ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិទ្យាស្ថានពហុបច្ចេកទេស ព្រះកុសុមៈ ត្រៀមខ្លួនរួចរាល់ដើម្បីបង្រៀនជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ

11 ខែ មុន
  • ភ្នំពេញ

ឯកឧត្តម តាំង យឿ​ន នាយក​វិទ្យាស្ថាន​ពហុបច្ចេកទេស ព្រះ​កុសុមៈ នៅ​ថ្ងៃ​ទី​២៩ ធ្នូ ២០២៣ នេះ​បាន​លើក​ឡើង​ថា វិទ្យាស្ថាន…

ឯកឧត្តម តាំង យឿ​ន នាយក​វិទ្យាស្ថាន​ពហុបច្ចេកទេស ព្រះ​កុសុមៈ នៅ​ថ្ងៃ​ទី​២៩ ធ្នូ ២០២៣ នេះ​បាន​លើក​ឡើង​ថា វិទ្យាស្ថាន បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​បើក​ជា​ផ្លូវការ​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​នៅ​ពាក់កណ្តាល​ខែមករា ឆ្នាំ​២០២៤ ខាង​មុខ​នេះ ​។

ឯកឧត្តម​បាន​គូសបញ្ជាក់​ថា ​ចាប់តាំងពី​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​ប្រកាស​ដាក់​ឱ្យ​អនុវត្តន៍​ជា​ផ្លូវការ​នូវ​ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ១,៥ លាន​នាក់​នៅ​ថ្ងៃ​ទី​១៤ វិច្ឆិកា ឆ្នាំ​២០២៣ វិទ្យាស្ថាន​បាន​ទទួល​យុវជន​មក​ចុះ​ឈ្មោះ​ចូល​រៀន​បាន​ចំនួន ៨២៨​នាក់ លើ​ជំនាញ​ចំនួន ១៤ មាន​ដូច​ជា​: ការងារ​កំបោរ ការ​ដំឡើង​បណ្ដាញ​បំពង់​ទឹក ការ​ដំឡើង​បណ្ដាញ​អគ្គ​ស​នី​ក្នុង​អគារ ការ​ដំឡើង​សរសៃដែក ការ​ដំឡើង​ពុម្ព ការ​ថែទាំ និង​ជួល​ជុល​បរិក្ខារ​អេ​ឡិ​ក​ត្រូ​និក ការ​ដំឡើង​ប្រព័ន្ធ​បញ្ជា​ម៉ូ​ទ័​រ​អគ្គិសនី សេវាកម្ម​កុំព្យូទ័រ សេវាកម្ម​ធនធានមនុស្ស សេវាកម្ម​អតិថិជន សេវាកម្ម​បរិក្ខារ​ត្រជាក់​ក្នុង​គេហដ្ឋាន​។

ឯកឧត្តម​បន្ត ថា​វិទ្យាស្ថាន​ពហុបច្ចេកទេស ព្រះ​កុសុមៈ នឹង​បើក​ថ្នាក់ដំបូង​ក្នុង​ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទៅ​ដល់​សិស្ស​ដែល​មាន​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​ថ្ងៃ​ទី ១៥ ខែមករា ឆ្នាំ​២០២៤ ខាង​មុខ ។ វិទ្យាស្ថាន​បាន​រៀបចំ ទាំង​សម្ភារៈ ថ្នាក់រៀន រោង​ជាង បន្ទប់ពិសោធន៍ គ្រូ​បណ្តុះបណ្តាល​ដែល​ពោ​ពេញ​ទៅ​ដោយ​សម​ត្ថិ​ភាព​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​កាលពី​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ កន្លង​ទៅ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​បាន​ដាក់​ឱ្យ​អនុវត្តន៍​ជា​ផ្លូវការ​នូវ​ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ទៅ​ដល់​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ១,៥ លាន​នាក់ ដែល​ការ​បណ្តុះបណ្តាល​នេះ​មាន​រយៈពេល​៤​ខែ សិក្សា​ដោយ​ឥត​គិតថ្លៃ ដោយឡែក​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ​ចំនួន ២៨​ម៉ឺន​រៀល រហូត​ដល់​រៀន​ចប់​ផង​ដែរ​។

ទន្ទឹម​នឹង​នេះ ឯកឧត្តម តាំង យឿ​ន បាន​អំពាវនាវ​ទៅ​ដល់​យុវជន​ដែល​មិន​ទាន់​ចុះ​ឈ្មោះ​ចូល​រៀន​ស្វែង​យល់​អំពី​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ហើយ​នាំ​គ្នា​មក​ចុះ​ឈ្មោះ​ចូល​រៀន​ឱ្យ​បាន​គ្រប់​ៗ​គ្នា​៕ សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ