ខេត្តបាត់ដំបង ៖ វត្តមានផ្ទាំងចម្លាក់ «ព្រះពុទ្ធរូប ឬពុទ្ធប្រវត្តិ» ដ៏ធំមហិមាចំនួន០៣ផ្ទាំង ដែលស្ថាបត្យករ ទើបតែសាងសង់រួចរាល់ជាស្ថាពរ នៅលើជញ្ជាំងថ្មភ្នំសំពៅ គឺបានបង្ហាញពីផ្ទាំងទស្សនីយភាពជាប្រវត្តិសាស្ត្រថ្មីមួយទៀត តាមបែបគន្លងសាសនា និងវប្បធម៌ សម្រាប់ភ្ញៀវទស្សនាកំសាន្តបន្ថែមលើភាពល្បីល្បាញស្រាប់ និងដ៏យូរលង់ណាស់មកហើយ នៅតំបន់
«រមណីយធម្មជាតិប្រវត្តិសាស្ត្រភ្នំសំពៅ»នេះ គឺ «ល្អាងបុរាណ» និង«ហ្វូងសត្វប្រចៀវ» រាប់លានក្បាលហោះហើរ បង្ហាញជាក្បូនចេញពីក្នុងល្អាងភ្នំ នាពេលល្ងាចកាត់មុខផ្ទាំងចម្លាក់បដិមាករ ដ៏ទាក់ទាញភ្នែកអ្នកទេសចរខ្លាំងបំផុត ។

តំបន់ «រមណីយដ្ឋានធម្មជាតិប្រវត្តិសាស្ត្រភ្នំសំពៅ» ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥៧
(បាត់ដំបង-ប៉ៃលិន) ក្នុងឃុំភ្នំសំពៅ ស្រុកបាណន់ ដែលមានចម្ងាយផ្លូវពីអគាររដ្ឋបាលខេត្តបាត់ដំបងប្រមាណ១៤គីឡូម៉ែត្រ នៅភាគខាងលិច ។ បច្ចុប្បន្ននេះ រដ្ឋបាលស្រុកបាណន់ សហការជាមួយមន្ទីរទេសចរណ៍ខេត្ត និងរដ្ឋបាលខេត្តផង បានប្រឹងប្រែងធ្វើការអភិវឌ្ឍន៍នៅតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ «ភ្នំសំពៅ» មួយនេះ ឲ្យមានសោភ័ណកាន់តែស្រស់ស្អាត មានទីធ្លាធំទូលាយ សម្រាប់ទទូលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ធ្វើសំណើរទៅទស្សនាកម្សាន្ត។

ពោល ៖ ការចាប់ផ្ដើមអភិវឌ្ឍន៍តំបន់ទេសចរណ៍«ភ្នំសំពៅ»នេះ ឱ្យកាន់តែស្រស់ស្អាតមានភាពទាក់ទាញ គឺធ្វើឡើងក្រោយពេលការសាងសង់ ផ្ទាំងចម្លាក់ព្រះពុទ្ធរូបលើជញ្ជាំងភ្នំសំពៅចំហៀងខាងកើតរួចរាល់ជាស្ថាពរ ។ ប្រធានមន្ទីរទេសចរខេត្ត លោក អ៊ុច អ៊ុំភីនីស្សារ៉ា បានថ្លែងថា ការរៀបចំសាងសង់សួនច្បារ និងការសាងសង់ចម្លាក់ព្រះពុទ្ធរូបដ៏ធំមហិមា នៅលើជញ្ជាំងភ្នំសំពៅ គឺ បានបន្ថែមនូវភាពទាក់ទាញយ៉ាងខ្លាំង ទៅលើ«រមណីយដ្ឋានភ្នំសំពៅ»នេះ។

លោកថា ផ្ទាំងទស្សនីយភាពថ្មីនៃចម្លាក់ព្រះពុទ្ធរូបដ៏ធំសម្បើមនេះ មិនត្រឹមតែជាគន្លងសម្រាប់ទេសចរណ៍សាសនា និងវប្បធម៌ប៉ុណ្ណោះទេ ។ ប៉ុន្តែថែមទាំងជួយបង្កើនអត្ថន័យសង្គម និង សេដ្ឋកិច្ចដល់សហគមជុំវិញផងដែរ ។ តាមរយៈរបាយការណ៍សង្ខេប ដែលលោកប្រធានមន្ទីរទេសចរណ៍ បានបង្ហាញពីចំណុចសំខាន់ៗចំនួន០៣ ដែលនាំឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចាប់អារម្មណ៍កាន់ខ្លាំងឡើងៗទៅលើ «រមណីយដ្ឋានធម្មជាតិប្រវត្តិសាស្ត្រភ្នំសំពៅ» ក្នុងបច្ចុប្បន្ននេះ។

ទី១-ការរួមបញ្ចូលសាសនា និងវប្បធម៌៖ «ចម្លាក់ព្រះពុទ្ធរូបដ៏ធំលើផ្ទាំងថ្មភ្នំ» ជាករបង្កើននូវភាពស្រស់ស្អាត ជាទីសក្ការៈសម្រាប់ភ្ញៀវទេសចរ។ ជាគន្លងសម្រាប់ទេសចរណ៍សាសនា និងការស្វែងយល់អំពីព្រះពុទ្ធសាសនានៅកម្ពុជា ។ ជួយបង្កើនការចូលរួមរបស់សហគមន៍ ក្នុងការអភិវឌ្ឍន៍វប្បធម៌ ។

ទី២-សួនធម្មជាតិ ជាស្ថាបត្យកម្ម សម្រាប់បទពិសោធន៏៖ ផ្ដល់ទីតាំងសម្រាក និងថយរូបដែលមានទេសភាពស្រស់ស្អាត ។ ជួយបង្កើនការចាប់អារម្មណ៍ពីទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ។ បង្កើនការចែករំលែកតាមបណ្ដាញសង្គម ជាឧទាហរណ៍ «ផ្សព្វផ្សាយដោយស្វ័យប្រវត្តិ» ។

ទី៣-បទពិសោធន៍ទេសចរណ៍ចម្រុះ៖ ភ្នំសំពៅ ក្លាយជាកន្លែងដែលភ្ញៀវអាចរួមបញ្ជូលទេស
ចរណ៍ធម្មជាតិ វប្បធម៌ និងសាសនា ។ ជួយបង្កើនរយៈពេលស្នាក់នៅ និងការចំណាយរបស់ភ្ញៀវ និងបង្កើនសក្តានុពល សម្រាប់ការរចនាផែនការអភិវឌ្ឍន៏ទេសចរណ៍តំបន់ជុំវិញ ។ ភ្នំសំពៅជា
«រមណីយដ្ឋាន»ដ៏មានវ័យចំណាស់បំផុតមួយ ក្នុងចំណោមរមណីយដ្ឋានដ៏សំបូរបែប (បុរាណ និង ធម្មជាតិ) រាប់សិបកន្លែងទៀត នៅក្នុងទឹកដីខេត្តបាត់ដំបង។

បើយោងលើកំណត់ត្រារបស់រដ្ឋបាលខេត្តបាត់ដំបង «រមណីយដ្ឋានភ្នំសំពៅ» ត្រូវបានគេកត់ត្រាចារទុកជាប្រវត្តិសាស្ត្រ នៅក្នុងសៀវភៅ «ផែនការអភិវឌ្ឍន៍ និងការការពារតំបន់ទេសចរណ៍សំខាន់ៗ នៅក្នុងខេត្តបាត់ដំបង» ឆ្នាំ២០០៨ ដែលរៀបចំដោយគណៈកម្មការរៀបចំប្លង់គោលខេត្តបាត់ដំបង ក្នុងរាជកាល លោកប្រាជ្ញ ចន្ទ ជាអភិបាលខេត្ត ។ នៅក្នុងសំណេរ គេបានចាត់ទុកថា
«ភ្នំសំពៅ» ជារមណីយដ្ឋាន ដ៏មានប្រជាប្រិយភាពជាប្រវត្តិសាស្ត្រមួយ ក្នុងអាណាចក្រដ៏សំបូរបែបនៃទឹកដីខេត្តបាត់ដំបង ។

បើនិយាយពីប្រវត្តិនៃភ្នំសំពៅនេះ មានដំណាលនៅក្នុងប្រជុំរឿងព្រេងខ្មែរគឺរឿង «ព្រះចៅរាជថ្កុល និងនាងរំសាយសក់»។ មិនតែប៉ុណ្ណោះ ប្រវត្តិរឿងព្រេងនេះ បានប្រទាក់ក្រឡាភ្ជាប់ទៅនឹង«ភ្នំក្រពើ ភ្នំរំសាយសក់ ភ្នំទ្រុងមាន់ ភ្នំទ្រុងទា និងភ្នំក្ដោង»។ ប្រវត្តិរឿងព្រេង រួមនឹងទិដ្ឋភាពនានា ដែលជាប់ពាក់ព័ន្ធនឹងជួរភ្នំសំពៅនេះ ត្រូវបានអ្នកនិពន្ធខ្មែរ គាស់រម្លើងយកមកពិព័រណនាជាកំណាព្យ ជាប្រឡោមលោក រហូតបង្កើតបានជាទំនប់បទចម្រៀងយ៉ាងពីរោះរណ្តំចិត្ត ក្នុងអំឡុងទសវត្សន៍ឆ្នាំ១៩៦០។

ហើយបទសម្រៀងដ៏ពីរោះរណ្តំទាំងនោះ បានបន្សល់ទុកជាកេរ្តិ៍តាមបំពេរអារម្មណ៍មហាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ រហូតមកទល់នឹងសព្វថ្ងៃនេះ ។ ប្រវត្តិរឿងព្រេង និងបទចម្រៀងដ៏ពីរោះរណ្តំជាប់ចិត្ត និងមានអត្ថន័យជ្រាលជ្រៅកប់ក្នងក្រអៅបេះដូងមហាជនខ្មែររហូតមិនអាចបំភ្លេចបានបែបនេះហើយ ទើបធ្វើឲ្យ«ភ្នំសំពៅ»មានភាពល្បីល្បាញរហូតប្រែក្លាយជា «រមណីយដ្ឋានធម្មជាតិប្រវត្តិសាស្ត្រ»។ ហើយក្នុងពេលនេះ ភ្នំសំពៅកាន់តែល្បីរន្ទឺខ្លាំងបន្ថែមទៀត ក្រោយពីនៅលើជញ្ជាំងភ្នំដ៏មានវ័យចំណាស់មួយនេះ ត្រូវបានរំលេចឡើងនូវរូបចម្លាក់០៣ផ្ទាំងធំៗ ដែលគេពិព័ណ៌នាពី«ពុទ្ធប្រវត្តិនៃព្រះ»។

ពាក់ព័ន្ធនឹងចម្លាក់ផ្ទាំងថ្មដ៏ធំមហិមា លើជញ្ជាំងភ្នំសំពៅនេះ បើតាមប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត លោកគឹម សោភ័ណ បានពន្យល់ប្រាប់តាមប្រព័ន្ធតេឡេក្រាមថា ទម្រង់រូបចម្លាក់នៅលើជញ្ជាំងភ្នំសំពៅនេះ គឺជាចម្លាក់«ពុទ្ធប្រវត្តិនៃព្រះ» ដែលមានចំនួន០៣ផ្ទាំងធំៗ ។ លោកបានប្រាប់ថា ចម្លាក់លើជញ្ជាំងថ្មភ្នំទាំង០៣ផ្ទាំងនោះ មាន៖ ទី១-ចម្លាក់ទម្រង់ព្រះ «ប្រសូត្រ» ទី២-
ចម្លាក់ទម្រង់ព្រះ «ត្រាស់ដឹង» និងទី៣-ចម្លាក់ទម្រង់ព្រះ«បរិនិព្វាន»។

ការចាប់ផ្ដើមនៃចម្លាក់«ពុទ្ធប្រវត្តិ»លើជញ្ជាំងភ្នំសំពៅនេះ បើតាមលោកគឹម សោភ័ណ ប្រធានមន្ទីរវប្បធម៏ និងវិចិត្រសិល្បៈ បានបញ្ជាក់ប្រាប់កោះសន្រិភាព នៅរសៀលថ្ងៃទី ១៥ វិច្ឆិការ ថា ចម្លាក់
«ពុទ្ធប្រវត្តិ» លើជញ្ជាំងថ្មភ្នំសំពៅខាងលើនេះ បានចាប់ផ្ដើមឡើងនៅក្នុងអំឡុងឆ្នាំ២០០២។ ប៉ុន្តែប៉ុន្មានឆ្នាំក្រោយការសាងសង់មានការរអាក់រអួល ខកខានដំណើរ តែក្រោយមក ក៏បានដំណើរការសាងសង់ឡើងវិញ រហូតមកដល់ពេលនេះ។

លោកបានបញ្ជាក់ដែរថា បើតាមលោកដឹង ការសាងសង់ចម្លាក់លើជញ្ជាំងភ្នំសំពៅនេះ ហាក់ ដូច ជាបានរួចរាល់ទៅហើយ ។ ហើយទំនងក្រសួងសាមី នឹងត្រូវដាក់សម្ភោធឲ្យដំណើរការជាផ្លូវការនៅក្នងអំឡុងដើមឆ្នាំ២០២៦ នេះហើយ ។ បើតាមការកត់សម្កាល់ កន្លងមក «រមណីយដ្ឋានភ្នំសំពៅ» ដែលទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរខ្លាំងបំផុត គឺការឡើងលើភ្នំដើរទស្សនាល្អាងភ្នំនានា ដែលមានល្អាងខ្លះ ជាប់ឈ្មោះបោះសំឡេងនៅក្នុងរឿងព្រេងនិទាន និងនៅក្នុងបទចម្រៀងរបស់អ្នកនិពន្ធសម័យដើម ឬដើរទស្សនាព្រៃព្រឹក្សាលើភ្នំ ឬមើលទិដ្ឋភាពវាលស្រែ និង ភូមិឋានអ្នកស្រុកដ៏ស្រស់បំព្រង។

ប៉ុន្តែមកដល់សព្វថ្ងៃនេះ ទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ហាក់មិនសូវចាប់អារម្មណ៏ដើរមើលល្អាងបរវត្តិសាស្ត្រ ឬព្រៃព្រឹក្សានៅលើភ្នំទេ ។ ពួកគេ បែរជានាំគ្នាអង្គុយត្រៀបត្រានៅប៉ែកខាងក្រោម ក្បែរជើងភ្នំទាំងភ្ញៀវជាតិ ទាំងភ្ញៀវអន្តរជាតិ ជាប់ចិត្តគយគន់ហ្វូងសត្វប្រចៀវរាប់លានក្បាលរៀបគ្នាជាក្បូន ហោះហើរចេញពីក្នុងល្អាងភ្នំ មុនពេលសុរិយាហៀបអស្ដង្គត់ទៅវិញ ? ភ្ញៀវគ្រប់ជាតិសាសន៍ សម្រុកទៅទស្សនាកាន់តែភ្លូកទឹកភ្លូកដីបន្ថែមទ្វេដងទៀត ក្នុងពេលនេះ ស្របពេលដែលនៅលើជញ្ញាំងថ្មភ្នំ ក្បែរមាត់ល្អាងហ្វូងប្រចៀវហោះចេញ ត្រូវបានគេរំលេចឡើងបង្ហាញនូវចម្លាក់ផ្ទាំងថ្មដ៏លេចធ្លោ ដែលជាផ្ទាំងទស្សនីយភាពថ្មីដ៏ធំស្គឹមស្គៃជាប្រវត្តិសាស្ត្រ គូរឲ្យទាក់ទាញបន្ថែមលើភាពល្បីល្បាញស្រាប់នៃហ្វូងសត្វប្រចៀវ ។

ដើម្បីជម្រុញភាពល្បីល្បាញនៃ «រមណីយដ្ឋានធម្មជាតិប្រវត្តិសាស្ត្រភ្នំសំពៅ» នេះ ឲ្យកាន់តែ
រន្ទឺដល់ភ្ញៀវទេសចរ ទាំងក្នុងនិងក្រៅប្រទេស បច្ចុប្បន្ន រដ្ឋបាលស្រុកបាណន់ សហការជាមួយ
មន្ទីរពាក់ព័ន្ធនានា និងអាជ្ញាធរខេត្ត បាននិងកំពុងរៀបចំអភិវឌ្ឍន៍នៅតំបន់«រមណីយដ្ឋានភ្នំសំពៅ»នេះ។ កែលំអធ្វើសួនច្បារ រៀចចំទីតាំងសម្រាប់ចតយានយន្ត ទីតាំងសម្រាប់ភ្ញៀវទេសចរធ្វើដំណើរកម្សាន្ត ឬអង្គុយទស្សនាហ្វូងសត្វប្រចៀវ ជាពិសេស ការរៀបចំសណ្ដាប់ធ្នាប់ និងការការពារសន្ដិសុខនៅតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រនេះតែម្ដង ។

ព្រោះបច្ចុប្បន្នភ្ញៀវទេសចរកាន់តែមានការកើនឡើងជាលំដាប់ ទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ បានធ្វើដំណើរទៅទស្សនា ហ្វូងសត្វប្រចៀវរៀបក្បូនហោះចេញពីក្នុងល្អាងភ្នំមុនពេលថ្ងៃលិច និង ទស្សនាចម្លាក់ផ្ទាំងថ្មដ៏ធំមហិមា ដែលគេពិព័ណ៌នាពី«ពុទ្ធប្រវត្តិ» នៃកំណើតព្រះ» ៕






ចែករំលែកព័តមាននេះ