ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់ៗ! «រាជិនីក្រមា» មាន សូ​នី​តា ក្លាយជា​បេក្ខភាព​បវរ​កញ្ញា Universal Woman Cambodia 2026

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មហាជន ជា​ពិសេស​បណ្តា​អ្នកគាំទ្រ​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង នៅ​​ពេល​ដែល​ស្ងាត់​ៗ​តារា​សម្តែង​ មាន សូ​នី​តា បាន​ក្លាយជា​បេក្ខភាព​បវរកញ្ញា Universal Woman Cambodia 2026 ដើម្បី​ចូលរួម​ប្រកួត​បវរកញ្ញា Universal Woman 2026 ដែល​ប្រទេស​កម្ពុជា​គឺជា​ម្ចាស់ផ្ទះ ខ​ណៈ​ពេល​កម្មវិធី​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​បំណាច់​ឆ្នាំ​នេះ ។

ដំណឹង​ដ៏​ភ្ញាក់ផ្អើល​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​ពេញ​បណ្តាញ​សង្គម ក្នុង​ពេល​ដែល​សា​ម៉ី​ខ្លួន​ មាន សូ​នី​តា ក៏​បាន​ទទួលស្គាល់​អំពី​រឿង​នេះ​ផង​ដែរ​ថា នាង​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​សម្រាប់​ការ​ប្រកួតប្រជែង​ក្នុង​វិស័យ​បវរកញ្ញា​នា​ឆ្នាំ​នេះ ។

ទោះបីជា​យ៉ាងណា​ មហាជន ជា​ពិសេស​បណ្តា​អ្នកគាំទ្រ​រូប​នាង​ជា​ច្រើន​បាន​សម្តែង​ការ​អបអរ និង​ស្វាគមន៍​ចំពោះ​វត្តមាន​របស់ មាន សូ​នី​តា នៅ​ក្នុង​ការ​ចូលរួម​ប្រកួត​បវរកញ្ញា​នា​ពេល​នេះ ក្នុង​ពេល​កន្លង​មក​ក៏​មានការ​ជម្រុញ​ឲ្យ​នាង​ចូលរួម​ប្រកួត​ផង​ដែរ ។

មហាជន​បាន​ដាក់​ក្តី​រំពឹង​ថា ការ​ប្រកួត Universal Woman 2026 នា​បំណាច់ឆ្នាំនេះ​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ តារា​សម្តែង មាន សូ​នី​តា នឹង​មិន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​អស់សង្ឃឹម​ឡើយ ​ពោលគឺ​​នាង​អាច​នឹង​ទទួល​បាន​ជោគជ័យ ដោយសារ​តែ​នាង​មាន​ទាំង​ទេព​កោសល្យ​សិល្បៈ និង​រូប​សម្រស់​ផង​ដែរ ។

គួ​រ​បញ្ជាក់​ថា មាន សូ​នី​តា បាន​ចាប់ផ្តើម​បើក​ទំព័រ​សិល្បៈ​ដំបូង​របស់​ខ្លួន​តាម​រយៈការ​ដាក់​ពាក្យ​ចូល​ប្រឡង​ក្នុង​កម្មវិធី Freshie Boys & Girls ជំនាន់​ទី​៨ ឆ្នាំ​២០០៩ ដែល​ជា​លទ្ធ​តារា​ស្រី​រូប​នេះ​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​៤​ ក្នុង​ចំណោម​បេក្ខភាព​រាប់​ពាន់​អ្នក​។

ចាប់តាំងពី​នោះ​មក មាន សូ​នី​តា ក៏​ចាប់ផ្តើម​មានការ​ងារ​សិល្បៈ​ជា​បន្តបន្ទាប់​មិន​ថា ការ​សម្តែង​ក្នុង​បទ​ចម្រៀង និង​ភាពយន្ត ខ​ណៈពេល​ដែល​ភាពយន្ត​រឿង «​បេះដូង​អ្នក​ការពារ» គឺជា​រឿង​ដំបូង​ដែល​នាង​បាន​សម្ដែង ហើយ​ក៏​បាន​ក្លាយ​ជាទី​ចាប់អារម្មណ៍​ពី​សំណាក់​ទស្សនិកជន ។

​បើ​ទោះ​បី​ជាមួយ​រយៈ​ចុង​ក្រោយ​នេះ មាន សូ​នី​តា ហាក់​ស្ងប់ស្ងាត់​ក្នុង​វិស័យ​សិល្បៈ​បន្តិច​មែន ប៉ុន្តែ​តារា​ស្រី​រូប​នេះ​ក៏​នៅ​តែ​មាន​​សកម្មភាព​នៅ​លើ​បណ្តាញ​សង្គម ដោយ​នាង​តែងតែ​បង្ហាញ​រូបភាព​ផ្សព្វផ្សាយ​ពី​សម្លៀក​បំពាក់​ប្រពៃណី​ខ្មែរ និង​តំបន់​ទេសចរណ៍​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

តារា​ស្រី​រូប​នេះ​ក៏​មាន​ភាព​សកម្ម​ផង​ដែរ​នៅ​ក្នុង​ផ្សព្វផ្សាយ​ពី​ក្រមា​ខ្មែរ រហូត​នាង​ជាប់​ឈ្មោះ​ជា​រាជិ​នី​ក្រមា ហើយ​ជា​ពិសេស​ថែម​ទៀត​នោះ មាន សូ​នី​តា ក៏​ធ្លាប់​​ច្នៃ​​ម៉ូត​សម្លៀក​បំពាក់​ក្រមា​ខ្មែរ​អមដោយ​អក្សរ​យ័ន្ត រំលេច​ឌិន តាម​រចនាប័ទ្ម​​បុរាណ ទំនើប ដើរ​លើ​កម្រាលព្រំ​ក្រហម​ទីក្រុង​កាន​ កាលពី​អំឡុង​ឆ្នាំ​២០២៤ ផង​ដែរ ៕