ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេជ្រ ចរណៃ បញ្ជាក់​បំភ្លឺ​ការ​យល់​ច្រឡំ​មួយ

4 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ តារា​សម្តែង និង​គ្រូ​ក្បាច់គុន​ល្បុក្កតោ​កញ្ញា​ពេជ្រ ចរណៃ បាន​បដិសេធ​ការ​ភាន់ច្រឡំ​ពី​មជ្ឈដ្ឋាន​មួយ​ចំនួន​ដែល​លើក​ឡើង​ថា នាង​គឺជា​ម្ចាស់​ហាង​លក់​ត្រី​ត្រោ​ត​ជំនួស​ត្រី​សាល់​ម៉ុ​ន ដែល​បោកប្រាស់​អតិ​ជន​នា​ពេល​កន្លង​មក ។

កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ​តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​បង្ហោះ​លើ​បណ្តាញ​សង្គម កញ្ញា​ពេជ្រ ចរណៃ លើក​ឡើង​ថា កន្លង​មក​នាង​មិន​ដែល​ចង់​យក​បណ្តាញ​សង្គម​មក​ជជែក​វែកញែក​អ្វី​ឡើយ ប៉ុន្តែ​ពេល​នេះ​នាង​ត្រូវ​តែ​ចេញ​មក​និយាយ ដើម្បី​រក​ភាព​ស្អាតស្អំ ក៏​ដូច​ជា​បង្ហាញ​ទៅ​ដល់​អ្នក​យល់​ច្រឡំ​លើ​រូប​នាង ។

តាម​ពិត​រឿង​នេះ​បាន​កើតឡើង​យូរហើយ មិន​គួរ​លើក​និយាយ​ទៀត​ទេ ប៉ុន្តែ​រឿង​យល់​ច្រឡំ​នេះ​បន្ត​រហូត​មក​ដល់​បច្ចុប្បន្ន ជា​ហេតុ​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​មិន​សប្បាយចិត្ត និង​មាន​បុគ្គល​មួយ​ចំនួន​នៅ​តែ​យល់​ខុស​លើ​រូប​នាង ។

កញ្ញា​ពេជ្រ ចរណៃ បញ្ជាក់​ថា «​បងប្អូន​ប្រាកដជា​បានដឹង​ពី​ហេតុការណ៍​ឆេះ​ហាង​ដែល​នាង​ខ្ញុំ​បើក​នា​ពេល​កន្លង​មកហើយ ​ក្រោយ​ហេតុការណ៍​នេះ​បាន​កើតឡើង នាង​ខ្ញុំ​ក៏​បាន​រក​ទីតាំង​ថ្មី​ផ្សេង​ទៀត​ដើម្បី​បើកមុខ​របរ​នេះ​ជា​ថ្មី ប៉ុន្តែ​នៅ​ពេល​ដែល​ហាង​នាង​ខ្ញុំ​បាន​ដំណើរការ​នោះ​ក៏​មាន​បងប្អូន​មួយ​ចំនួន​ចូល​ទៅ​ខំ​មិន​ដោយ​សម្តែង​ការ​មិន​គាំទ្រ ព្រោះ​ការ​យល់​ច្រឡំ​មក​លើ​នាង​ខ្ញុំ​ថា​ជា​មនុស្ស​ដែល​បោកប្រាស់​ចំពោះ​ការ​លក់​ត្រី​ត្រោ​ត​ជាដើម ។​ល​។

បញ្ហា​នេះ​គឺជា​រឿង​អយុត្តិធម៌​សម្រាប់​ខ្ញុំ​ណាស់ ព្រោះ​ហេតុការណ៍​ដែល​បាន​កើតឡើង​នោះ​នាង​ខ្ញុំ​កំពុង​ជាប់​ហាត់​កងទ័ព​នៅ​លើ​ភ្នំ​នៅឡើយ ដូច្នេះ​ខ្ញុំ​មិន​បានដឹង​រឿង​អស់ទាំង​នេះ ធ្វើ​ឲ្យ​ខ្ញុំ​ចេញ​មក​បកស្រាយ​យឺត​ពេល​បន្តិច ហើយ​ធ្វើ​ឲ្យ​បងប្អូន​ជា​ច្រើន​យល់​ច្រឡំ​ថា ខ្ញុំ​ពិតជា​ម្ចាស់​ហាង​មួយ​ហ្នឹង ។

នាង​ខ្ញុំ​សុំ​បដិសេធ​មិនមែន​ជា​ម្ចាស់​ហាង​មួយ​នេះ​ឡើយ គឺ​នាង​ខ្ញុំ​ជា​ម្ចាស់​ហាង​ឈ្មោះ​ថា «​អាហារ​ដ្ឋា​ន ចរណៃ​» ដែល​មាន​អាហារ កាហ្វេ និង​ការ​ហាត់​ក្បាច់គុន ខណៈ​ពេល​ដែល​ហាង​របស់​នាង​ខ្ញុំ​ក៏​បាន​ប្តូរ​ទីតាំង​ហើយ​ដែរ ។

នាង​ខ្ញុំ​សូម​បញ្ជាក់​ជា​ថ្មី​ម្តងទៀត​ថា នាង​ខ្ញុំ​មិនមែន​ជា​ម្ចាស់​ហាង​ឈ្មោះ​ចរណៃ​ត្រី​សាល​ម៉ុ​ន នេះ​ឡើយ ហេតុ​ដូច្នេះ​សុំ​បងប្អូន​មានការ​យោគយល់ និង​កុំ​មានការ​ភាន់ច្រឡំ​បន្ត​ទៀត ហើយ​បងប្អូន​អាច​មក​ជួយ​គាំទ្រ​រូប​នាង​ខ្ញុំ​បន្ត​ទៀត​តាម​ការ​រយៈ​មក​ញ៉ាំ​អី ឬ​កុម្ម៉ង់​នៅ​ហាង​របស់​នាង​ខ្ញុំ​ដែល​មា​នទី​តាំងនៅ​ជិត​ផ្សារ​ឈូក​មាស​» ។

កញ្ញា​ពេជ្រ ចរណៃ បញ្ជាក់​ថា ការ​បើកហាង​របស់​នាង​នា​ពេល​នេះ​មិន​បាន​ធ្វើ​ឲ្យ​នាង​មានបាន​ទេ ប៉ុន្តែ​វា​គឺជា​ផ្នែក​មួយ ដើម្បី​ជួយ​ទ្រទ្រង់​ទៅ​ដល់​ក្លឹ​ប​ហាត់​ក្បាច់គុន​របស់​នាង ព្រោះ​ភាគច្រើន​គឺ​នាង​បង្ហាត់​ក្បាច់គុន​មិន​យក​ថ្លៃ​ឡើយ ក្នុង​គោលបំណង​បណ្តុះ​ធនធាន​ជំនាន់​ក្រោយ និង​ថែរក្សា​ក្បាច់គុន​បុរាណ​ខ្មែរ ជា​ពិសេស​នោះ​គឺ​ចង់​ឲ្យ​អ្នក​ហាត់​ក្បាច់គុន​មាន​សុខភាព​ល្អ ដោយ​យក​ក្បាច់គុន​មក​ជា​កីឡា ៕