ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា TikTok ល្បី​បំផុត​លើ​លោក ចាក​ចេញពី​ទឹក ដី​សហរដ្ឋអាមេរិក បន្ទាប់​ពី​ត្រូវ​ឃុំខ្លួន​ដោយ​ភ្នាក់ ងារ​អន្តោប្រវេសន៍

1 ថ្ងៃ មុន

សហរដ្ឋអាមេរិក ៖ លោក Khaby Lame តារា TikTok ល្បី​បំផុត​លើ​ពិភពលោក ដែល​មាន​អ្នក​តាមដាន​ច្រើន​ជាង​១៦០​លាន​នាក់ ត្រូវ​បាន​រាយការណ៍​ថា…

សហរដ្ឋអាមេរិក ៖ លោក Khaby Lame តារា TikTok ល្បី​បំផុត​លើ​ពិភពលោក ដែល​មាន​អ្នក​តាមដាន​ច្រើន​ជាង​១៦០​លាន​នាក់ ត្រូវ​បាន​រាយការណ៍​ថា បាន​ចាក​ចេញពី​ទឹកដី​សហរដ្ឋអាមេរិក​ហើយ បន្ទាប់​ពី​ត្រូវ​បាន​ឃុំខ្លួន​ដោយ​ទីភ្នាក់ងារ​អន្តោប្រវេសន៍​នៅ​ទីក្រុង​ឡាស​វេ​ហ្គា​ស (Las Vegas) ពី​បទ​ចោទ​ថា​បាន​ស្នាក់​នៅ​​ហួស​សុពលភាព​ទិដ្ឋាការ​របស់​ខ្លួន​។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន AP ចេញផ្សាយ​នៅ​ពី​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២៥​។

បើ​តាម​អ្នកនាំពាក្យ​ទីភ្នាក់ងារ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ និង​គយ​របស់​សហរដ្ឋអាមេរិក ហៅ​កាត់​ថា ICE បាន​បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា លោក Khaby Lame ជនជាតិ​សេ​ណេ​ហ្គា​ល់ សញ្ជាតិ​អ៊ី​តា​លី ដែល​មានឈ្មោះ​ពិត​ថា Seringe Khabane Lame ត្រូវ​បាន​ឃុំខ្លួន​កាលពី​ថ្ងៃ​សុក្រ នៅ​ឯអាកាស​យានដ្ឋាន​អន្តរជាតិ Harry Reid ប៉ុន្តែ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក​ចេញពី​ទឹកដី​សហរដ្ឋអាមេរិក​ដោយ​គ្មាន​ដីកា​និរទេស​។ អ្នកនាំពាក្យ ICE បាន​បញ្ជាក់​ថា លោក Khaby Lame បាន​មក​ដល់​សហ រដ្ឋអាមេរិក​នៅ​ថ្ងៃ​ទី​៣០ ខែមេសា ហើយ​បាន​ស្នាក់​នៅ​ហួស​សុពលភាព​ទិដ្ឋាការ​របស់​ខ្លួន​។

សារព័ត៌មាន Associated Press (AP) បាន​ផ្ញើ​សារ​ស្នើ​សុំ​ការ​អត្ថាធិប្បាយ​កាលពី​ថ្ងៃ​ទី​១០ ខែមិថុនា ទៅ​កាន់​អ៊ីមែល​របស់​លោក Khaby Lame ពាក់ព័ន្ធ​នឹង​រឿង​នេះ ប៉ុន្តែ​តារា TikTok ដ៏​ល្បី​បំផុត​រូប​នេះ មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ជា​សាធារណៈ​អំពី​ការ​ឃុំខ្លួន​នោះ​ទេ​។

ការ​ឃុំខ្លួន Khaby Lame និង​ការ​ចាកចេញ​ដោយ​ស្ម័គ្រចិត្ត​ពី​ទឹកដី​សហរដ្ឋអាមេរិក កើតឡើង​ចំ​ពេល​ដែល​ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) មានការ​បង្ក្រាប​កាន់តែ​ខ្លាំង​ឡើង​លើ​ជនអន្តោប្រវេសន៍ រួម​ទាំង​ការ​ឆ្មក់​ចូល​បង្ក្រាប់​នៅ​ក្នុង​ទីក្រុង​ឡូ​សអាន់​ជ័រ​លេស (Los Angeles) កាលពី​ថ្មី​ៗ​នេះ ដែល​បង្ក​ឱ្យ​ផ្ទុះ​ការ​តវ៉ា​ជា​ច្រើន​ថ្ងៃ​ប្រឆាំង​នឹង ICE​។

ការ​ចាកចេញ​ដោយ​ស្ម័គ្រចិត្ត ដែល​បាន​ផ្តល់​ឱ្យ​លោក Khaby Lame គឺជា​ការ​អនុញ្ញាត​ឱ្យ​បុគ្គល​ដែល​ប្រឈម​មុខ​នឹង​ការ​ចាក​ចេញពី​ទឹកដី​សហរដ្ឋអាមេរិក ជៀសវាង​ការ​បញ្ជា​ឱ្យ​និរទេស​ខ្លួន​នៅ​លើ​កំណត់​ត្រា​អន្តោប្រវេសន៍​របស់​ពួក​គេ ដែល​អាច​រារាំង​ពួក​គេ​ពី​ការ​អនុញ្ញាត​ឱ្យ​វិល​ត្រឡប់​មក​សហរដ្ឋអាមេរិក​វិញ រហូត​ដល់​រយៈ​១០​ឆ្នាំ​។

គួរ​បញ្ជាក់​ជូន​ថា គិត​ត្រឹម​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០២៥ លោក Khaby Lame កំពុង​ឈរ​ជា​បុគ្គល​មាន​អ្នក​តាមដាន (Follower) លើ​បណ្តាញ​សង្គម TikTok ច្រើន​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក ពោល​១៦២,២​លាន​នាក់ តាម​ក្រោយ​ដោយ​កញ្ញា Charli D’Amelio ដែល​មាន​ចំនួន​១៥៦,៨​លាន​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ