ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ៖ បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) បាន​ក្លាយជា​សមាជិក​ផ្លូវការ ​នៃ​អង្គការ​អន្តរជាតិ​ សម្រាប់​ស្ថាប័ន​ត្រួតពិនិត្យ​ សោធន​និវត្តន៍ (IOPS) នៅ​ទី​ក្រុងប៉ារីស

6 ម៉ោង មុន

ទីក្រុងប៉ា​រី​ស​ ៖  ឯកឧត្តម​បណ្ឌិត គួ​ច សុ​មាន រដ្ឋលេខាធិការ នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ចូលរួម​ កិច្ចប្រជុំ​រួម​គ្នា​របស់​ក្រុមការងារ​សម្រាប់​កិច្ចការ​ធានា​រ៉ាប់រង…

ទីក្រុងប៉ា​រី​ស​ ៖  ឯកឧត្តម​បណ្ឌិត គួ​ច សុ​មាន រដ្ឋលេខាធិការ នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ចូលរួម​ កិច្ចប្រជុំ​រួម​គ្នា​របស់​ក្រុមការងារ​សម្រាប់​កិច្ចការ​ធានា​រ៉ាប់រង និង​សោធន​និវត្តន៍ (WPIP) និង​អង្គការ​អន្តរជាតិ​សម្រាប់​ស្ថាប័ន​ត្រួតពិនិត្យ​សោធន​និវត្តន៍ (IOPS)​។ ពិធី​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​អំឡុង​ស​ប្តា​ហ៍​ទីផ្សារ​ហិរញ្ញវត្ថុ​របស់​អង្គការ​សម្រាប់​ការ​អភិវឌ្ឍ និង​សហប្រតិបត្តិការ​សេដ្ឋកិច្ច (OECD) នៅ​ទីស្នាក់ការ​កណ្តាល​នាទី​ក្រុងប៉ារីស ប្រទេស​បារាំង ដោយ​មានការ​ចូលរួម​ពី​តំណាង​ស្ថាប័ន​ ជា​សមាជិក​មក​ពី ៧០ ប្រទេស​ជុំវិញ​ពិភពលោក និង​ប្រតិភូ​សរុប​ប្រមាណ ៣០០​នាក់ ​។

ឯកឧត្តម​បណ្ឌិត គួ​ច សុ​មាន រដ្ឋលេខាធិការ បាន​ថ្លែង​ថា តាម​រយៈ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​ក្នុង​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ស្ថាប័ន​អន្តរជាតិ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុង​នាម​ជា​អាណាព្យាបាល ​បច្ចេកទេស​របស់​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) ត្រូវ​បាន​គណៈកម្មាធិការ​ប្រតិបត្តិ​របស់​អង្គការ IOPS ពិនិត្យ និង​សម្រេច​ឱ្យ​ចូល​ជា​សមាជិកភាព​ជា​ផ្លូវការ (Governing Membership Status) នៅ​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២៦​ ។

ឯកឧត្តម​បណ្ឌិត គូសបញ្ជាក់​ថា សមិទ្ធផល នៃ​សមាជិកភាព​នេះ បាន​ឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​សន្តិសុខ​សង្គម​ឱ្យ​កាន់តែ​រឹង​មាំ តាម​រយៈ​ការ​សិក្សា​ឈ្វេងយល់​ពី​បទ​ពិសោធ​របស់​បណ្តា​ប្រទេស​នានា រួម​មាន​អភិបាលកិច្ច​លើ​ការ​គ្រប់គ្រង និង​ការ​បែងចែក​ការ​វិនិយោគ ​មូលនិធិ​សន្តិសុខ​សង្គម ការ​ផ្តល់​អត្ថប្រយោជន៍​ ដល់​សមាជិក និង​ជា​ពិសេស​គឺ​ការ​អនុវត្ត​របប​សន្តិសុខ​សង្គម ​ផ្នែក​ប្រាក់​សោធន​ឱ្យ​មាន​ប្រសិទ្ធភាព ស្រប​តាម​បរិបទ នៃ​កា​រវិ​វត្ត​សេដ្ឋកិច្ច និង​សង្គម​ក្នុង​តំបន់ ក៏​ដូច​ជា​ពិភពលោក​ ។

ជាមួយ​គ្នា​នេះ ឯកឧត្តម​បណ្ឌិត បាន​បន្ថែម​ថា នៅ​ក្នុង​ដំណើរការ នៃ​កិច្ចប្រជុំ​នេះ ក្រុមការងារ WPIP និង​អង្គការ IOPS បាន​ពិភាក្សា​យ៉ាង​ស៊ីជម្រៅ​ លើ​ការ​រៀបចំ​គោលនយោបាយ និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​នឹង​ប្រាក់​សោធន​ផ្អែក ​លើ​ទ្រព្យសកម្ម ការ​ធ្វើ​បច្ចុប្បន្នភាព​លើ​ការ​សិក្សា​ស្រាវជ្រាវ ការ​ចែករំលែក​បទ​ពិសោធ​លើ​ការ ​អនុវត្ត​របប​ភាគទាន​សន្តិសុខ​សង្គម រួម​ទាំង​ការ​ដោះស្រាយ​បញ្ហា​ចាំបាច់​នានា​មុន​ពេល​ឈាន​ដល់​សន្និបាត​បូក​សរុប​ប្រចាំឆ្នាំ ​។

ទន្ទឹម​ហ្នឹង​នេះ កិច្ចប្រជុំ​ក៏​បាន​ពិនិត្យ​លើ​ផែនការ​ សម្រាប់​ព្រឹត្តិការណ៍​នា​ពេល​អនាគត​រវាង​សមាជិក​របស់​អង្គការ IOPS និង OECD ដើម្បី​បន្ត​ជំរុញ​វិស័យ​សន្តិសុខ​សង្គម​ឱ្យ​កាន់តែ​មានការ​រីក​ចម្រើន​ជា​លំដាប់​ផង​ដែរ​ ៕ អត្ថបទសហការ