ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម ហេង សួរ៖ កម្ពុជា​ផ្តល់​ជូន​វិនិយោគិន ​នូវ​កម្លាំង​ពលកម្ម​វ័យក្មេង សកម្មនិង​កំពុងអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស

6 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ នា​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០២៦ នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ…

រាជធានីភ្នំពេញ​ ៖ នា​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០២៦ នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អញ្ជើញ​ជា​វាគ្មិន​កិត្តិយស​ក្នុង «​កិច្ចប្រជុំ​កំពូល​ធុរកិច្ច​អាស៊ាន​-​កម្ពុជា ឆ្នាំ​២០២៦» ​ក្រោម​ប្រធានបទ «​ជំនាញ​សម្រាប់​ថ្ងៃស្អែក​៖ កា​រវិ​វត្ត​នៃ​វិស័យ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ក្នុង​ពិភពលោក​ទំនើប​» ។

ក្នុង​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា ការ​វិនិយោគ​លើ​មូលធន​មនុស្ស គឺជា​ការ​វិនិយោគ​លើ​ផល​ចំណេញ ​រួម​នា​ពេល​អនាគត ​។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល វិស័យ​ឯកជន និង​ដៃគូ​ពាក់ព័ន្ធ​ក្នុង​តំបន់​អាស៊ាន ពង្រឹង​កិច្ចសហការ​លើ​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ការ​អភិវឌ្ឍ​ប្រព័ន្ធ​ព័ត៌មាន​ទីផ្សារ​ការងារ​ឱ្យ​បាន​រឹង​មាំ ដើម្បី​ធានា​បាន​នូវ​ភាព​ប្រកួតប្រជែង កំណើន​ប្រកបដោយ​បរិ​យា​បន្ន និង​ការ​ឆ្លើយ​តប​យ៉ាង​រហ័ស​ទៅ​នឹង​តម្រូវការ​ឧស្សាហកម្ម​ទំនើប​ ។

ទន្ទឹម​នឹង​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​រំលេច​ពី​ការ​ត្រៀមខ្លួន​រួច​ជា​ស្រេច​របស់​កម្ពុជា ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​ចក្ខុវិស័យ​វែង​ឆ្ងាយ​របស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី តាម​រយៈ​ការ​ដាក់​ចេញ​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ ដែល​ចាត់​ទុក​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ជា​ស្នូល​។ ជាក់ស្តែង ផ្អែក​លើ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឆ្នាំ​២០២៤–២០២៨ ក្រសួង​កំពុង​ជំរុញ​យ៉ាង​សកម្ម​នូវ​គោលការណ៍ «​ពលរដ្ឋ​ម្នាក់​ទទួល​បាន​យ៉ាង​ហោច​ណាស់​ជំនាញ​មួយ​សម្រាប់​ជីវិត និង​គ្មាន​នរណា​ម្នាក់​ត្រូវ​បាន​ទុក​ចោល​» ​។

ឯកឧត្តម​ក៏​បាន​គូសបញ្ជាក់​ថា កម្ពុជា​ផ្តល់​ជូន​វិនិយោគិន​នូវ​កម្លាំង​ពលកម្ម​វ័យក្មេង សកម្ម និង​កំពុង​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ដែល​ត្រូវ​បាន​គាំទ្រ​ដោយ​ប្រព័ន្ធ​បណ្តុះបណ្តាល​ជាតិ​ដ៏​រីក​ចម្រើន និង​ការ​ប្តេជ្ញា​ចិត្តរឹង​មាំ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ធ្វើ​ទំនើប​កម្ម​ហេដ្ឋារចនាសម្ព័ន្ធ TVET និង​ពង្រីក​មូលនិធិ​អភិវឌ្ឍ​ជំនាញ​។ តាម​រយៈ​ការ​វិនិយោគ​យុទ្ធសាស្ត្រ​លើ TVET កម្មវិធី​បណ្តុះបណ្តាល​ជាតិ រួម​ទាំង​កម្មវិធី TVET 1.5M និង​កិច្ចសហការ​ជាមួយ​ឧស្សាហកម្ម កម្ពុជា​បាន​កសាង​កម្លាំង​ពលកម្ម​ដែល​មាន​សមត្ថភាព​គាំទ្រ​ឧស្សាហកម្ម​ផលិតកម្ម​សម័យ​ទំនើប វិស័យ​សេវាកម្ម និង​ឧស្សាហកម្ម​កំពុង​កើត​មាន​ថ្មី​ៗ​។ ជាមួយនឹង​ប្រជាជន​វ័យ​ធ្វើការ​ច្រើន ប្រព័ន្ធ​បណ្តុះបណ្តាល​បត់បែន និង​មូលនិធិ​អភិវឌ្ឍ​ជំនាញ​ដែល​បាន​បែងចែក​ថវិកា​ច្បាស់លាស់ កម្ពុជា​ផ្តល់​ជូន​វិនិយោគិន​ទាំង​កម្លាំង​ពលកម្ម​ដែល​អាច​ប្រើប្រាស់​ភ្លាម​ៗ និង​សមត្ថភាព​អភិវឌ្ឍ​ធនធានមនុស្ស​រយៈពេល​វែង​យ៉ាង​រឹង​មាំ​ ៕ អត្ថបទសហការ