ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ​ណែនាំ​វិធានការ ៦​ចំណុច ​ឱ្យ​ម្ចាស់​រោងចក្រ សហគ្រាស​អនុវត្ត​ ដើម្បី​ការពារ​សុវត្ថិភាព​កម្មករ​ ក្នុង​រដូវប្រាំង

14 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ស៊ុន​មេ​សា បានឱ្យ​ដឹង​ថា ក្រសួង​ការងារ​បាន​ណែនាំ​វិធានការ ៦​ចំណុច​ឱ្យ​ម្ចាស់ ឬ​នាយក​សហគ្រាស…

រាជធានីភ្នំពេញ​ ៖ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ស៊ុន​មេ​សា បានឱ្យ​ដឹង​ថា ក្រសួង​ការងារ​បាន​ណែនាំ​វិធានការ ៦​ចំណុច​ឱ្យ​ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន​ទាំងអស់​អនុវត្ត​ ដោយ​យកចិត្តទុកដាក់​ខ្ពស់ ​ក្នុង​ការ​លើកកម្ពស់​សុវត្ថិភាព និង​សុខភាព​ការងារ​របស់​កម្មករនិយោជិត​ ដើម្បី​ការពារ​កុំឱ្យ​មាន​បញ្ហា​សុខភាព ​ណាមួយ​កើតឡើង​អំឡុង​ពេល​បំពេញការងារ ​ក្នុង​រដូវប្រាំង​ ។

លោក ស៊ុន មេ​សា បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​៥ ខែមីនា​ថា វិធានការ​ទាំង​ ៦​ចំណុច ​ដែល​ក្រសួង​ណែនាំ​រួម​មាន ទី​១ ត្រួតពិនិត្យ និង​ថែទាំ​ជា​ប្រចាំ​នូវ​ប្រព័ន្ធ​បញ្ចេញបញ្ចូល​ខ្យល់​ នៅ​តាម​អគារ​ធ្វើការ និង​បើក​ឱ្យ​ដំណើរការ ឱ្យ​បាន​យ៉ាង​ហោច​ណាស់ ១​ម៉ោង មុន​ពេល​អនុញ្ញាត​ឱ្យ​កម្មករ និយោជិត​ចូល​ធ្វើការ​ ។ ទី​២ បើក​បង្អួច ទ្វារ​ទាំងអស់ ឬ​បន្ថែម​កង្ហារ​បញ្ចេញ​ខ្យល់ ឬ​បឺត​ខ្យល់​ចេញ នៅ​កន្លែងធ្វើការ​ដែល​មិន​មាន លំហូរ​ខ្យល់​គ្រប់គ្រាន់​នៅ​ពេល​អាកាសធាតុ​កើន​កម្ដៅ និង​រៀបចំ​ទុកដាក់​សម្ភារ និង​វត្ថុធាតុដើម​ឱ្យ​មាន​សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​កុំឱ្យ​បាំង​ប្រភព​ខ្យល់​ចេញចូល ​។

លោក​បន្ត​ថា វិធានការ​ទី​៣ ត្រូវ​ផ្គត់ផ្គង់​ទឹក​ស្អាត​ឱ្យ​បាន​គ្រប់គ្រាន់ ​ស្រប​តាម​ការ​កើន​កម្ដៅ​ នៃ​អាកាសធាតុ និង​ណែនាំ​ដល់​កម្មករ និយោជិត​ឱ្យ​បរិភោគ​ទឹក​ស្អាត​ឱ្យ​បាន​ញឹកញាប់ និង​យ៉ាងតិច ២​លី​ត្រ ក្នុង ១​ថ្ងៃ ព្រមទាំង​ស្លៀក សម្លៀក​បំពាក់​សម​ស្រប​តាម​ស្ថានភាព​អាកាសធាតុ ​។ ទី​៤ បាញ់​ទឹក​នៅ​លើដំបូល​អគារ ​ធ្វើការ​ឱ្យ​បាន​យ៉ាងតិច ២​ដង ក្នុង ១​ថ្ងៃ និង​ត្រូវ​ចាត់វិធានការ​ផ្សេង​ៗ​ទៀត ដើម្បី​កាត់​បន្ថយកម្ដៅ​ជា​បន្ទាន់ ​។

អ្នកនាំពាក្យ​រូប​នេះ​បានឱ្យ​ដឹង​ទៀត​ថា វិធានការ​ទី​៥ ក្រសួង​ក៏​បាន​ណែនាំ​ឱ្យ​មានការ​ចាត់​បុគ្គលិក​ទទួល​បន្ទុក​ត្រួតពិនិត្យ​ឧបករណ៍​វាស់​ស្ទង់កម្ដៅ​ជា​ប្រចាំ​នៅ​កន្លែងធ្វើការ​។ និង​ទី​៦ បង្កើន​ការ​អប់រំ​និង​ផ្សព្វផ្សាយ​អំពី​វិធានការ​ការពារ​សុខភាព​ជា​ប្រចាំ​ដល់​កម្មករនិយោជិត និង​ក្រើនរំឭក អំពី​វិធានការ​ទាំងនោះ​តាម​រយៈ​ប្រព័ន្ធ​ ជូនដំណឹង​ជា​សំឡេង​នៅ ​ក្នុង​សហគ្រាស គ្រឹះស្ថាន​ ។

លោក​បើ​តាម​លោក ស៊ុន​មេ​សា ការ​ណែនាំ​វិធានការ​ទាំង ៦​នេះ ​រំពឹង​ថា អាច​ជួយ​បង្ការ​ហានិភ័យ​សុខភាព​ដែល​អាច​កើតឡើង និង​លើ​កម្ពស់​សុវត្ថិភាព​សុខភាព​កម្មករ​ ។ លោក​បញ្ជាក់​ថា សុខ​ទុក​របស់​បងប្អូន​កម្មករនិយោជិត ​ជា​សុខទុក្ខ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ក៏​ដូច​ជា​សុខទុក្ខ​របស់ ឯកឧត្តម​ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ ​។​  

ទន្ទឹម​នេះ ក្នុង​ករណី​ចាំបាច់ ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន និង​កម្មករនិយោជិត អាច​ធ្វើការ​ទំនាក់ទំនង មក​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ តាម​រយៈ​ប្រព័ន្ធ Hotline លេខ “១២៨៦” ឬ “១២៩៧” ឬ ក្រុម​តេ​ឡេ​ក្រាម “​សម្រាប់​និយោជក​” (https://t.me/EmployerChat) ឬ​ក្រុម​តេ​ឡេ​ក្រាម “​សម្រាប់​កម្មករនិយោជិត​” (https://t.me/KhmerWorkerChat) ឬ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ ឬ​អាច​ដាក់​ពាក្យបណ្តឹង​តាម​នីតិវិធី​ប្រអប់​បណ្តឹង​អនាមិក​របស់​ក្រសួង ដើម្បី​ចុះ​ធ្វើការ​វាយតម្លៃ​កម្រិត​ហានិភ័យ ដែល​អាច​កើត​មាន​ឡើង ​ចំពោះ​សុវត្ថិភាព និង​សុខភាព​កម្មករនិយោជិត ​ក្នុងអំឡុងពេល​សីតុណ្ហភាព ​នៅ​ក្នុង​សហគ្រាស គ្រឹះស្ថាន​ឡើង​កម្ដៅ​ខ្លាំង ​។

យ៉ាងណា​ក៏​ដោយ លោក ស៊ុន មេ​សា ជឿជាក់​ថា ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន នឹង​ចូលរួម​អនុវត្ត តាម​ការ​ណែនាំ​ប្រកបដោយ​ប្រសិទ្ធភាព ​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ ៕ អត្ថបទសហការ