រាជធានីភ្នំពេញ ៖ បៀរហ្គាឌិនបានចាត់ទុកថា សេវាទេសចរណ៍សំខាន់មួយនៅពេលរាត្រី មានន័យថា នៅពេលអ្នកទេសចរ បានទៅដល់កន្លែងណាមួយបានដើរកម្សាន្តទស្សនាទេសភាពធម្មជាតិ វត្តុបុរាណ ឬទេសចរណ៍កែច្នៃហើយ នៅពេលរាត្រីអាចចូលបៀហ្គាឌិន ដែលមានការប្រគំតន្ត្រី គ្រឿងស្រវឹង និងសេវាកម្សាន្តនានាផ្សេងទៀតក្នុងក្នុងបៀរហ្គាឌិន ។
លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា អាជីវកម្មសេវាកម្សាន្តបៀរហ្គាឌិន គឺជាសេវាកម្មទេសចរ ណ៍មួយដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅពេលរាត្រី នៅតាមតំបន់គោលដៅទេសចរណ៍នានា ដែលឆ្លើយតបទៅនឹងទិសដៅរបស់រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ក្នុងការជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ជំរុញ និងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យទៅទស្សនាតំបន់ទេសចរណ៍ធម្មជាតិ និងសហគមន៍អេកូទេសចរណ៍ ដែលជាកត្តាជំរុញចរន្តសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋមូលដ្ឋាន មូលដ្ឋានអាជីវកម្ម និងកំណើនសេដ្ឋកិច្ចជាតិ និងការត្រៀមបើកទទួលទេសចរណ៍សុវត្ថិភាព សំដៅចូលរួមស្តារ និងលើកស្ទួយសកម្មភាពសេដ្ឋកិច្ច-សង្គមស្របតាមគន្លងប្រក្រតីភាពថ្មី ។
កាលពីថ្ងៃទី ៣ ខែវិច្ឆិកាន្លងមកនេះ ក្រសួងទេសចរណ៍បានប្រកាសពីការអនុញ្ញាតឲ្យបើកដំណើរការបៀរហ្គាឌិនឡើងវិញជាមួយដាក់ចេញនូវវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មបៀរហ្កាឌិន ។ បន្ថែមពីនេះកាលពីថ្ងៃទី ៨ ខែវិច្ឆិកានេះ ក្រសួងទេសចរណ៍បានរៀបចំពិធីផ្សព្វផ្សាយនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មបៀរហ្កាឌិន ដល់មន្ទីរទេសចរណ៍រាជធានី-ខេត្តទាំង ២៥ ។
លោក ប៉ាក់ សុខុម បានស្នើសុំឱ្យមន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវតាមដានត្រួតពិនិត្យការរៀបចំដំណើរការអាជីវកម្មឱ្យស្របនឹងលក្ខខណ្ឌតម្រូវ ដែលបានកំណត់នៅក្នុងវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មបៀរហ្គាឌិន និងនាយកដ្ឋានគ្រប់គ្រងសេវាកម្សាន្ត និងកីឡាទេសចរណ៍ ត្រូវរៀបចំការបណ្តុះបណ្តាលអំពីវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មបៀរហ្កាឌិន ដល់គ្រប់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ដោយមានការចូលរួមពីម្ចាស់ ឬអ្នកគ្រប់គ្រង និងបុគ្គលិកអាជីវកម្មបៀរហ្កាឌិន ។
នៅចុងខែនេះអាជីវកម្ម ខារ៉ាអូខេ ឌីស្កូថេក ដែលសុទ្ធសឹងជាសេវាកម្សាន្តនោះនឹងអនុញ្ញាតឲ្យបើកអាជីវកម្មឡើងវិញដែរ ៕
ចែករំលែកព័តមាននេះ