ខេត្តកំពង់ចាម ៖ ដីព្រៃលិចទឹកដែលជាជំរកត្រីពងដ៏សំខាន់និងជាតំបន់អភិរក្ស នៅម្តុំស្ពានមាត់ឃ្មង់ ក្នុងភូមិទួលវិហារ ឃុំជីរោទ៏ទី២ ស្រុកត្បូងឃ្មុំ បាននិងកំពុងត្រូវក្រុមឈ្មួញប្រើគ្រឿងចក្រជីកកាយយកអាចម៏ដីដឹកតាមរថយន្តបែនធំៗទៅលក់ ដោយមិនមានការទប់ស្កាត់ណាមួយពីអាជ្ញាធរមូលដ្ឋាននោះឡើយ ដែលហេតុនេះនឹងធ្វើឱ្យបាត់បង់ព្រៃលិចទឹក វិនាសហិនហោចជាក់ជាមិនខាន បើមិនមានការទប់ស្កាត់នោះ។
លោក គង់ សីហុង នាយប៉ុស្ត៏រដ្ឋបាលឃុំជីរោទ៏ទី២ ប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី១៤ ឧសភា ថា នៅចំងាយពីស្ពានមាត់ឃ្មង់ប្រមាណ២០០ម៉ែត្រ ពិតជាមានគ្រឿងចក្រអេស្កាវ៉ាទ័រកំពុងតែជីកយកអាចម៏ដីធ្វើស្រះ ដែលជារបស់លោកឧកញ៉ាម្នាក់ឈ្មោះសំណាង ដើម្បីចិញ្ចឹមត្រី ព្រោះមានការស្នើសុំពីស្ថាប័នជំនាញ ទើបគេអនុញ្ញាតឲ្យជីក។ ចំណែកមួយកន្លែងទៀតនៅឆ្ងាយពីត្រង់នោះ ក៏កំពុងតែជីកដែរ ជារបស់ឈ្មោះ ផាត ។
លោកឡុង គន នាយអធិការរដ្ឋបាលជលផលមេគង្គ ឲ្យដឹងតាមទូរស័ព្ទថា មានប្រជាពលរដ្ឋម្នាក់ឈ្មោះ លី ហុង បានស្នើសុំមករូបលោកសុំដីខាងលើជីកស្រះ ដើម្បីចិញ្ចឹមត្រី ដែលមានទទឹង ២០ទៅ៣០ម៉ែត្រ បណ្តោយ៦០ទៅ៧០ម៉ែត្រ និងជម្រៅ២,៥០ម៉ែត្រទៅ៣ម៉ែត្រ សម្រាប់ចិញ្ចឹមត្រីតាមប្រព័ន្ធវារីវប្បកម្ម និងបានអនុញ្ញាតឲ្យជីកមានចំងាយប្រហែលពី១០០ទៅ២០០ម៉ែត្រពីស្ពានមាត់ឃ្មង់ ។ លោកថា អ្នកដែលសុំជីកស្រះនោះត្រូវជាក្មួយរបស់លោកឧកញ៉ាម្នាក់ នៅត្រើយខាងកើតទន្លេមេគង្គ ដែលការជីកស្រះនោះធ្វើឡើង ស្របតាមនយោបាយចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ការចិញ្ចឹមត្រីជាលក្ខណៈគ្រួសារ។
ជាមួយគ្នានោះរូបលោកបានចាត់ឲ្យកម្លាំងខណ្ឌរដ្ឋបាលជលផលខេត្ត ចុះទៅពិនិត្យមើលដោយផ្ទាល់នៅនឹងកន្លែងជីកស្រះរបស់ឈ្មោះហុង ហើយបើសិនជាការជីកនោះលើសពីការស្នើសុំ មិនអនុញ្ញាតឲ្យជីកឡើយ នឹងត្រូវដកហូតយកគ្រឿងចក្រ ។ ចំពោះករណីជីកយកអាចម៏ដីនៅកន្លែងផ្សេងនោះ រូបលោកបានចាត់ឲ្យខាងកំលាំងខណ្ឌជលផលខេត្ត ចុះទៅពិនិត្យហើយដែរ តែមិនទាន់ឃើញមានរបាយការណ៏ណាមួយផ្ញើមករូបលោកនៅឡើយទេ ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ