ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ ​ជំរុញ​ឱ្យ​ម្ចាស់​រោងចក្រ​សហគ្រាស​ យកចិត្តទុកដាក់​ខ្ពស់​ ក្នុង​ការ​លើកកម្ពស់​សុវត្ថិភាព​និង​សុខភាព​ការងារ​ ដើម្បី ”​បង្ការ​ការ​ដួល​សន្លប់​” ក្នុង​រដូវក្តៅ

6 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​រសៀល​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០២៦​នេះ…

រាជធានី​ភ្នំពេញ​ ៖ លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​រសៀល​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០២៦​នេះ បាន​ជំរុញ​ដល់​ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន​ទាំងអស់​ឱ្យ​យកចិត្តទុកដាក់​ខ្ពស់ ​ក្នុង​ការ​លើកកម្ពស់​សុវត្ថិភាព និង​សុខភាព​ការងារ​របស់​កម្មករនិយោជិត​ដើម្បី​ការពារ​កុំឱ្យ​មានការ​ដួល​សន្លប់​ក្នុងអំឡុងពេល​បំពេញការងារ​ក្នុង​រដូវក្តៅ​ ។

លោក ស៊ុន មេ​សា ៖ «​នេះ​ជា​ការ​គិតគូរ​យកចិត្តទុកដាក់​ពី​សំណាក់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ ចំពោះ​កម្មករនិយោជិត ក៏​ដូច​ជា​ប្រយោជន៍​របស់​ក្រុមហ៊ុន រោងចក្រ សហគ្រាស ដើម្បី​ធានា​ថា បរិយាកាស​នៅ​កន្លែងធ្វើការ​រក្សា​បាន​ភាពល្អ​ប្រសើរ ប្រកបដោយ​សុវត្ថិភាព និង​ការពារ​កុំឱ្យ​មានការ​ដួល​សន្លប់​ក្នុង​ពេល​បំពេញការងារ នៅ​ពេល​អាកាសធាតុ​ក្តៅ​»​ ។

លោក​បាន​លើក​ឡើង​ថា វិធានការ​ចាំបាច់​មួយ​ចំនួន​ដែល​ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន​ទាំងអស់​អាច​អនុវត្ត​បាន​នៅ​រដូវក្តៅ​រួម​មាន ការ​ត្រួតពិនិត្យ និង​ថែទាំ​ជា​ប្រចាំ​នូវ​ប្រព័ន្ធ​បញ្ចេញបញ្ចូល​ខ្យល់​នៅ​តាម​អគារ​ធ្វើការ និង​បើក​ឱ្យ​ដំណើរការ​ឱ្យ​បាន​យ៉ាង​ហោច​ណាស់ ១​ម៉ោង មុន​ពេល​អនុញ្ញាត​ឱ្យ​កម្មករនិយោជិត​ចូល​ធ្វើការ​ ។ បើក​បង្អួច ទ្វារ​ទាំងអស់ ឬ​បន្ថែម​កង្ហារ​បញ្ចេញ​ខ្យល់ ឬ​បឺត​ខ្យល់​ចេញ នៅ​កន្លែងធ្វើការ​ដែល​មិន​មាន លំហូរ​ខ្យល់​គ្រប់គ្រាន់ និង​រៀបចំ​ទុកដាក់​សម្ភារៈ​និង​វត្ថុធាតុដើម​ឱ្យ​មាន​សណ្តាប់ធ្នាប់ និង​សុវត្ថិភាព ​។

អ្នកនាំពាក្យ​រូប​នេះ​បន្ត​ថា បន្ថែម​ពី​នេះ​ត្រូវ​ផ្គត់ផ្គង់​ទឹក​ស្អាត​ ឱ្យ​បាន​គ្រប់គ្រាន់​ស្រប​តាម​ការ​កើន​កម្ដៅ​ នៃ​អាកាសធាតុ និង​ណែនាំ​ដល់​កម្មករ និយោជិត​ឱ្យ​បរិភោគ​ទឹក​ស្អាត​ឱ្យ​បាន​ញឹកញាប់ ព្រមទាំង​ស្លៀក សម្លៀក​បំពាក់​សម​ស្រប​តាម​ស្ថានភាព​អាកាសធាតុ​។ ជាមួយ​គ្នា​នោះ អាច​បាញ់​ទឹក​នៅ​លើដំបូល​អគារ​ធ្វើការ​ឱ្យ​បាន​យ៉ាងតិច ២​ដង ក្នុង ១​ថ្ងៃ​,​ចាត់​បុគ្គលិក​ទទួល​បន្ទុក​ត្រួតពិនិត្យ​ឧបករណ៍​វាស់​ស្ទង់កម្ដៅ​ជា​ប្រចាំ​នៅ​កន្លែងធ្វើការ និង​បង្កើន​ការ​អប់រំ​និង​ផ្សព្វផ្សាយ​អំពី​វិធានការ​ការពារ​សុខភាព​ជា​ប្រចាំ​ដល់​កម្មករនិយោជិត និង​ក្រើនរំឭក អំពី​វិធានការ​ទាំងនោះ​តាម​រយៈ​ប្រព័ន្ធ​ជូនដំណឹង​ជា​សំឡេង​នៅ​ក្នុង​សហគ្រាស គ្រឹះស្ថាន ​។

បើ​តាម​លោក ស៊ុន មេ​សា ក្នុង​ករណី​ចាំបាច់ ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន និង​កម្មករនិយោជិត អាច​ធ្វើការ​ទំនាក់ទំនង មក​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ តាម​រយៈ​ប្រព័ន្ធ Hotline លេខ “១២៨៦” ឬ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ ឬ​អាច​ដាក់​ពាក្យបណ្តឹង​តាម​នីតិវិធី​ប្រអប់ បណ្តឹង​អនាមិក​របស់​ក្រសួង ដើម្បី​ចុះ​ធ្វើការ​វាយតម្លៃ​កម្រិត​ហានិភ័យ ដែល​អាច​កើត​មាន​ឡើង​ចំពោះ​សុវត្ថិភាព និង​សុខភាព​កម្មករនិយោជិត​ក្នុងអំឡុងពេល​សីតុណ្ហភាព​នៅ​ក្នុង​សហគ្រាស គ្រឹះស្ថាន​ឡើង​កម្ដៅ​ខ្លាំង​ ៕ អត្ថបទសហការ