នាំ ប៉ុន្តែមិនមានទីផ្សារការងារ ។
កាលពីថ្ងៃទី១១ វិច្ឆិកា ២០២៦ អ្នកនាង ចាប ចំរើនតុលា សរសេរថា «កុំឆ្ងល់ថាហេតុអ្វីសិល្បៈវប្បធម៌កាន់តែអន់ថយ ដូនតាយើងបានបន្សល់កេរមតកជាច្រើនតាមមធ្យោបាយ ផ្សេងៗ ។ ចង់ឱ្យសិល្បៈបន្តរស់រានត្រូវពឹងលើមនុស្សជាកត្តាចម្បង ។
សព្វថ្ងៃនេះមិនថាសិល្បៈបុរាណ ឬក៏ទំនើបទេ កាន់តែ ខ្សត់ៗទៅ បញ្ហាចម្បងគឺបរិបទសង្គម ។
សិស្សសិល្បៈរៀនអស់រាប់ឆ្នាំ តែមិនមានទីផ្សារ មិនថារបាំ គំនូរ តន្ត្រី ព្រោះថាបើបន្តរៀនទៀតមិនដឹងយកទៅប្រើនៅទីណា ដោយសារតែសព្វថ្ងៃគេនិយមតែបញ្ញាសិប្បនិមិ្មត (Ai) ជំនួសវិញ ព្រោះវាដើរលឿន តែមិនប្រាកដថាត្រូវ តែមនុស្សមួយក្រុមតូចនៅតែបន្តប្រើប្រាស់ ។
មនុស្សមានចិត្ត បេះដូង បើប្រើក្នុងកម្មវិធីសាមញ្ញ ដូចជាមិនអីទេ តែនេះកម្មវិធីថ្នាក់ជាតិធំជាប្រវត្តិសាស្ត្រ គេនាំគ្នាប្រើសិប្បនិមិ្មិត (Ai) ព្រោងព្រាត ។ តើមានគិតទេថាសក្ដិសម ឬអត់ គួរយកពេលគិតពិចារណារថាគួរធ្វើអ្វីឱ្យចំណេញដល់ប្រទេស ព្រមទាំងបង្ហាញបានថាជាប្រទេសដើមនៃឫសគល់សិល្បៈវប្បធម៌ដែលមានវ័យចំណាស់នៅអាស៊ី ។ គិតមុខមាត់ជាតិខ្មែរផង !» ។
អ្នកនាងចាប ចំរើនចរិយា យល់ថា កិច្ចការនេះមិនត្រឹមតែជាកាតព្វកិច្ចរបស់ស្ថាប័នរដ្ឋ ឬអ្នកជំនាញពាក់ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែគឺជា ភារកិច្ចដ៏ពិសិដ្ឋរបស់កូនខ្មែរគ្រប់រូប ។
ការពារបេតិកភណ្ឌវប្បធម៌ គឺ«ការពារជាតិខ្លួនឯង» ។ ទឹកដី និងព្រំដែនអាចការពារដោយកម្លាំងកាយ ប៉ុន្តែអត្តសញ្ញាណ និងកិត្តិយសរបស់ជាតិ គឺត្រូវការពារដោយស្មារតីស្នេហាជាតិ និងការចូលរួមយ៉ាងសកម្មពីកូនខ្មែរគ្រប់រូប តាមរយៈការស្រឡាញ់ ការឈ្វេងយល់ និងការផ្សព្វផ្សាយមរតកដូនតាយើងទៅកាន់ពិភពលោក ៕











ចែករំលែកព័តមាននេះ