តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា នៅក្នុងវីដេអូមួយដែលត្រូវបានបង្ហោះនៅលើ Twitter កាលពីថ្ងៃអាទិត្យ អ្នកប្រដាល់ហ្វីលីពីន Manny Pacquiao និងស្ថាបនិក Alibaba លោក Jack Ma បានកោះហៅអតីតអ្នកប្រដាល់មិនដែលចាញ់ Floyd Mayweather មកឡើងសង្វៀនម្តងទៀត ។

តំណាងរាស្ត្រ និងជាអ្នកប្រដាល់ Pacquiao និយាយថា ៖«Floyd Mayweather ប្រសិនបើអ្នកចង់បានការប្រកួតពិត ចូរមកប្រកួតជាមួយខ្ញុំ ។ ប្រសិនបើអ្នកចង់អួតអ្នកផងនោះ មិត្តរបស់ខ្ញុំ Jack Ma នឹងជួយកំដរបាន»។ ភ្លាមនោះមហាសេដ្ឋីចិន Jack Ma បាននិយាយបន្ថែមថា ៖«ខ្ញុំត្រៀមខ្លួនរួចហើយ ។ ពេលណាក៏បាន កន្លែងណាក៏បាន ។ ក្រុមរបស់ Manny គឺត្រៀមខ្លួនរួចរាល់ហើយ»។

លោក Ma បានចូលនិវត្តន៍ពីក្រុមហ៊ុនយក្សអេឡិចត្រូនិចរបស់ចិនកាលពីខែមុនដោយនិយាយថា គាត់ចង់ធ្វើអ្វីដែលលោកចូលចិត្តផ្សេងទៀត ដូចជាការអប់រំជាដើម ។ លោកក៏ជាអ្នកគាំទ្រសិល្បៈក្បាច់គុនដ៏ល្បីល្បាញមួយរូបផងដែរ ។ លោកធ្លាប់ធ្វើជាតួសម្តែងនៅក្នុងរឿងដឹកនាំដោយលោក Jet Li ដែលដើរតួជាគ្រូក្បាច់គុណថៃជី ។

សូមរំលឹកផងដែរថា Floyd Mayweather បានយកឈ្នះលើ Pacquiao ដោយពិន្ទុកាលពីឆ្នាំ២០១៥ ដោយអ្នកទាំងពីរសុទ្ធតែចង់ចូលប្រកួតម្តងទៀតដើម្បីសងសឹក ។ Pacquiao នៅតែជាអ្នកប្រដាល់ដ៏សកម្មម្នាក់ដែលបានបំបាក់ Adrien Broner និង Keith Thurman នៅក្នុងឆ្នាំនេះ ខណៈដែល Mayweather បានប្រកួតជាមួយនឹងកីឡាករ UFC Conor McGregor កាលពីឆ្នាំ២០១៧ មុនពេលសម្រេចចិត្តចូលនិវត្តន៍ ៕
ប្រភព ៖ cnn , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ