ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកធ្លាប់តែឮកោងកាងសមុទ្រ? សៀមរាប មាន «ព្រៃកោងកាងទឹកសាប»ជិត១០០ហិកតាដ៏ធំ ជាងគេនៅកម្ពុជា

1 ថ្ងៃ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ អាជ្ញាធរ​ខេត្តសៀមរាប បាន​ជំរុញ​ដល់​សហគមន៍​ព្រៃឈើ​ទឹក​ជប់​ខ្នារ​ពោធិ៍ បន្ត​យកចិត្តទុកដាក់​រៀបចំ និង​កែ​លម្អ​ទីតាំង​អភិរក្ស​ព្រៃកោងកាង​ទឹកសាប​មួយ​នេះ​ឱ្យ​កាន់តែ​ទាក់ទាញ​ដល់​ភ្ញៀវ​ទេសចរ ព្រោះ​វា​ជា​តំបន់​ទេសចរណ៍ធម្មជាតិ​ដ៏​ពិសេស​មួយ​សម្រាប់​ខេត្តសៀមរាប ។ នេះ​បើ​យោង​តាម​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​១០…

ខេត្តសៀមរាប ៖ អាជ្ញាធរ​ខេត្តសៀមរាប បាន​ជំរុញ​ដល់​សហគមន៍​ព្រៃឈើ​ទឹក​ជប់​ខ្នារ​ពោធិ៍ បន្ត​យកចិត្តទុកដាក់​រៀបចំ និង​កែ​លម្អ​ទីតាំង​អភិរក្ស​ព្រៃកោងកាង​ទឹកសាប​មួយ​នេះ​ឱ្យ​កាន់តែ​ទាក់ទាញ​ដល់​ភ្ញៀវ​ទេសចរ ព្រោះ​វា​ជា​តំបន់​ទេសចរណ៍ធម្មជាតិ​ដ៏​ពិសេស​មួយ​សម្រាប់​ខេត្តសៀមរាប ។ នេះ​បើ​យោង​តាម​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៥ ។

មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប បាន​បញ្ជាក់​ថា ក្នុង​ឱកាស​ដឹកនាំ​ថ្នាក់ដឹកនាំ​ខេត្ត​ចុះ​ទស្សនា​តំបន់​អភិរក្ស​ព្រៃកោងកាង​ទឹកសាប សហគមន៍​ព្រៃឈើ​ទឹក​ជប់​ខ្នារ​ពោធិ៍ កាលពី​ពេល​ថ្មី​ៗ​នេះ លោក ឌី រ៉ា​ដូ អភិបាលរង​ខេត្តសៀមរាប បាន​លើក​ឡើង​ថា សហគមន៍​អេកូ​ទេសចរណ៍​ទឹក​ជប់​ខ្នារ​ពោធិ៍ ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​មូលដ្ឋាន​ស្រុក​សូទ្រនិគម ក៏​ដូច​ជា ខេត្តសៀមរាប និង​ប្រទេស​ជាតិ ។

លោក​បន្ត​ថា គេ​ធ្លាប់តែ​ឮ​អំពី​ព្រៃកោងកាង​សមុទ្រ ប៉ុន្តែ​នៅ​ខេត្តសៀមរាប ក៏​មាន​ដើម​កោង​កាង​ទឹកសាប​ដុះ​ជា​ច្រើន​ជិត​១០០​ហិ​កតា ហើយ​ត្រូវ​បាន​សហគមន៍​ព្រៃឈើ​ថែរក្សា​បាន​យ៉ាង​ល្អ ។ លោក​អភិបាលរង​ខេត្ត​បាន​បញ្ជាក់​ថា ៖ «​នេះ​ជា​ផលិតផល​ទេសចរណ៍​ទោល​មួយទៀត​សម្រាប់​ទឹកដី​ខេត្តសៀមរាប ដែល​អាច​បង្ហាញ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បាន​កាន់តែ​ច្រើន​នៅ​តំបន់​សៀមរាប​អង្គរ​នេះ​»​។

សូម​ជម្រាប​ថា សហគមន៍​ទឹក​ជប់​ខ្នារ​ពោធិ៍ ជា​តំបន់​អភិរក្ស​ព្រៃកោងកាង​ទឹកសាប ឬ​កោង​កាង​គោក​ដែល​ធំ​ជាងគេ​នៅ​កម្ពុជា មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ឃុំ​ខ្នារ​ពោធិ៍ ស្រុក​សូទ្រនិគម ខេត្តសៀមរាប ដែល​មាន​ផ្ទៃដី​សរុប​១០២២ ហិ​កតា ក្នុង​នោះ មាន​ផ្ទៃដី​កោង​កាង​សរុប​ប្រមាណ​៩៨ ហិ​កតា (​ប្រហែល​១០% នៃ​ផ្ទៃដី​សរុប​)​។ ទោះបី​ខេត្តសៀមរាប​ល្បីល្បាញ​លើ​សកលលោក​ថា​ជាទី​តាំង​សម្បូរ​នៃ​សំណង់​បេតិកភណ្ឌ​ក្តី ក៏​មនុស្ស​ភាគច្រើន​មិនសូវ​បានដឹង​ឡើយ​ថា ខេត្ត​នេះ​ក៏​ជាទី​តាំង​ដ៏​សំខាន់​នៃ​ធនធានធម្មជាតិ​ដ៏​មាន​តម្លៃ​មួយ​ដែរ ។

សហគមន៍​ទឹក​ជប់​ខ្នារ​ពោធិ៍ មាន​ចម្ងាយ​ប្រមាណ​៤០ គីឡូម៉ែត្រ ពី​ក្រុង​សៀមរាប ដែល​ភ្ញៀវ​ទេសចរ​អាច​ធ្វើ​ដំណើរ​ទៅ​ទស្សនា​តំបន់​អេកូ​ទេសចរណ៍​នេះ ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៨ ហើយ​បាន​ក្លាយជា​តំបន់​ទេសចរណ៍​នៅ​ឆ្នាំ​២០១៩ ។

ការ​ដើរ​លើ ស្ពានឈើ​ពត់​បែន កាត់​តាម​ព្រៃកោងកាង​ដែល​មាន​ដើម​ខ្ពស់​ៗ ប្រហែល​ជាង ១០​ម៉ែត្រ បង្កើត​បានជា​ម្លប់​ត្រជាក់ គឺជា​បទ​ពិសោធន៍​គួរ​ឱ្យ​ចាប់អារម្មណ៍​មួយ ។ ក្រៅពី​ទេសចរណ៍ធម្មជាតិ ក៏​មាន​រៀបចំ តូប​អាហារ និង​ផលិតផល​សហគមន៍ ដើម្បី​លក់​ផលិតផល​កសិកម្ម និង​អនុ​ផល​ព្រៃឈើ​តាម​រដូវ​កាល​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ