រាជធានីភ្នំពេញ ៖ កម្ពុជា ចិន បានកំណត់ផែនការជំរុញពាណិជ្ជកម្មឱ្យបាន ១០ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៣ ពោលគឺនៅក្រោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីប្រទេសទាំងពីរបានអនុវត្ត ។ ប៉ុន្តែត្រឹមតែរយៈពេល ១១ ខែដើមឆ្នាំ ២០២១ នេះ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរសម្រេចរហូតដល់ជាង ១០ ពាន់លានដុល្លារអាមេរិកទៅហើយ ។
លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ពន្យល់ពីការដែលកម្ពុជាចិនបានសម្រេចទំហំពាណិជ្ជកម្មលឿនមុនផែនការ និងទោះបីក្នុងបរិបទកូវីដ ១៩ នេះក្តីនេះថា ដោយសារតែមានតម្រូវការទំនិញពីកម្ពុជាពីប្រទេសនានានៅលើពិភពលោកបានកើនឡើង ហើយចិនគឺជាប្រទេសអ្នកផ្គត់ផ្គង់វត្ថុធាតុដើមដ៏សំខាន់សម្រាប់កម្ពុជា ។
លោកបន្តថា ក្នុងអំឡុងវិបត្តិកូវីដ ១៩ ឆ្នាំ ២០២០ កម្ពុជាមានបញ្ហាបន្តិចជាមួយនឹងការនាំចូលទំនិញវត្ថុធាតុដើមពីប្រទេសចិន តែក្រោយពីបានដោះស្រាយបានហើយ កម្ពុជាបានបន្ថែមការនាំចូលពីប្រទេសចិនមកបំពេញនូវខ្សែច្រវ៉ាក់ផលិតកម្ម ក្នុងការផលិតផលិតផលនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ។
«កត្តាដែលជំរុញឱ្យការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិកើនឡើងខ្ពស់បែបនេះ ពីព្រោះថា ប្រទេសដែលជាដៃគូប្រកួតប្រជែងក្នុងតំបន់ដូចជាភូមា បង់ក្លាដេស ស្រីលង្កាជាដើម បានជួបនឹងវិបត្តិកូវីដ ១៩ និងបញ្ហាផ្ទៃក្នុង ធ្វើឱ្យអ្នកបញ្ជាទិញមានការរារែកក្នុងការបញ្ជាទិញពីប្រទេសទាំងនោះ ហើយក៏បានបង្វែការបញ្ជាទិញរបស់ខ្លួនមកកម្ពុជាវិញ » នេះជាការបញ្ជាក់របស់លោក ប៉ែន សុវិជាតិ ។
មន្ត្រីដដែលលើកឡើងបន្តថាកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកម្ពុជា និងចិនដែលនឹងចូលជាធរមាននៅក្នុងឆ្នាំ ២០២២ ខាងមុខនេះ ជាច្រកមួយបន្ថែមទៀត ក្នុងការជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែមានកំណើនឱ្យកាន់តែប្រសើរឡើង និងអាចទាក់ទាញការវិនិយោគពីប្រទេសចិន និងប្រទេសផ្សេងទៀតចូលមកកម្ពុជា កាន់តែច្រើនផងដែរ ៕
ចែករំលែកព័តមាននេះ