ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ព័ន្ធ​ក្រុមហ៊ុន Emirates ទទួល​ប្រាក់​ចំណេញក្នុង​កម្រិត​កំណត់​ត្រា រហូត​ដល់​ទៅ ៦៦០០ លានដុល្លារ នៅ​ឆ្នាំ ២០២៥-២០២៦

58 វិនាទី មុន

Emirates នៅ​តែ​ជា​ក្រុមហ៊ុន​អាកាសចរណ៍​មាន​ប្រាក់​ចំណេញ​ខ្លាំង​ជាងគេ​បំផុត​លើ​ពិភពលោក ដោយ​បន្ត​ពង្រីក​បណ្ដាញ​ហោះហើរ​របស់​ខ្លួន ដូច​ជា​ផ្លូវ​ហោះហើរ​ពី​សៀមរាប​ទៅ​ឌូ​បៃ​ជាដើម​ ។ រាជធានី​ភ្នំពេញ, ថ្ងៃ​ទី ​១២ ខែឧសភា ឆ្នាំ…

Emirates នៅ​តែ​ជា​ក្រុមហ៊ុន​អាកាសចរណ៍​មាន​ប្រាក់​ចំណេញ​ខ្លាំង​ជាងគេ​បំផុត​លើ​ពិភពលោក ដោយ​បន្ត​ពង្រីក​បណ្ដាញ​ហោះហើរ​របស់​ខ្លួន ដូច​ជា​ផ្លូវ​ហោះហើរ​ពី​សៀមរាប​ទៅ​ឌូ​បៃ​ជាដើម​ ។

រាជធានី​ភ្នំពេញ, ថ្ងៃ​ទី ​១២ ខែឧសភា ឆ្នាំ ​២០២៦ ៖ សម្ព័ន្ធ​ក្រុមហ៊ុន Emirates Group បាន​ចេញ​របាយការណ៍​ប្រចាំឆ្នាំ ២០២៥-២០២៦ របស់​ខ្លួន ដោយ​សម្រេច​បាន​នូវ​ប្រាក់​ចំណេញ ប្រាក់​ចំណូល និង​សមតុល្យ​សាច់ប្រាក់​ក្នុង​កម្រិត​កំណត់​ត្រា​ថ្មី បើ​ទោះបីជា​ជួប​មាន​បញ្ហា​រអាក់រអួល និង​បញ្ហា​ប្រឈម​ក្នុង​រយៈពេល ១២ ខែ នៃ​ការិយបរិច្ឆេទ​ហិរញ្ញវត្ថុ​របស់​ខ្លួន​ក្ដី ។

នៅ​ក្នុង​របាយការណ៍​នេះ​ក៏​បាន​លើក​ឡើង​ពី​ក្រុង​សៀមរាប ថា​ជា​គោលដៅ​ធ្វើ​ដំណើរ​ថ្មី​មួយ​សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍ Emirates ព្រម​ជាមួយ​ទីក្រុង​ដា​ណា​ង ហាំ​ង​ចូ​វ និង​សិន​ជិន​។ លើស​ពី​នេះ ក្រុមហ៊ុន​អាកាសចរណ៍ Emirates បាន​បន្ថែម​សេវាកម្ម​ផ្សេង​ៗ សម្រាប់​គោលដៅ​ហោះហើរ​ដែល​មាន​ស្រាប់​ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន​។

គិត​ត្រឹម​ថ្ងៃ​ទី ៣១ ខែមីនា បណ្តាញ​ជើងហោះហើរ​សាកល​របស់​អាកាសចរណ៍ Emirates បាន​គ្របដណ្តប់​លើ​ទីក្រុង​ចំនួន ១៥២ នៅ​ក្នុង​ប្រទេស​ចំនួន ៨០​។ ក្រុមហ៊ុន​អាកាសចរណ៍ Emirates ក៏​បាន​ពង្រីក​ភាព​ជា​ដៃគូ​ប្រើ​កូដ​ហោះហើរ​រួម​គ្នា (Codeshare) រហូត​ដល់​ទៅ ៣២ ដៃគូ និង​ដៃគូ​ភ្ជាប់​បណ្ដាញ​ហោះហើរ​និង​លក់​សំបុត្រ​រួម​គ្នា (Interline) រហូត​ដល់​ទៅ ១១៧ ដៃគូ ដែល​ទាំង​អស់នេះ​ជួយ​ឱ្យ​អតិថិជន​អាច​ហោះហើរ​ទៅ​កាន់​ទីក្រុង​ជាង ១.៧០០ កន្លែង បន្ថែម​លើ​បណ្ដាញ​ហោះហើរ​របស់​ខ្លួន ។
សម្រាប់​ការិយបរិច្ឆេទ​ហិរញ្ញវត្ថុ ដែល​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី ៣១ ខែមីនា ឆ្នាំ ២០២៦ សម្ព័ន្ធ​ក្រុមហ៊ុន​អាកាសចរណ៍ Emirates មាន​របាយការណ៍​ដូច​តទៅ​៖

•​ ​ប្រាក់​ចំណេញ​មុន​បង់ពន្ធ បាន​កើនឡើង​ក្នុង​កម្រិត​កំណត់​ត្រា គឺ​មាន​ទំហំ​ទឹកប្រាក់ ២៤,៤ ពាន់​លាន​ឌី​រ៉ា​ម​អេ​ម​រ៉េ​ត (៦៦០០ លាន​ដុល្លារ​សហរដ្ឋអាមេរិក​) ដែល​កើនឡើង ៧% ធៀប​នឹង​ឆ្នាំ​មុន ហើយ​អត្រា​ភាគរយ​នៃ​ប្រាក់​ចំណេញ​មុន​បង់ពន្ធ​នេះ គឺ​ស្មើនឹង ១៦,២%
•​ ​ប្រាក់​ចំណូល​ក្នុង​កម្រិត​កំណត់​ត្រា មាន​ទំហំ​ទឹកប្រាក់ ១៥០,៥ ពាន់​លាន​ឌី​រ៉ា​ម​អេ​មី​រ៉េ​ត (៤១ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​) កើនឡើង ៣% ធៀប​នឹង​លទ្ធផល​ពី​ឆ្នាំ​មុន ។
•​ សាច់ប្រាក់​កើនឡើង​ក្នុង​កម្រិត​កំណត់​ត្រា ដោយ​មាន​ទំហំ ៥៩,៦ ពាន់​លាន​ឌី​រ៉ា​ម​អេ​មី​រ៉េ​ត (១៦,២ ពាន់​លាន​ដុល្លារ​) ដែល​កើនឡើង ១២% ធៀប​នឹង​ឆ្នាំ​មុន ។
•​ ​ប្រាក់​ចំណេញ​មុន​បង់ពន្ធ ការ​ប្រាក់ និង រំ​លោះ (EBITDA) មាន​ទំហំ​ទឹកប្រាក់ ៤១,១ ពាន់​លាន​ឌី​រ៉ា​ម​អេ​មី​រ៉េ​ត (១១,២ ពាន់​លាន​ដុល្លារ​) ដែល​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​ភាពរឹងមាំ​នៃ​លទ្ធភាព​ចំណេញ​ពី​ប្រតិបត្តិការ
សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍ Emirates គឺ​នៅ​តែ​រក្សា​តំណែង​របស់​ខ្លួន​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ទទួល​ប្រាក់​ចំណេញ​ខ្លាំង​ជាងគេ​បំផុត​លើ​ពិភពលោក ដោយ​មាន​របាយការណ៍​ដូច​តទៅ​៖
•​ ​ប្រាក់​ចំណេញ​មុន​បង់ពន្ធ បាន​កើនឡើង​ក្នុង​កម្រិត​កំណត់​ត្រា គឺ​មាន​ទំហំ​ទឹកប្រាក់ ២២,៨ ពាន់​លាន​ឌី​រ៉ា​ម​អេ​មី​រ៉េ​ត (៦២០០ លាន​ដុល្លារ​សហរដ្ឋអាមេរិក​) ដែល​កើនឡើង ៧% ធៀប​នឹង​ឆ្នាំ​មុន ហើយ​អត្រា​ភាគរយ​នៃ​ប្រាក់​ចំណេញ​មុន​បង់ពន្ធ​នេះ​គឺ​ស្មើនឹង ១៧,៤%
•​ ​ប្រាក់​ចំណូល​ក្នុង​កម្រិត​កំណត់​ត្រា មាន​ទំហំ​ទឹកប្រាក់ ១៣០,៩ ពាន់​លាន​ឌី​រ៉ា​ម​អេ​មី​រ៉េ​ត (៣៥,៧ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​) កើនឡើង ២% ធៀប​នឹង​លទ្ធផល​ពី​ឆ្នាំ​មុន ។
•​ ​សាច់ប្រាក់​កើនឡើង​ក្នុង​កម្រិត​ខ្ពស់​បំផុត ដោយ​មាន​ទំហំ ៥៤,៩ ពាន់​លាន​ឌី​រ៉ា​ម​អេ​មី​រ៉េ​ត (១៥ ពាន់​លាន​ដុល្លារ​) ដែល​កើនឡើង ១០% ធៀប​នឹង​ឆ្នាំ​សារពើពន្ធ​មុន​ដែល​បិទ​នៅ​ថ្ងៃ​ទី ៣១ ខែមីនា ឆ្នាំ ២០២៥ ។

ព្រះ​អង្គ​ម្ចាស់ Sheikh Ahmed bin Saeed Al Maktoum ប្រធាន និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន​អាកាសចរណ៍ Emirates និង​សម្ព័ន្ធ​ក្រុមហ៊ុន Emirates មាន​បន្ទូល​ថា​៖ “​លទ្ធផល​ដ៏​ត្រចះត្រចង់​ទាំង​អស់នេះ បើ​ទោះបីជា​មាន​បញ្ហា​ប្រឈម​សំខាន់​ៗ​នៅ​ក្នុង​ខែ​ចុង​ក្រោយ​នៃ​ការិយបរិច្ឆេទ​ហិរញ្ញវត្ថុ​របស់​យើង​ក៏​ដោយ សបញ្ជាក់​ឱ្យ​ឃើញ​ជា​ថ្មី​ពី​ភាពរឹងមាំ និង​ភាព​ធន់​នៃ​គំរូ​អាជីវកម្ម​របស់​សម្ព័ន្ធ​ក្រុមហ៊ុន Emirates ដែល​ចា់​ឫស​ចាក់​គល់​ផ្នែក​សុវត្ថិភាព ឧត្តមភាព នវានុវត្តន៍ ធនធានមនុស្ស និង​ភាព​ជា​ដៃគូ​”​។

“​សម្រាប់​រយៈពេល ១១ ខែ​នៃ​ឆ្នាំ​សារពើពន្ធ ២០២៥-២០២៦ ទិដ្ឋភាព​ទូ​ទាំង​សម្ព័ន្ធ​ក្រុមហ៊ុន​ទាំងមូល​គឺ​មាន​ភាព​វិជ្ជមាន​ខ្លាំង​ណាស់​។ តម្រូវការ​ខ្ពស់​សម្រាប់​ផលិតផល និង​សេវាកម្ម​របស់​យើង​កំពុង​ជំរុញ​កំណើន​ប្រាក់​ចំណូល ហើយ​យើង​សម្រេច​បាន​ប្រាក់​ចំណេញ​ល្អ​ប្រសើរ ដោយសារ​ការ​វិនិយោគ​ជាប់លាប់​លើ​ផលិតផល ធនធានមនុស្ស បច្ចេកវិទ្យា និង​ម៉ាក​យីហោ​។ ពី​មួយ​ខែ​ទៅ​មួយ​ខែ យើង​សម្រេច​បាន​លទ្ធផល​លើស​គោលដៅ​យើង​បាន​កំណត់​” ។

“​នៅ​ថ្ងៃ​ទី ២៨ ខែកុម្ភៈ សកម្មភាព​យោធា​បាន​រំខាន​យ៉ាង​ខ្លាំង​ដល់​អាជីវកម្ម​ចរាចរណ៍​ផ្លូវអាកាស​ជាស​កល​នៅ​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស រួម​ទាំង​នៅ​អា​រ៉ាប់​រួម​ផង​ដែរ​។ ក្រុមហ៊ុន​អាកាសចរណ៍ Emirates និង dnata បាន​សម្រុក​ប្រមូលផ្តុំ​កៀរគរ​ធនធាន​ដើម្បី​ជួយ​គាំទ្រ​ដល់​បុគ្គលិក និង​អតិថិជន​ដែល​រង​ផល​ប៉ះពាល់ ការពារ​ទ្រព្យសម្បត្តិ​របស់​យើង និង​ធានា​បាន​នូវ​ចីរភាព​របស់​អាជីវកម្ម​”​។

“​យើង​មានសំណាង​ណាស់​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឌូ​បៃ ពីព្រោះ​ទីក្រុង​នេះ​មានការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ និង​ប្រព័ន្ធ​អេកូឡូស៊ី​អាកាសចរណ៍​ដ៏​ស៊ីសង្វាក់​គ្នា បាន​អនុញ្ញាត​ឱ្យ​រដ្ឋាភិបាល​ស្វែង​រកបាន​នូវ​ច្រករបៀង​សុវត្ថិភាព​យ៉ាង​ឆាប់រហ័ស​សម្រាប់​ជើងហោះហើរ​ផ្នែក​ពាណិជ្ជកម្ម​។ ក្រុមហ៊ុន​អាកាសចរណ៍ Emirates និង dnata បាន​ស្តារ​ប្រតិបត្តិការ​ឡើង​វិញ​បន្តិច​ម្តង​ៗ​នៅ DXB​។ ទោះបីជា​យើង​ធ្វើ​ប្រតិបត្តិការ​ក្នុង​កម្រិត​ទាប​ជាង​សមត្ថភាព​ក្នុង​ការ​ដឹក​អ្នកដំណើរ បើ​ធៀប​នឹង​មុន​ពេល​សង្គ្រាម​ក្ដី ប៉ុន្តែ​ប្រតិបត្តិការ​ដឹក​ទំនិញ​បាន​កើនឡើង​ដើម្បី​គាំទ្រ​ដល់​ចលនា​ដឹក​ជញ្ជូន​ទំនិញ​សំខាន់​ៗ​ចូល​ទៅ​ក្នុង និង​ឆ្លងកាត់​ប្រទេស​អា​រ៉ាប់​រួម​”​។

ព្រះ​អង្គ​ម្ចាស់ Sheikh Ahmed មាន​បន្ទូល​បន្ថែម​ថា​៖ “​សម្ព័ន្ធ​ក្រុមហ៊ុន Emirates ធ្លាប់​បាន​ហែល​ឆ្លង​វិបត្តិ និង​ព្រឹត្តិការណ៍​រំខាន​ពី​មុន​ៗ​មក​។ រាល់ពេល យើង​ផ្តោត​ការ​យកចិត្តទុកដាក់​ទៅ​លើ​អតិថិជន និង​បុគ្គលិក​របស់​យើង ហើយ​រាល់ពេល យើង​បាន​ងើបឡើង​វិញ​ប្រកបដោយ​ភាពរឹងមាំ​ជាង​មុន​”​។
“​បុគ្គលិក​របស់​យើង​ជា​ផ្នែក​ដ៏​ធំ​មួយ​នៃ​ភាព​ជោគជ័យ​របស់​យើង ដែល​ផ្ដល់​លទ្ធភាព​ឱ្យ​យើង​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នានា​ដោយ​ភាព​រហ័សរហួន​នៅ​ក្នុង​បរិយាកាស​ប្រតិបត្តិការ​ប្រកបដោយ​ភាព​ស្វាហាប់​។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​បុគ្គលិក​ទាំងអស់​របស់​យើង ពីព្រោះ​ពួក​គាត់​ពិតជា​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​គុណវុឌ្ឍិ ដែល​ធ្វើ​ឱ្យ​សម្ព័ន្ធ​ក្រុមហ៊ុន Emirates ឆ្លងកាត់​បាន​រាល់ពេល​លំបាក​”​។

“​ខ្ញុំ​សូម​ថ្លែង​អំណរ​អរ​ព្រះ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ព្រះ​អង្គ​ម្ចាស់ Sheikh Mohamed bin Rashid Al Maktoum និង​បុត្រា​របស់​ព្រះ​អង្គ គឺ​ព្រះ​អង្គ​ម្ចាស់ Sheikh Hamdan និង​ព្រះ​អង្គ​ម្ចាស់ Sheikh Maktoum ចំពោះ​ការ​គ្រប់គ្រង​ទីក្រុង​ឌូ​បៃ និង​ការ​គាំទ្រ​ឥត​ងាករេ​ចំពោះ​វិស័យ​អាកាសចរណ៍ ។ សម្ព័ន្ធ ក្រុមហ៊ុន Emirates មាន​មោទនភាព​ក្នុង​ការ​ចូលរួម​ចំណែក​ដល់​យុទ្ធសាស្ត្រ​របស់​ក្រុង​ឌូ​បៃ​ក្រោម​ការ​ដឹកនាំ​របស់​ព្រះ​អង្គ​។ ទន្ទឹម​នឹង​នេះ ខ្ញុំ​ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ដៃគូ​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី​ទាំងអស់​របស់​យើង ដែល​ជួយ​ឲ្យ​វិស័យ​អាកាសចរណ៍​ពិភពលោក​បន្ត​ដំណើរការ​ទៅ​មុខ​។ កិច្ចសហការ និង​សាមគ្គីភាព​របស់​ពួក​គាត់​គឺ​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន និង​ឆ្លុះ​បញ្ចាំង​ពី​ស្មារតី​នៃ​ភាព​ជា​ដៃគូ ដែល​ជា​ចំណុច​ស្នូល​នៃប្រតិបត្តិ​ការ​របស់​សម្ព័ន្ធ​ក្រុមហ៊ុន Emirates”​។

ក្នុង​ឆ្នាំ ២០២៥-២៦ សម្ព័ន្ធ​ក្រុមហ៊ុន​បាន​វិនិយោគ​រួម​គ្នា​ក្នុង​ទំហំ​ទឹកប្រាក់ ១៧,៩ ពាន់​លាន​ឌី​រ៉ា​ម​អេ​មី​រ៉េ​ត (៤,៩ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​) លើ​យន្តហោះ​ថ្មី គ្រឿង​បរិក្ខារ ឧបករណ៍ និង​បច្ចេកវិទ្យា​ថ្មី​ចុង​ក្រោយ​បំផុត ដើម្បី​គាំទ្រ​ដល់​ផែនការ​កំណើន​របស់​ខ្លួន​។ កម្លាំង​ពលកម្ម​សរុប​របស់​សម្ព័ន្ធ​ក្រុមហ៊ុន បាន​កើនឡើង ៨% ដោយ​សព្វថ្ងៃ​មាន​បុគ្គលិក​និយោជិត​រហូត​ដល់​ទៅ ១៣០.៩១៩ នាក់ ។
ទាក់ទង​នឹង​ការ​សំឡឹង​ទៅ​ឆ្នាំ ២០២៦-២៧ ព្រះ​អង្គ​ម្ចាស់ Sheikh Ahmed មាន​បន្ទូល​ថា “​ឥឡូវនេះ សកម្មភាព​យោធា​រវាង​សហរដ្ឋអាមេរិក អ៊ី​ស្រា​អែ​ល និង​អ៊ី​រ៉​ង់​ត្រូវ​បាន​ផ្អាក​ក្រោម​កិច្ចព្រមព្រៀង​ឈប់​បាញ់​។ យើង​សង្ឃឹមថានឹង​មាន​ដំណោះស្រាយ​ច្បាស់លាស់​ចំពោះ​អរិភាព​ទាំងអស់​ក្នុង​ពេល​ឆាប់​ៗ​នេះ និង​ហើយ​ទីផ្សារ​វិល​ត្រឡប់​ទៅ​រក​ស្ថិរភាព​វិញ​។ ប៉ុន្តែ​ក្នុង​ពេល​នេះ យើង​ក៏​មិន​អង្គុយ​នៅ​ស្ងៀម​នោះ​ដែរ​”​។

“​បើ​និយាយ​ពី​ប្រេង​វិញ ក្រុមហ៊ុន​អាកាសចរណ៍ Emirates បាន​ត្រៀម​ការពារ​យ៉ាង​ល្អ​រហូត​ដល់​ឆ្នាំ ២០២៨-២៩ ហើយ​យើង​បាន​ធ្វើការ​ជាមួយ​អ្នក​ផ្គត់ផ្គង់​របស់​យើង ដើម្បី​ធានា​បរិមាណ​ដែល​ត្រូវការ សម្រាប់​គាំទ្រ​ដល់​ប្រតិបត្តិការ​បច្ចុប្បន្ន និង​សម្រាប់​ការ​ពង្រីក​ខ្លួន​របស់​យើង​ឱ្យ​បាន​ដល់​កម្រិត​មុន​ពេល​មាន​ផ្ទុះ​សង្គ្រាម​។ នៅ dnata និង​នៅ​ទូ​ទាំង​សម្ព័ន្ធ​ក្រុមហ៊ុន​ទាំងមូល លំហូរ​អាជីវកម្ម មាត្រដ្ឋាន ផលប័ត្រ និង​ការ​វិនិយោគ​ជា​ច្រើន​ឆ្នាំ​មកនេះ ផ្តល់​ឱ្យ​យើង​នូវ​ភាព​ធន់ និង​ភាព​រហ័សរហួន​ក្នុង​ការ​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម​ណាមួយ​ក្នុង​រយៈពេល​ខ្លី​”​។

“​សម្ព័ន្ធ​ក្រុមហ៊ុន Emirates បោះ​ជំហាន​ចូល​ឆ្នាំ​សារពើពន្ធ ២០២៦-២៧ ជាមួយនឹង​ទុនបម្រុង​សាច់ប្រាក់​រឹង​មាំ ដែល​ផ្ដល់​លទ្ធភាព​ឱ្យ​យើង​អាច​ដើរទៅ​មុខ​តាម​ផែនការ ដើម្បី​ពង្រឹង​អាជីវកម្ម​របស់​យើង​ដោយ​មិន​ចាំបាច់​មាន​វិធានការ​គ្រប់គ្រង​ចំណាយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​នោះ​ទេ​។ ការ​ទទួល​យន្តហោះ​ថ្មី និង​កម្មវិធី​កែ​លម្អ​យន្តហោះ ក៏​ដូច​ជា​គម្រោង​វិនិយោគ​លើ​បរិក្ខារ និង​ឧបករណ៍​ថ្មី​ៗ​នឹង​បន្តដំណើរ​ការ​យ៉ាង​ឆាប់រហ័ស​។ សម្ព័ន្ធ​ក្រុមហ៊ុន Emirates និង dnata នឹង​នៅ​តែ​ផ្តោត​លើ​ការ​ផ្តល់​ជូន​ផលិតផល និង​សេវា​អតិថិជន​ឈានមុខ​គេ​ក្នុង​ឧស្សាហកម្ម ដោយ​ធ្វើ​ឱ្យ​យើង​មាន​ភាព​ខុស​ប្លែក​ពី​គេ​នៅ​លើ​ឆាក​សកល ទាក់ទាញ​មនុស្ស​មាន​ទេព​កោសល្យ​ល្អ​បំផុត និង​ផ្តល់​គុណ​តម្លៃ​ដល់​សហគមន៍​ដែល​យើង​ធ្វើការ​ជាមួយ​” ។

“​មូលដ្ឋាន​គ្រឹះ​របស់​យើង​គឺ​រឹង​មាំ​។ គំរូ​អាជីវកម្ម​រឹង​មាំ​របស់​សម្ព័ន្ធ​ក្រុមហ៊ុន Emirates មិន​មានការ​ផ្លាស់​ប្ដូរ​ទេ​។ តំណែង​របស់​ទីក្រុង​ឌូ​បៃ ជា​ចំណុចប្រសព្វ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម ជួញដូរ និង​លំហូរ​ទេសចរណ៍​សកល ក៏​មិន​ប្រែប្រួល​ដែរ​។ មហិច្ឆតា​របស់​យើង​ចង់​ក្លាយជា​ក្រុមហ៊ុន​ល្អ​បំផុត​នៅ​លើ​ពិភពលោក និង​បម្រើសេវា​ល្អ​បំផុត​ដល់​ពិភពលោក គឺ​នៅ​តែ​ដដែល​”​។

សមត្ថភាព​ដឹក​អ្នកដំណើរ និង​ដឹក​ទំនិញ​សរុប​របស់ ក្រុមហ៊ុន​អាកាសចរណ៍ Emirates បាន​កើនឡើង ១% គឺ​កើន​ដល់ ៦០,៦ ពាន់​លាន ATKM ក្នុង​ឆ្នាំ​សារពើពន្ធ ២០២៥-២០២៦​។
ក្រុមហ៊ុន​អាកាសចរណ៍ Emirates បាន​ពង្រីក​ចំនួន​យន្តហោះ​ដឹក​អ្នកដំណើរ​របស់​ខ្លួន ដោយ​ទទួល​បានការ​ប្រគល់​យន្តហោះ​ប្រភេទ Airbus A350 ចំនួន ១៥ គ្រឿង​នៅ​ឆ្នាំ​នេះ​។ គិត​ត្រឹម​ថ្ងៃ​ទី ៣១ ខែមីនា ក្រុមហ៊ុន​អាកាសចរណ៍ Emirates មាន​យន្តហោះ A350 ចំនួន ១៩ គ្រឿង សម្រាប់​បម្រើ​ការ​ហោះហើរ​ទៅ​កាន់​គោលដៅ​ចំនួន ២១ កន្លែង​។

ដោយសារ​តែ​តម្រូវការ​ច្រើន​នៃ​ការ​ធ្វើ​ដំណើរ និង​សមត្ថភាព​របស់​ក្រុមហ៊ុន​អាកាសចរណ៍​យើង​ក្នុង​ការ​ទទួល​បានការ​ពេញចិត្ត​ពី​អតិថិជន​តាម​រយៈ​បណ្តាញ​ហោះហើរ​រឹង​មាំ ផលិតផល និង​សេវាកម្ម​មានគុណ​ភាព​ខ្ពស់ ដូច្នេះ​ក្រុមហ៊ុន​អាកាសចរណ៍ Emirates ទទួល​បាន​ប្រាក់​ចំណេញ​ក្រោយ​កាត់​ពន្ធ ក្នុង​កម្រិត​កំណត់​ត្រា រហូត​ដល់​ទៅ ១៩,៧ ពាន់​លាន​ឌី​រ៉ា​ម​អេ​មី​រ៉េ​ត (៥,៤ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​) ដែល​លើស​ពី​ឆ្នាំ​មុន ដែល​ទទួល​បាន​ប្រាក់​ចំណេញ​ក្រោយ​កាត់​ពន្ធ ចំនួន ១៩,១ ពាន់​លាន ឌី​រ៉ា​ម​អេ​មី​រ៉េ​ត (៥,២ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​) ហើយ​កម្រិត​ប្រាក់​ចំណេញ​សុទ្ធ​គឺ​បាន​កើនឡើង ១៥%​។ នេះ​ជា​ប្រាក់​ចំណេញ​ខ្លាំង​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​យើង និង​នៅ​ក្នុង​ឧស្សាហកម្ម​អាកាសចរណ៍​ទាំងមូល​សម្រាប់​ឆ្នាំ​សារពើពន្ធ ២០២៥-២៦​។

របាយការណ៍​ប្រចាំឆ្នាំ ២០២៥-២៦ របស់​សម្ព័ន្ធ​ក្រុមហ៊ុន Emirates ដែល​មាន​ក្រុមហ៊ុន​អាកាសចរណ៍ Emirates ក្រុមហ៊ុន dnata និង​ក្រុមហ៊ុន​ជា​ច្រើន​ទៀត​ជា​បុត្រ​សម្ព័ន្ធ​នោះ មាន​ចុះ​ផ្សាយ​នៅ​ទី​នេះ www.theemiratesgroup.com/annualreport ​។

តួលេខ​ទឹកប្រាក់​ជា​ប្រាក់​ដុល្លារ​សហរដ្ឋអាមេរិក​ត្រូវ​បាន​ប្ដូរ​ក្នុង​អត្រា ១ ដុល្លារ​អា​មេ​រិ​ក = ៣,៣៦ ឌី​រ៉ា​ម​អេ​មី​រ៉េ​ត ហើយ​ផ្អែក​ទៅ​តាម​តួលេខ​ទឹកប្រាក់​ឌី​រ៉ា​ម​អេ​មី​រ៉េ​ត ដែល​គិត​គត់​ៗ​ជា​ខ្ទង់លាន ។

អំពី EMIRATES កម្ពុជា
ក្រុមហ៊ុន​អាកាសចរណ៍ Emirates មាន​ជើងហោះហើរ​ប្រចាំ​ថ្ងៃ​រវាង​ទីក្រុង​ឌូ​បៃ​និង​ទីក្រុង​ភ្នំពេញ ឆ្លងកាត់​ប្រទេស​សិង្ហ​បុរី​ដែល​ដំណើរការ​ដោយ​យន្តហោះ Boeing 777-300ER ដែល​មានការ​កំណត់​រចនាសម្ព័ន្ធ​បី​ថ្នាក់ និង​ជើងហោះហើរ ៣ ដង​ក្នុង​មួ​យស​ប្តា​ហ៍រ​វាង​ទីក្រុង​ឌូ​បៃ និង​ខេត្តសៀមរាប ឆ្លងកាត់​ទីក្រុង​បាងកក​ដែល​ដំណើរការ​ដោយ​យន្តហោះ Boeing 777-300ER ដែល​មានការ​កំណត់​រចនាសម្ព័ន្ធ​ពីរ​ថ្នាក់​។ អ្នក​ធ្វើ​ដំណើរ​ទៅ​មក​ពី​ប្រទេស​កម្ពុជា នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​សេវាកម្ម​អាកាសចរណ៍ ដែល​ឈ្នះ​ពានរង្វាន់ និង​ផលិតផល​ឈានមុខ​គេ​ក្នុង​ឧស្សាហកម្ម​ពី​ក្រុមហ៊ុន​អាកាសចរណ៍ Emirates បទ​ពិសោធន៍​នៅ​លើ​អាកាស និង​នៅ​លើ​ដី​ពី​គ្រប់​ថ្នាក់​សម្ព័ន្ធ ជាមួយនឹង​ម្ហូបអាហារ​ដ៏​ឈ្ងុយ​ឆ្ងាញ់​តាម​តំបន់ និង​ភេសជ្ជៈ​ឥត​គិតថ្លៃ ព្រមទាំង​ប្រព័ន្ធ​កម្មវិធី​កម្សាន្ត​លើ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ ដែល​ផ្តល់​ជាង ៦ ៥០០ ប៉ុស្តិ៍ ការ​កម្សាន្ត​តាម​តម្រូវការ​ជាង ៤០ ភាសា រួម​ទាំង​ភាពយន្ត កម្មវិធី​ទូរទស្សន៍ និង​បណ្ណាល័យ​តន្ត្រី​ដ៏​ច្រើន​សំបូរ​បែប ជាមួយ ហ្គេ​ម សៀវភៅ​សំឡេង និង​ផត​ខាស់​៕ អត្ថបទសហការ