នី មុន្នីនាថ ចាត់ទុកការរៀបការមិនមែនជាចំណុចបញ្ចប់នៃជីវិត
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ តារាសម្តែងនាង នី មុន្នីនាថ បានលើកឡើងថា ការរៀបការមិនមែនជាចំណុចបញ្ចប់នៃជីវិតឡើយ ផ្ទុយទៅវិញ វាគឺជាការចាប់ផ្តើមដំណើរជីវិតថ្មី និងការកសាងគ្រួសារមួយយ៉ាងកក់ក្តៅ ។

នី មុន្នីនាថ បានអះអាងថា ការរៀបការមិនមែនជាចំណុចបញ្ចប់នៃជីវិតទេ ប៉ុន្តែជាការចាប់ផ្តើមនៃដំណើរថ្មី ដែលមនុស្សស្រីម្នាក់អាចកសាងគ្រួសារដ៏កក់ក្តៅ មានសំណើច មានអនុស្សាវរីយ៍ និងក្តីស្រឡាញ់រាល់ថ្ងៃ ។
នាងបញ្ជាក់ថា «មនុស្សស្រីម្នាក់ នៅពេលបានរៀបការ មិនមែនមានន័យថា នាងរកឃើញតែស្នេហាទេ ប៉ុន្តែនាងក៏បានរកឃើញកន្លែងដែលអាចចែករំលែកក្តីសុខក្តីស្រឡាញ់ និងការយល់ចិត្តគ្នា ។ នាងបន្តថា អារម្មណ៍សុភមង្គលរបស់នាង គឺនៅពេលមានមនុស្សម្នាក់ឈរជិតនាងក្នុងថ្ងៃល្អ និងថ្ងៃដែលលំបាកមានការគាំទ្រ ការគោរព និងការថែរក្សាគ្នាទៅវិញទៅមក ។

ជាការកត់សម្គាល់ការលើកឡើងពីតារាសម្តែងនាង នី មុន្នីនាថ នាពេលនេះ បានធ្វើឡើង បន្ទាប់ពីនាងបានវិលមកការសម្តែង និងថតម៉ូតសម្អាងការជាថ្មីឡើងវិញ ក្រោយពីស្ងប់ស្ងាត់មួយរយៈ ។
គួរបញ្ជាក់ដែរថា នី មុនីនាថ ធ្លាប់បានភ្ជាប់ពាក្យស្ងាត់ៗជាមួយអាណិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិក តាំងពីឆ្នាំ២០១៤ ប៉ុន្តែចំណងស្នេហ៍របស់នាងបានដល់ផ្លូវបំបែកវិញទាំងមិនទាន់ចូលរោងការ ។

នី មុន្នីនាថ បាននិយាយទាំងអួលដើម.កថា ពេលនោះ នាងមានការបាក់ទឹកចិត្តខ្លាំងណាស់ តែនាងព្យាយាមបន្លប់ដោយការធ្វើការងារច្រើន ។ ចំពោះរឿងនេះ នី មុន្នីនាថ ធ្លាប់បានគូសបញ្ជាក់ថា សម្រាប់នាងបើទោះបែកគ្នា នាងចង់បែកដោយស្ងាត់ៗ តែរឿងនេះមិនអាចលាក់ជិតឡើយ ហើយវាក៏បានធ្វើឱ្យប៉ះពាល់អារម្មណ៍រូបនាងយ៉ាងខ្លាំង ។
យ៉ាងណា រហូតមកទល់នាពេលនេះ តារាសម្តែងនាង នី មុន្នីនាថ ហាក់នៅមិនទាន់លេចឮដំណឹងថា នាងកំពុងភ្ជាប់ទំនាក់ទំនងស្នេហ៍ជាមួយបុរសណាម្នាក់ទៀតនៅឡើយទេ ៕



ចែករំលែកព័តមាននេះ