ប្រពៃណី​ត្បាញ​កន្ត្រងប្រហុក​ពី​ដូនតា​ពិតជា​ស្អាត និង​អាច​ជួយ​ជីវភាព​គ្រួសារ


ខេត្តកំពង់ឆ្នាំង ៖ «​កន្ត្រងប្រហុក​» គឺជា​វត្ថុ​ប្រើប្រាស់​ម្យ៉ាង​ធ្វើ​ពី​ឬ​ស្សី​មាន​ទំហំ​ប្រមាណ​ប៉ុន​ក្តាប់ដៃ​មនុស្ស​ចាស់ ។ របស់​នេះ​គេ​ប្រើ​សម្រាប់​ដាក់​ប្រហុក​ជ្រុំ​ទៅ​ក្នុង​ឆ្នាំងសម្ល​ដែល​មានទឹក​កំពុង​ពុះ​ឲ្យ​សាច់​ប្រហុក​រលាយ​អស់​សល់​តែ​ឆ្អឹង​ត្រី​ប្រហុក ទើប​គេ​យក​ទៅ​គោះ​ឆ្អឹង​ប្រហុក​នោះ​ចេញ និង​ទុក​កន្ត្រងប្រហុក​នោះ​វិញ​នៅ​លើ​ធ្នើ​ល ឬ​សៀត និង​ជញ្ជាំង​ផ្ទះបាយ ។

បច្ចុប្បន្ន អ្នក​ឃុំ​គោក​បន្ទាយ​បាន​ប្រកាន់ខ្ជាប់​ប្រពៃណី​ត្បាញ​កន្ត្រងប្រហុក​លក់ ដើម្បី​បង្កើន​ចំ​ណួ​ល​គ្រួសារ​ក្រៅពី​ការងារ​ស្រែ​ចម្ការ ។

ស្រី្ត​ចំណាស់​ម្នាក់​ឈ្មោះ ជុំ ហាន អាយុ​៧១​ឆ្នាំ រស់នៅ​ភូមិ​គោក​បន្ទាយ ឃុំ​គោក​បន្ទាយ ស្រុក​រលាប្អៀរ​បាន​និយាយ​ថា ៖ សព្វថ្ងៃ​ក្រៅពី​មុខរបរ​ធ្វើស្រែ​ចម្ការ គាត់​តែងតែ​ឆ្លៀត​ធ្វើ​កន្ត្រងប្រហុក​លក់ ដើម្បី​ជួយ​ផ្គត់ផ្គង់​ជីវភាព​ដែល​ការងារ​នេះ គឺ​គាត់​បាន​ចេះ​ត​ៗ​គ្នា​តាំងពី​ដូនតា ។

បច្ចុប្បន្ន​នេះ អ្នក​ភូមិ​ប្រមាណ​៧០% បាន​ប្រកប​មុខរបរ​នេះ​ដូច​ៗ​គ្នា ។ ដើម្បី​ធ្វើ​ជា​កន្ត្រងប្រហុក​បាន គឺ​ត្រូវ​ទិញ​ដើម​ឬ​ស្សី​ពី​គេ​យក​មក​អារកាត់​ជា​កង់​ៗ​បន្ទាប់​មក​ពុះ​ជ្រៀក​ជា​ចំរៀក​តូច​ៗ និង​បិត​វា​ឲ្យ​ស្អាត​ទើប​យក​មក​ត្បាញ​ជា​កន្ត្រងប្រហុក ។

ក្រោយ​ពេល​ត្បាញ​កើតជា​កន្ត្រងប្រហុក​ហើយ​ត្រូវធ្វើ​កណ្ដាប់​ចងដៃ​វា ហើយ​ត្រូវ​ប្រមូល​វា​យក​ទៅ​ឆ្អើរភ្លើង​ឲ្យ​ឡើង​ពណ៌​ក្រ​ម៉ៅ​កុំ​ឲ្យ​មេ​ស៊ី​ផង និង​មាន​ពណ៌​ស្អាត​ផង ។ ពេល​លទ្ធផល​បាន​សម្រេច​ហើយ​ទើប​យើង​យក​មក​ចង​ជា​ដុំ​ៗ (​ក្នុង​១​ដុំ​មាន​ចំនួន​១០​កន្ត្រងប្រហុក​) ទុក​លក់​បោះ​ឲ្យ​ម៉ូយ ដែល​គេ​មក​ទទួល​ទិញ​ដល់​ផ្ទះ ។

ចំពោះ​រូប​គាត់​ក្នុង​មួយ​ថ្ងៃ​គាត់​អាច​ធ្វើ​បាន​កន្ត្រងប្រហុក​បាន​ជាង​១០​កន្ត្រងប្រហុក ហើយ​បើ​គិត​ជា​ខែ ក្នុង​១​ខែ​គាត់​ត្បាញ​បាន​ប្រមាណ​ជាង​៤០០​កន្ត្រងប្រហុក ដែល​តម្លៃ​លក់​ចេញ​បោះ​ដុំ​ឲ្យ​ម៉ូយ​ថ្លៃ​៧០០​រៀល​ក្នុង​កន្ត្រងប្រហុក​១ ។

ចំណែក​ស្ត្រី​ឈ្មោះ មួន សំ អាយុ​៥៥​ឆ្នាំ ដែល​កំពុង​ធ្វើ​បាន​ឲ្យ​ដឹង​ដែរ​ថា ក្នុង​មួយ​ថ្ងៃ​បើ​ធ្វើ​ជាប់​គាត់​អាច​ធ្វើ​បាន​ពី​២០​ទៅ​២៥​ក​ន្ក្រ​ង ដែល​អាច​លក់​ចេញ​បាន​ក្នុង​តម្លៃ​ទៅ​៧០០​រៀល​ក្នុង​កន្ត្រងប្រហុក​១ ឬ​ច្រើន​ជាង​នេះ​បន្តិច បើ​ចំ​ពេល​តម្រូវ​ទីផ្សារ​ច្រើន ។

បច្ចុប្បន្ន​អ្នក​ត្បាញ​កន្ត្រងប្រហុក​នៅ​ក្នុង​ឃុំ​គោក​បន្ទាយ មាន​ចំនួន​៤​ភូមិ គឺ​ភូមិ​ពាល​ពក ភូមិ​ទ្រ​នាម​ពេ​ច ភូមិ​មាន​ជ័យ និង​ភូមិ​គោក​បន្ទាយ ។ កន្ត្រងប្រហុក​ដែល​ត្បាញ​បាន​ត្រូវ​ឈ្មួញ​មក​ទទួល​ទិញ​ដល់​ៗ​ផ្ទះ និង​យក​ទៅ​លក់​បន្ត​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ដែល​មាន​ឈ្មួញ​ចាំ​ទិញ​យក​ទៅ​លក់​ក្នុង​ប្រទេស​ថៃ ។

បើ​តាម​គាត់​បានដឹង​ពី​ឈ្មួញ​ប្រាប់​ថា ក្រៅពី​យក​ទៅ​ធ្វើ​ជា​កន្ត្រង​សម្រាប់​ត្រង​ប្រហុក​ជនជាតិ​ថៃ​ខ្លះ​បាន​ទិញ​យក​ទៅ​កែ​ឆ្នៃ​ថែម​ពណ៌​ដាក់​ផ្កា​សម្រាប់​ដាក់​តាំង​លំអរ​ផង​ដែរ ។ ប្រជាពលរដ្ឋ អ្នក​ឃុំ​គោក​បន្ទាយ​បាន​អំពាវនាវ​ឲ្យ​កូន​ខ្មែរ​ទាំងអស់​នៅ​ក្នុង​ប្រទេស​សូម​ចូលរួម​ជួយ​រក្សា​ប្រពៃណី​តម្បាញ​កន្ត្រងប្រហុក​ជា​ស្នាដៃ​បុព្វបុរស​ខ្មែរ​កុំ​ឲ្យ​បាត់បង់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

វប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ