ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមណីយដ្ឋាន​ទឹកធ្លាក់​ស្រែ​អំពិល​អ្នកទេសចរ​កាន់តែ​ច្រើន​ទៅ​កម្សាន្ត

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ អាជ្ញាធរ​ឃុំ​ក្តុល​សែន​ជ័យ ស្រុក​ទឹកផុស មាន​មោទនភាព​ចំពោះ​រមណីយដ្ឋាន​ទឹកធ្លាក់​ស្រែ​អំពិល នៅ​ក្នុងភូមិ​ដំណាក់​អំពិល ឃុំ​ក្តុល​សែន​ជ័យ ដែល​បច្ចុប្បន្ន​មាន​អ្នកទេសចរ​ច្រើន​ជាង​កាលពីមុន​ទៅ​កម្សាន្ត ។ ជាក់ស្ដែង​អ្នកទេសចរ​ជាង​១​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ​ទៅ​កម្សាន្ត​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​កន្លង​ទៅ…

ខេត្តកំពង់ឆ្នាំង ៖ អាជ្ញាធរ​ឃុំ​ក្តុល​សែន​ជ័យ ស្រុក​ទឹកផុស មាន​មោទនភាព​ចំពោះ​រមណីយដ្ឋាន​ទឹកធ្លាក់​ស្រែ​អំពិល នៅ​ក្នុងភូមិ​ដំណាក់​អំពិល ឃុំ​ក្តុល​សែន​ជ័យ ដែល​បច្ចុប្បន្ន​មាន​អ្នកទេសចរ​ច្រើន​ជាង​កាលពីមុន​ទៅ​កម្សាន្ត ។ ជាក់ស្ដែង​អ្នកទេសចរ​ជាង​១​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ​ទៅ​កម្សាន្ត​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​កន្លង​ទៅ ដែល​ជា​ចំនួន​ច្រើន​មិន​ដែល​មាន​ពី​មុន​មក ។ ដើម្បី​សម្រួល​ដល់​ភ្ញៀវ​ទេសចរ ដែល​បាន​ទៅ​លេង​កម្សាន្ត​ឱ្យ​កាន់តែ​ងាយស្រួល ពេល​នេះ​អាជ្ញាធរ ឃុំ និង​សហគមន៍​នេសាទ កំពុង​តែ​រៀបចំ​ជួសជុល​កែ​លម្អ និង​កសាង​ទីកន្លែង​កម្សាន្ត​ឲ្យ​បាន​ច្រើន និង​ធំ​ទូលាយ​ជាង​មុន ។

លោក​ម៉ឹង វិសាល​សុខ មេឃុំ​ក្តុល​សែន​ជ័យ ស្រុក​ទឹកផុស​លើក​ឡើង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​៖ ដោយសារ​តែ​អ្នកទេសចរ​ចេះ​តែ​កើន​ឡើងជា​រៀងរាល់ថ្ងៃ ជា​ពិសេស​ក្នុង​ឱកាស​បុណ្យ​ទាន ម្តង​ៗ បច្ចុប្បន្ន​អាជ្ញាធរ​ឃុំ​រួម​ជាមួយ​សហគមន៍​បាន និង​កំពុង​កែ​លម្អ​ជួសជុល​កសាង​ឡើង​វិញ មាន​ដូច​ជា​ការ​ធ្វើ​ផ្លូវ​រថយន្ត​សម្រាប់​ឡើង​ទៅ​លើ ដើម្បី​ជួយ​ដល់​ភ្ញៀវ​ដែល​មាន​វ័យ​ចំណាស់ និង​ជន​ពិការ បាន​ជិះ​រថយន្ត​ឡើង​ទៅ​ខាងលើ​មិន​ពិបាក​ដើរ​ឆ្ងាយ ។ បាន​ធ្វើ​ខ្យូ​ស​អង្គុយ​លេង​កម្សាន្ត​ចំនួន​១៨​ខ្យូ​ស ក្រោម​ការ​ឧ​ប​ត្ថ​ម​របស់​សប្បុរសជន​ខ្លះ សហគមន៍ និង​អាជ្ញាធរ​ឃុំ​ខ្លះ ក្នុង​នោះ​ខ្យូ​ស​ដែល​កសាង​ដោយ​សប្បុរសជន​មាន​ទំហំ ធំ​ៗ ១​តម្លៃ​ជាង​១​ពាន់​ដុល្លា ។ បាន​កសាង​ស្ពានឈើ​១ តែ​ពេល​នេះ​សហគមន៍ ក៏​ដូច​ជា​អាជ្ញាធរ​កំពុង​តែ​កសាង​ស្ពានដែក​មួយទៀត​កាត់​ពីលើ​ស្ទឹង សម្រាប់​ភ្ញៀវ​ដើរ​កម្សាន្ត និង​ថត​ទិដ្ឋភាព​ទឹកស្ទឹង ។

ជាង​នេះ​ទៅ​ទៀត​បាន​កសាង​រានហាល​ធ្វើ​អំពី​ដែក​២​កន្លែង មួយ​កន្លែង​មាន​ប្រវែង​ជាង​៣០​ម៉ែត្រ តាម​បណ្តោយ​ស្ទឹង សម្រាប់​ភ្ញៀវ​អង្គុយ​លេង​កម្សាន្ត ។ នៅ​តាម​ជម្រាល​មាត់​ស្ទឹង​បាន​ធ្វើ​ផ្លូវ​សម្រាប់​ធ្វើ​ដំណើរ​ឱ្យ​ធំ​ទូលាយ​ជាង​មុន ព្រោះ​ជា​បទ​ពិសោធន៍​កាលពី​បុណ្យ​ភ្ជុំ​កន្លង​ទៅ​នេះ​ភ្ញៀវ​សម្រុក​ទៅ​ច្រើន​ធ្វើ​ឲ្យ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ ។

លោក​មេឃុំ​ក្តុល​សែន​ជ័យ​បញ្ជាក់​ថា​បច្ចុប្បន្ន​ភ្ញៀវ​ទៅ​លេង​ជា​ហូរហែ​រាល់ថ្ងៃ គ្រាន់តែ​មិន​ច្រើន​ដូច​ថ្ងៃ​បុណ្យ​ទាន ឬ​ថ្ងៃ​សៅរ៍​អាទិត្យ​តែ​ប៉ុណ្ណោះ ។ នៅ​ថ្ងៃ​ធម្មតា​ខ្លះ​មាន​ភ្ញៀវ​មិន​ក្រោម​ពី​៣០​រថយន្ត​ទេ ។ លោក​មេឃុំ​និយាយ​ថា «​ខ្ញុំ​សង្ឃឹមថា តទៅ​ថ្ងៃ​អនាគត​រមណីយដ្ឋាន​ទឹកធ្លាក់​ស្រែ​អំពិល និង​ពិតជា​ល្បី​រន្ទឺ​ទូរ​ទាំង​ប្រទេស និង​មាន​ភ្ញៀវ​ទេសចរ​កាន់តែ ច្រើន​ឡើង​ៗ មិន​ចាញ់​តំបន់​ទេ​ចរណ៍​ដទៃ​ទៀត​ឡើយ »​។

លោក​ម៉ឹង វិសាល​សុខ បាន​ថ្លែងអំណរគុណ​ដល់​បណ្ដាញ​ផ្សព្វផ្សាយ​ដែល​កន្លង​មក​ធ្លាប់​ផ្សាយ​ពី​សក្តានុពល​តំបន់​ទេសចរណ៍​ទឹកធ្លាក់​ស្រែ​អំពិល និង​នៅ​តែ​ជួយ​ផ្សាយ​ជា​បន្តបន្ទាប់​ទៀត ធ្វើ​ឱ្យ​តំបន់​ទេសចរណ៍​របស់​ខេត្តកំពង់ឆ្នាំង ដែល​កើត​ចុង​ក្រោយ​គេ​មួយ​នេះ​មាន​អ្នកទេសចរ​ទៅ​លេង​កម្សាន្ត​កាន់តែ​ច្រើន​ឡើង ។

ទឹកធ្លាក់​ស្រែ​អំពិល មាន​ចម្ងាយ​ជាង​៦០​គីឡូម៉ែត្រ​ពី​ទីរួមខេត្ត​កំពង់ឆ្នាំង ។ អ្នកទេសចរ​ចង់ទៅ​លេង​កម្សាន្ត អាច​ធ្វើ​ដំណើរ​ចេញពី​ទីរួមខេត្ត​កំពង់ឆ្នាំង តាម​ផ្លូវជាតិ​លេខ​៥​ជាង​៣០​គីឡូម៉ែត្រ ទៅ​ដល់​វត្ត​វិហារ​ហ្លួង ហៅ​វត្ត​ផ្សារ ជាប់​ផ្សារ​បរិបូ​ណ៍ មាន​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​បត់​ឆ្វេង​ជាប់​របង​សាលារៀន ធ្វើ​ដំណើរ​ជាង​២០​គីឡូម៉ែត្រ​ទៅ​ដល់​ផ្សារ​ក្តុល និង​បន្តដំណើរ​កាត់​ថ្នល់​រថភ្លើង​ចម្ងាយ​៩​គីឡូម៉ែត្រ​ទៀត ។ រមណីយដ្ឋាន​ទឹកធ្លាក់​ស្រែ​អំពិល ជា​ទឹកធ្លាក់​ធម្មជាតិ មាន​ភ្នំ និង​ព្រៃឈើ ខ្ពស់​ៗ គួរ​ជាទី​មនោ​រម្យ​សម្រាប់​ចាំ​ស្វាគមន៍​អ្នកទេសចរ​គ្រប់ពេលវេលា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ