តាមប្រភពព័ត៌មាន Mirror បានឱ្យដឹងថា កីឡាករប្រដាល់មិនដែលចាញ់ Floyd Mayweather បានសើចចំពោះការបបួលឡើងប្រកួតរបស់មហាសេដ្ឋីចិន Jack Ma។
Jack Ma ដែលមានទ្រព្យសម្បតិ្តសរុបប្រហែល ៣៧ពាន់លានដុល្លារអាមេរិក បានហៅ Mayweather ឱ្យឡើងប្រកួតកាលពីសប្តាហ៍មុន នៅពេលហ្វឹកហាត់ជាមួយនឹងមិត្តសម្លាញ់ Manny Pacquiao។
នៅពេលហ្វឹកហាត់ដាល់លើបន្ទះក្តារ កីឡាករប្រដាល់ ដែលជាតំណាងរាស្ត្រ Manny Pacquiao បានប្រាប់អតីតគូប្រជែងរបស់គាត់ថា៖ «Floyd Mayweather ! ប្រសិនបើឯងពិតជាចង់ប្រយុទ្ធមែន ចូរប្រយុទ្ធជាមួយនឹងយើង ។ ប្រសិនបើឯងចង់អួតទ្រព្យសម្បត្តិ មិត្តសម្លាញ់របស់យើង Jack Ma អាចកំដរឯងបាន»។

Jack Ma បានបន្ថែមថា៖«ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយគ្រប់ពេលគ្រប់ទីកន្លែង»។ ប៉ុន្តែនៅពេលនេះ Mayweather បានប្រាប់សារព័ត៌មាន TMZ ថា៖«ខ្ញុំដឹងថា Manny និយាយយ៉ាងម៉េច។ នៅពេលគេមកជួបខ្ញុំ នឹងដឹងគ្នាហើយ។ ខ្ញុំនឹងដាក់ឱ្យដឹងដៃ»។
នៅពេលត្រូវបានសួរអំពី Jack Ma ដែលជាម្ចាស់ក្រុមហ៊ុន Alibaba កីឡាករមិនដែលចាញ់ Mayweather បានឆ្លើយតបថា៖«ប៉ិហ្នឹងជាពីណា? ខ្ញុំមិនស្គាល់គាត់ទេ» ។
គួរបញ្ជាក់ផងដែរថា នៅពេលនេះ Mayweather បានចូលនិវត្តន៍បាត់ទៅហើយ ក្រោយពីប្រកួតមិនដែលចាញ់ទាល់តែសោះជាមួយនឹងលទ្ធផលឈ្នះ ៥០ដង និង ចាញ់០ដង។ ការប្រកួតរបស់គេជាមួយនឹង Pacquiao នៅតែត្រូវបានមនុស្សគ្រប់គ្នាចងចាំក្នុងចិត្តជានិច្ច ៕
ចុចអាន ៖ មហាសេដ្ឋីចិន Jack Ma បបួល Floyd Mayweather ឡើងសង្វៀនម្តងទៀត
ប្រភព ៖ mirror , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ