រាជធានីភ្នំពេញ ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការហាត់ប្រាណរបស់ក្រុមយុវជនសម័យថ្មីមួយចំនួនត្រូវបានគេមើលឃើញថាមានការផ្លាស់ប្តូរពីការលេងបាល់ទះបាល់ទាត់ មកជាការហាប់ប្រាណក្នុងក្លឹប ដែលភាសាអង់គ្លេសគេហៅថា GYM ។ បើនិយាយពាក្យថា GYM គឺគេសំដៅទៅលើការលើកដុំដែកដើម្បីយកសាច់ដុំធំៗ និងរាងស្អាត ហើយកាលពីមុនគឺមានតែបុរសទេ ដែលចូលចិត្តលើកដុំដែកនេះ ឬចូលទៅកន្លែង GYM តែបច្ចុប្បន្នមានទាំងនារី និងបុរី កន្លែងខ្លះមានទាំងមនុស្សវ័យចំណាស់ក៏ចូលទៅកន្លែងនោះដែរ ។
យោងតាមការសម្ភាសន៍ក្រុមយុវជនដែលចូលទៅកន្លែងហាត់ប្រាណនោះបានអោយដឹងថា ជាមធ្យមពួកគេ ត្រូវចំណាយប្រមាណ២០ម៉ឺនរៀល ទៅលើសេវាហាត់ប្រាណនេះសម្រាប់កន្លែងមធ្យម ក៏ប៉ុន្តែសម្រាប់អ្នកមានជីវភាពធូរធារ គេចូលកន្លែងដែលថ្លៃជាងនេះ ដោយក្នុងមួយថ្ងៃ តម្លៃ ៥ដុល្លារ ក៏ប៉ុន្តែគេមានសេវាច្រើនសម្រាប់ផ្ដល់ជូន ដូចជាអាងហែលទឹក កន្លែងស្ទីម សោណា និងលើកដុំដែកជាដើម ។
បើតាមយុវជនម្នាក់ឈ្មោះថា សាន ពិសី អ្នកអាជីវករម្នាក់ ហើយតែងតែចូលហាត់ប្រាន ក្នុងក្លឹបហាត់ប្រាណពេលល្ងាចបាននិយាយថា លោកតែងចំណាយពេលពេលល្ងាចក្នុងមួយសប្ដាហ៍៤ទៅ៥ដង ដើម្បីហាត់ប្រាណដោយមានគោលបំណង៣ រួមមានទី១ ដើម្បីសុខភាព ព្រោះពេលហាត់ប្រាណរួចហើយ មានអារម្មណ៍ថាស្រស់ស្រាយ ដោយបានបែកញើស និងបញ្ចេញជាតិពុលចេញពីក្នុងខ្លួនបានខ្លះៗ ទី២ ដើម្បីបង្កើនមិត្តភាពជាមួយអ្នកដែលមកហាត់ប្រាណក្នុងក្លឹបជាមួយគ្នា និងមួយទៀត គឺដើម្បីបានរាងស្អាត ព្រោះនៅពេលដែលបានរាងស្អាត ទោះស្លៀកពាក់អ្វីក៏សម ខុសពីអ្នកដែលមានក្បាលពោះធំៗ ។លោកថា៖« នៅពេលដែលយើងមានរាងស្អាត មានសាច់ដុំធំៗ ក៏ជាការទាក់ទាញមួយផងដែរ សម្រាប់អ្នកដទៃ មិនថាប្រុសឬក៏ស្រី » ។
លោកបន្តថា ជាមធ្យមលោកត្រូវចំណាយទៅលើកន្លែងហាត់ប្រាណប្រមាណ៥០០០រៀលទៅ៨០០០រៀល ព្រោះថ្លៃហាត់ប្រាណមានប្រមាណ៥០០០រៀលទៅហើយ ហើយនៅថ្លៃភេសជ្ជៈផ្សេងទៀត ដូចជាទឹកសុទ្ធឬភេសជ្ជៈបំបាត់ការស្រេកទឹកផ្សេងទៀត ដែលត្រូវញ៉ាំក្នុងពេលហាត់ប្រាណ ឬក៏ក្រោយហាត់ប្រាណ ។ តម្លៃនេះ មិនថ្លៃណាស់ណាទេ ហើយអាចទទួលយកបាន សម្រាប់អ្នកមានចំណូលមធ្យម ឬក៏ក្រោមមធ្យម តែសម្រាប់អ្នកមាន គេអាចទៅរកសេវាណាដែលថ្លៃជាងនេះ និងមានគ្រូណែនាំ ក្នុងពេលហាត់ផងដែរ ។
លោកបន្ថែមទៀតថា នៅពេលដែលលោកចូលហាត់ប្រាណ ( GYM ) មានពាក្យជាច្រើនគេថាលោកចាប់ផ្ដើមស្រលាញ់ភេទដូចគ្នា ក៏ប៉ុន្តែរយៈពេល២ឆ្នាំហើយ លោកមិនមានអារម្មណ៍ប្រែប្រួលទៅលើភេទដូចគ្នានោះទេ ។ លោកនៅតែមានអារម្មណ៍ និងមនោសញ្ចេតនាជាមួយមនុស្សស្រី ពោលគឺនៅតែស្រលាញ់មនុស្សស្រី ព្រោះមនុស្សប្រុសមួយចំនួន ហាត់ប្រាណដើម្បីបានរាងស្អាត សាច់ដុំធំ ក៏ដើម្បីភាពទាក់ទាញមនុស្សស្រីដែរ ។
បើតាម យាន ពិសិដ្ឋ ដែលបានហាត់ប្រាណ៣ឆ្នាំមកហើយ បានអោយដឹងថា រាល់ថ្ងៃលោកក្លាយជាមនុស្សញៀនទៅហើយ ជាមួយនឹងការហាត់ប្រាណ ( GYM ) ព្រោះនៅកន្លែងហាត់ប្រាណ មានមិត្តភក្ដិថ្មីៗជាច្រើន ដែលចូលចិត្តហាត់ប្រាណដូចគ្នា និងអាចជជែកបណ្ដើរហាត់ប្រាណបណ្ដើរ បំបាត់នូវបញ្ហាស្ត្រេសមួយចំនួន ។ ពេលខ្លះនៅកន្លែងហាត់ប្រាណ ក៏បង្កើតនូវមិត្តភាពដូចនៅកន្លែងការងារដែរ ហើយនៅពេលដែលមានរវល់ណាមួយ ដូចជាអាពាហ៍ពិពាហ៍ រឺពិធីផ្សេង គេតែងតែអញ្ជើញគ្នាចូលរួម និងបង្កើតនូវមិត្តភាពកាន់តែសប្បាយ ។ លោកថា៖«អ្នកខ្លះស្ដាយប្រាក់ត្រឹមបួនប្រាំពាន់រៀល មិនហ៊ានចូលហាត់ប្រាណដើម្បីសុខភាព នោះទេ ក៏ប៉ុន្តែពួកគេទុកប្រាក់នោះសម្រាប់ជួបជុំមិត្តភក្ដិនិងអាចញ៉ាំស្រាទៅវិញ » ។ លោកបានបន្តថា ចាប់តាំងពីលោកចាប់ផ្ដើមហាត់ប្រាណ លោកមិនដែលមានជំងឺអ្វីដែលធ្ងន់ធ្ងរចូលដេកពេទ្យនោះទេ តែសម្រាប់ផ្ដាសាយធម្មតា ដោយសារចាញ់អាកាសធាតុវាជៀសមិនផុតទេ តែយ៉ាងណាក៏ដោយក៏អាចគ្រប់គ្រងវាបានដែរ ។
ចំណែកម្ចាស់ក្លឹបហាត់ប្រាណមួយកន្លែងនៅម្ដុំជម្ពូវ័ន្ត លោកហាក់លី បានអោយដឹងផងដែរថា អ្នកមកហាត់ប្រាណភាគច្រើនមកពេលល្ងាច ចំណែកពេលព្រឹកមិនសូវមានអ្នកមកហាត់ទេ ដោយសារតែពួកគេជាប់បំពេញការងារ ដូច្នេះនៅពេលទំនេរល្ងាច គេមកច្រើន ។ លោកថា៖«ក្នុងមួយថ្ងៃ ជាមធ្យមមានអ្នកមកហាត់ប្រាណប្រមាណ ១០០នាក់ដែរ ក្នុងនោះភាគច្រើនជាយុវវ័យនិងជាបុរស ដោយមានស្ត្រីតែប្រមាណ ១០ទៅ២០ភាគរយប៉ុណ្ណោះ »។ លោកបានបន្តថា បើទូទាត់ចំណូលនិងចំណាយ ក្នុងមួយខែៗ មិនសូវចំណេញប៉ុន្មានទេ ហើយបើសិនជាកន្លែងនោះ ជាកន្លែងដែលជួលគេទៀតនោះ វាពិបាកក្នុងការទប់ទល់ណាស់ តែសម្រា់បក្លឹបលោក ជាទីតាំងផ្ទាល់ខ្លួន អញ្ចឹងលោកអាចសល់បានចំណូលខ្លះៗដែរ ក្នុងមួយខែៗ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ