ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បដិមា​ព្រះ​រាម នឹង​បង្ហាញខ្លួន​ក្នុងពិព័រណ៍​នៅ​អ៊ី​​តា​លី និង​អា​មេ​រិ​ក

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ឯកឧត្តម​គង់ វី​រៈ អនុរដ្ឋលេខាធិកា​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ចូលរួម​ក្នុង​ពិធី​បិទ​កេស និង​សូត្រ​មន្ត​ប្រោះព្រំ ប្រសិទ្ធី​បដិមា​ព្រះ​រាម មក​ពី​ខ្លោងទ្វារ​ខាងកើត​ប្រាសាទ​ចិន តំបន់​កោះ​កេរ ដែល​គ្រោង​នឹង​យក​ទៅ​តាំងពិព័រណ៍​នៅ​បរទេស​នា​ពេល​ខាង​មុខ ។

បើ​តាម​សារមន្ទីរ​ជាតិ បដិមា​ព្រះ​រាម បន្ទាប់​ពី​ធ្វើ​ពិធី​ប្រោះព្រំ​រួច​កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ​នឹង​ត្រូវ​យក​ទៅ​តាំង​បង្ហាញ​ជា​ប្រភេទ​ពិព័រណ៍​ចល័ត​នៅ​បរទេស​ចំនួន​២​ទីតាំង គឺ​នៅ​ក្នុង​ប្រទេស​អ៊ី​តា​លី និង​សហរដ្ឋអាមេរិក ក្រោម​ប្រធានបទ​«Broken: The Power of the Fragment in Sculpture» ។ ទីតាំង​ទី​១ គឺ​នៅ​សារមន្ទីរ Palazzo Strozzi នាទី​ក្រុង​ Flcrence ប្រទេស​អ៊ី​តា​លី ដែល​មាន​កាលបរិច្ឆេទ​ពិព័រណ៍​ចាប់ពី​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២៦ ដល់​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០២៧ ។

ទីតាំង​ទី​២ នៅ​វិចិត្រសាល National Gallery of Art ទីក្រុង Washington D.C សហរដ្ឋអាមេរិក ចាប់ពី​ថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ​២០២៧ ដល់​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៧ ។

ការ​តាំង​បង្ហាញ​បដិមា​ព្រះ​រាម នឹង​ធ្វើ​ឡើង​រួម​គ្នា​ជាមួយ​ស្នាដៃ​សិល្បៈ​ចំនួន​៧៥​ផ្សេង​ទៀត ឆ្លុះ​បញ្ចាំង​អំពី​ប្រវត្តិ​សិល្បៈ​ជា​លក្ខណៈ​សាកល​របស់​ពិភពលោក រាប់​ចាប់តាំងពី​អារ្យធម៌​មេ​ឌី​ទែ​រ៉ា​ណេ​នា​សិល្បៈ​ចម្លាក់​ថ្ម​ម៉ា​ប​ក្រិ​ក​បុរាណ រហូត​ដល់​សិល្បៈ​សហ​សម័យ ។

ក្រោយ​បញ្ចប់​ការ​តាំងពិព័រណ៍​ស្តី​អំពី «Broken: The Power of the Fragment in Sculpture» បដិមា​ព្រះ​រាម​នឹង​ត្រូវ​ចល័ត​ត្រឡប់​មក​សារមន្ទីរ​ជាតិ​កម្ពុជា​វិញ ។ នេះ​ជា​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​សារមន្ទីរ​Palazzo Strozzi នាទី​ក្រុង​Flcrence ប្រទេស​អ៊ី​​តា​លី និង​National Gallery of Art ទីក្រុង​Washington D.C សហរដ្ឋអាមេរិក ដើម្បី​ផ្សព្វផ្សាយ​អំពី​សិល្បៈ និង​អារ្យធម៌​ខ្មែរ ក៏​ដូច​ជា​ការ​ពង្រឹង​ចំណងមិត្តភាព​ផ្នែក​វប្បធម៌​ជាមួយ​ដៃគូ​អន្តរជាតិ តាម​រយៈ​ការ​តាំង​បង្ហាញ​រូបចម្លាក់​ខ្មែរ​នៅ​បរទេស ៕