រាជធានីភ្នំពេញ ៖ តារាសម្តែងនាង មាន សូនីតា បានធ្វើការឆ្លើយតបទៅកាន់មហាជនមួយចំនួនដែលសើចចំអកមកលើរូបនាងរឿងដើរលក់ក្រមាមិនមានចំណេញ ដោយមិនទៅធ្វើការងារណាដែលអាចរកប្រាក់បានស្រួល និងច្រើនជាងនេះ ក្នុងនាម នាងជាអ្នកសិល្បៈដែលមានកេរ្តិ៍ឈ្មោះមួយរូប ។ តារាសម្តែងរូបនេះបានបញ្ជាក់ថា ការងារណាក៏មានតម្លៃដែរសម្រាប់នាង ដរាបណាយើងនៅមានការខិតខំប្រឹងប្រែង ស្មោះត្រង់ និងមានភាពជឿជាក់ទៅលើខ្លួនឯង ។

តារាសម្តែងរហស្សនាម «រាជនីក្រមា» នាង មាន សូនីតា បានលើកឡើងថា មនុស្សមួយចំនួនបានសើចចំអកខ្ញុំថា ខ្ញុំដើរលក់ក្រមាម៉េចមិនធ្វើការស្រួលទៅ ធ្វើខ្លួនស្អាតៗ ហើយអាចរកលុយបានស្រួលជាងនឹង ។ នាងថា សម្រាប់ខ្ញុំ ការងារអ្វីក៏មានតម្លៃ ដរាបណាយើងខិតខំប្រឹងប្រែង ដោយភាពស្មោះត្រង់ និងភាពជឿជាក់នៅលើខ្លួនឯង ។

នាងបញ្ជាក់ថា ឆ្នាំនេះ ហាងផ្ទះស្រឡាញ់របស់ខ្ញុំបានបើក១០ឆ្នាំហើយ ខែណាក៏ខាត ឆ្នាំណាក៏ខាតដែរ តើហេតុអីបានខ្ញុំនៅជំនះ បើក Business មួយនេះ ១០ឆ្នាំដែលខ្ញុំជ្រើសរើសក្រមា ជាជីវិតមួយផ្នែករបស់ខ្ញុំ គ្មានពាក្យថា ងាយស្រួល គ្មានពាក្យថា បោះបង់ គ្មានពាក្យថា នឿយហត់ ព្រោះខ្ញុំមិនចង់ឲ្យក្រមាមួយនេះបាត់បង់ ។ ខ្ញុំចង់ឲ្យកូនខ្មែរស្គាល់ក្រមា ខ្ញុំចង់ឲ្យកូនខ្មែរស្គាល់អត្តសញ្ញាណខ្លួនឯង ខ្ញុំចង់ឲ្យកូនខ្មែរស្គាល់តម្លៃវប្បធម៌ដែលយើងមាន ហាងមួយនេះ មិនបានធ្វើឲ្យខ្ញុំទទួលបានប្រាក់ចំណូលទេ ក៏ប៉ុន្តែគឺបានបង្រៀនឲ្យខ្ញុំមានការអត់ធ្មត់អំពីការតស៊ូ និងការឈឺចាប់ តែខ្ញុំនៅតែមានជំនឿលើអ្វីដែលខ្ញុំស្រឡាញ់ ។

យ៉ាងណា បើតាម មាន សូនីតា បើថ្ងៃណាមួយអ្នកសើចចំអកខ្ញុំ សូមចងចាំថា ខ្ញុំកំពុងតែតស៊ូ ដើម្បីរក្សាអត្តសញ្ញាណខ្មែរ មិនមែនត្រឹមតែរកលុយតែប៉ុណ្ណោះទេ ខ្ញុំអត់ដែលអៀន និងខ្មាស់ចំពោះការងារដែលខ្ញុំកំពុងតែធ្វើទេ ព្រោះខ្ញុំដឹងថា ខ្ញុំកំពុងតែធ្វើអ្វី ហើយវាមានតម្លៃខ្លាំងបំផុតសម្រាប់ជីវិតខ្ញុំ និងប្រទេសជាតិខ្ញុំទាំងមូល ។

គួរបញ្ជាក់ថា តារាសម្តែងនាង មាន សូនីតា ក្រៅពីការងារសិល្បៈ នាងក៏ជាម្ចាស់ហាងកាត់ដេរសម្លៀកបំពាក់ ផ្ទះស្រលាញ់ ដែលហាងសម្លៀកបំពាក់នេះ ផ្តោតលើក្រមាតែម្តង។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ថៅកែស្រីរូបស្រស់ បានពង្រីកសេវាកម្មបន្ថែមដោយទទួលច្នៃ និងកាត់សម្លៀកបំពាក់សម័យថ្មីតាមតម្រូវការភ្ញៀវ ។

មិនត្រឹមជាម្ចាស់ហាង សូនីតា ក៏ដើរតួនាទីជាអ្នកប្រម៉ូតសម្លៀកបំពាក់ផងដែរ ដោយនាងតែងតែនាំយកឈុតក្រមាថ្មីប្លែកមកចែកជូនប្រិយមិត្តអ្នកគាំទ្រ សូម្បីពេលធ្វើដំណើរទៅលេងក្រៅប្រទេសម្តងៗ ក៏នាងមិនដែលភ្លេចយកឈុតក្រមាច្នៃថ្មីទៅថតម្តងណាឡើយ ព្រោះនាងជឿជាក់លើភាពស្រស់ស្អាតនៃក្រមាដែលស័ក្កសមគ្រប់ទីកន្លែង ។

តារាស្រីល្បីឈ្មោះនេះ មិនត្រឹមតែធ្វើទីផ្សារសម្រាប់ក្រមាក្នុងស្រុកប៉ុណ្ណោះទេ នាងធ្លាប់បានជ្រើសយកក្រមាខ្មែរច្នៃជាឈុតសម្លៀកបំពាក់ដ៏ប្រណីតចូលរួមដើរកម្រាលព្រំក្រហមកម្មវិធី Cannes Film Festival 2024 លើកទី៧៧ នៅប្រទេសបារាំង ដើម្បីបង្ហាញឱ្យពិភពលោកឃើញពីភាពស្រស់ស្អាតនៃផ្ទៃក្រឡារបស់ក្រមាខ្មែរ ដែលប្រណីតខ្លាំង អាចយកទៅច្នៃបទបែនបានគ្រប់តម្រូវការ ៕
ចែករំលែកព័តមាននេះ