នាង ដាវីន ប្រកាសផ្អាកពីអាជីពចម្រៀងហើយ បន្ទាប់ពីចេញបទចម្រៀងជាច្រើនបទទុកជាកាដូជូនអ្នកគាំទ្រ
- ភ្នំពេញ
រាជធានីភ្នំពេញ៖ ទើបតែកសាងកេរ្តិ៍ឈ្មោះក្នុងអាជីពសិល្បៈមិនទាន់បានប៉ុន្មានឆ្នាំផងតារាចម្រៀងវ័យក្មេងលោកនាង ដាវីន បានសម្រេចចិត្តផ្អាកពីអាជីពនេះ ងាកទៅប្រកបការងារផ្សេង ។ ដំណឹងមួយនេះបានធ្វើឲ្យអ្នកគាំទ្រសម្តែងការសោកស្តាយ ។
លោកនាង ដាវីន បានចេញបទចម្រៀងជាច្រើនបទក្នុងឆ្នាំនេះ ដែលជាចំណងដៃសម្រាប់អ្នកគាំទ្ររបស់លោក នៅមុនពេលលោកសម្រាកពីអាជីពចម្រៀង ។
កាលពីថ្ងៃទី១១ កញ្ញា ឆ្នាំ២០២៦ លោកនាង ដាវីន បញ្ជាក់ថា «បងប្អូនប្រហែលជាឆ្ងល់ថាហេតុអ្វីខ្ញុំចេញចម្រៀងច្រើនម្ល៉េះឆ្នាំនេះ ព្រោះវាជាកាដូចុងក្រោយរបស់ខ្ញុំសម្រាប់បងប្អូនមុននឹងខ្ញុំសម្រាកពីសិល្បៈចម្រៀងមួយរយៈធំ ទៅធ្វើការងារផ្សេង ។
ខ្ញុំនឹងមិនចេញបទទៀតទេ ស្តាប់បទចាស់សិនទៅ ។
ខ្ញុំសល់ចម្រៀងសម្រាប់ផ្ទាល់ខ្លួន និងសម្រាប់ក្រុមហ៊ុនចំនួនសរុប១១បទ ដូចជាបទ អូននៅចាំទេ ,កូនអ្នកផ្សារ ,រ៉ោករ៉ាកដូចបង វាលស្រែអត់ស្រូវ ,កាលពីឆ្នាំទៅ ,ផ្តាំ ,ទំនើប និងEp និយាយពីជីវិត៤បទ មានដូចជា Life FT Tp. ទៅជាយ៉ាងណា បើមិនប្រឹង រំពឹងអ្នកណា និងបទMy Soul FT R…&K…»។
លោកនាង ដាវីន មិនបានបញ្ជាក់ថា លោកទៅចាប់អាជីពអ្វីផ្សេងនោះទេ ។ ទោះជាយ៉ាងណាក្ដី កន្លងមកតារាចម្រៀងរូបនេះធ្លាប់បញ្ចេញអារម្មណ៍តាមបណ្តាញសង្គមថា«ខ្ញុំគ្រាន់តែចង់ឲ្យខ្លួនឯងល្អនិងមានសមត្ថភាពជ្រោមជ្រែងគ្រួសារឲ្យសមរម្យសោះ ហេតុអីក៏ពិបាកម្ល៉េះ តើខ្ញុំត្រូវខំប្រឹងបែបណាទៀត ព្យាយាមបែបណាទៀតទើបបានដូចបំណង និងគោលដៅដែលខ្ញុំដៅ ? បើរាល់ថ្ងៃខំស្ទើរតែមិនដេកនៅតែមានបញ្ហាអត់ឈប់សោះ នៅមានអីទៀតមកឲ្យអស់មក ហត់ណាស់» ។
នាង ដាវីន គឺជាតារាចម្រៀងនៅផលិតកម្មរស្មីហង្សមាស តាមរយៈការប្រកួតកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៤ ស្ថិតក្នុងចំណោមជើងខ្លាំងបួននាក់ចុងក្រោយ ។
មុននឹងមានឈ្មោះបោះសំឡេងដូចបច្ចុប្បន្ន នាង ដាវីន ធ្លាប់តស៊ូក្នុងអាជីពចម្រៀងយូរឆ្នាំដែរ ៕




ចែករំលែកព័តមាននេះ