រាជធានីភ្នំពេញ ៖ អតីតតារាចម្រៀងសំនៀងរៃកន្ត្រឹងនាង ពៅ បញ្ញាពេជ្រ បានធ្វើការរំលឹកអនុស្សាវរីយ៍របស់ខ្លួនឡើងវិញ តាមរយៈរូបភាពចាស់ៗដែលធ្លាប់មានរូបរាង និងរូបសម្រស់ស្រស់ស្អាត នៅមុនពេលដែលនាងធ្លាក់ខ្លួនជាជនពិការនាពេលបច្ចុប្បន្ននេះ ។

ការរំលឹកនូវរូបថតចាស់ៗពីមុន ពៅ បញ្ញាពេជ្រ នាពេលនេះឡើង ដើម្បីរំលឹកអនុស្សាវរិយ៍ល្អៗរបស់នាងពីមុនមក ជាមួយនឹងការសម្តែងក្តីនឹករលឹកដល់អ្នកគាំទ្ររូបនាងទាំងអស់អំឡុងពេលដែលនាងកំពុងប្រឡូកក្នុងវិស័យសិល្បៈចម្រៀង ។

ពៅ បញ្ញាពេជ្រ បានលើកយកនូវរូបភាពចាស់ៗនានាដែលនាងធ្លាប់ថតសម្អាងការ រូបភាពចុះផ្សាយតាមបណ្តាញសារព័ត៌មាន ទស្សនាវដ្តី ជាពិសេស រូបភាពនៅក្នុងអ៊ាល់ប៊ុម CD ចម្រៀងដែលនាងធ្លាប់ថត ហើយចេញលក់នៅលើទីផ្សារ ។

យ៉ាងណា ការរំលឹករូបភាពចាស់ៗនាពេលនេះ ត្រូវបាន ពៅ បញ្ញាពេជ្រ គូសបញ្ជាក់ថា ការរំលឹកនេះ គឺនាងមិនមានចេតណាអ្វីនោះឡើយ ពោលក្រៅពីចង់បង្ហាញទៅកាន់មិត្តភក្តិតាមបណ្តាញសង្គមរបស់នាងទាំងអស់ឲ្យបានឃើញនូវរូបភាពចាស់ៗរបស់នាងតែប៉ុណ្ណោះ ។

ជាមួយរូបភាពវីដេអូបង្ហោះលើបណ្តាញសង្គម បង្ហាញពីរូបភាព និងអ៊ាល់ប៊ុម CD ចម្រៀងដែលខ្លួនបានរក្សាទុក ពៅ បញ្ញាពេជ្រ បានលើកឡើងថា គិតមកទល់នាពេលនេះមានរយៈប្រមាណជាង២០ឆ្នាំហើយ ដែលនាងបានរក្សាទុកនូវរូបភាពចាស់របស់នាង ដោយមិនមានបាត់បង់ ឬរហែកទៅណាឡើយ ។

នាងបន្តថា រាល់ឯកសារទាក់ទងនឹង CD ទស្សនាវដ្តីថតបង្ហាញម៉ូត គឺនាងទុកបានយ៉ាងល្អ ដើម្បីធ្វើជាកម្រងអនុស្សាវរិយ៍សម្រាប់រូបនាងបើកមើលនៅពេលទំនេរ ។
នាងបញ្ជាក់ថា សម្រាប់អ៊ាល់ប៊ុម CD បទចម្រៀងដែលនាងបានថតនោះ ក៏រូបនាងបានថែរក្សាទុកយ៉ាងល្អផងដែរ ដោយនៅក្នុងនោះCD ចាស់ៗ ដែលរូបនាងថតមានក្នុងផលិតកម្មសាន់ដេ ផលិតកម្មរស្មីហង្សមាស ផលិតកម្មហ្គោលដេនស៊ីឌី និងផលិតកម្មក្រៅស្រុកមួយចំនួនទៀត ។

នាងថា នាងចូលចិត្តរក្សានូវរូបភាពចាស់ ជាពិសេស CD ចម្រៀងរបស់នាង ប៉ុន្តែនាងមិនសូវបានចាក់ស្តាប់បទចម្រៀងឡើងវិញឡើយ ដោយសារតែអារម្មណ៍របស់នាងគឺមិនចង់ស្តាប់បទខ្លួនឯង ពោលគឺចូលចិត្តស្តាប់បទចម្រៀងអ្នកដទៃទៅវិញ ។

យ៉ាងណា ក្រោយឃើញការបង្ហោះខាងលើពី ពៅ បញ្ញាពេជ្រ នាពេលនេះ គេឃើញមហាជន ជាពិសេស បណ្តាអ្នកធ្លាប់គាំទ្របទចម្រៀងរបស់នាងជាច្រើន បានសម្តែងក្តីនឹករលឹក និងនៅតែនឹកឃើញពីបទចម្រៀងរបស់នាងដែលធ្លាប់ពេញនិយមពីប្រិយមិត្តអ្នកស្តាប់នាពេលកន្លងមក ។

ជាការកត់សម្គាល់ តារាចម្រៀង ពៅ បញ្ញាពេជ្រ គឺជាអតីតតារាចម្រៀងរបស់ផលិតកម្មរស្មីហង្សមាសនៅឆ្នាំ២០០០ រហូតដល់ឆ្នាំ២០០៧ ដែលជាតារាចម្រៀងមួយដួងបានរះក្នុងចិត្តអ្នកគាំទ្រ និងជាតារាចម្រៀងរួមជំនាន់ជាមួយកញ្ញា គីម លក្ខិណា លោក ណុប បាយ៉ារិទ្ធ ជាដើម ។

ជាអកុសល នៅអំឡុងឆ្នាំ២០០៧ អតីតតារាចម្រៀងរូបនេះ ទទួលរងការបាញ់ប្រហារដោយខ្មាញ់កាំភ្លើងមិនស្គាល់មុខ រហូតដល់ធ្លាក់ខ្លួនពិការ ហើយបានបាត់មុខទាំងស្រុងពីវិស័យសិល្បៈតែម្ដង បើគិតមកទល់ពេលនេះ អស់រយៈពេលជាង២០ឆ្នាំហើយ ខណៈពេលដែលបច្ចុប្បន្ន ពៅ បញ្ញាពេជ្រ បានប្រើជីវិតរស់នៅលើរទេះរុញ ដោយចិត្តតស៊ូ និងអំណត់ ។

ទោះបីជាពេលនេះ នាងក្លាយជាជនពិកាអង្គុយលើរទះរុញ និងប្រែប្រួលរូបសម្រស់ខុសពីមុនក៏ដោយ ប៉ុន្តែសម្រាប់ ពៅ បញ្ញាពេជ្រ ធ្លាប់បានប្រៀបធៀបរូបភាពពីមុន និងឥឡូវ ជាមួយនឹងការពោលពាក្យយ៉ាងចាក់ដោតថា បងប្អូនមើលឃើញភាពខុសគ្នាទេ? ចឹងមានន័យថា គ្រប់យ៉ាងគឺមិនទៀង គ្រប់យ៉ាងមិនមែនជារបស់យើងរហូតទេ ៕





ចែករំលែកព័តមាននេះ