រាជធានីភ្នំពេញ ៖ ក្រសួងការទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា បានជាប់ឆ្នោតសារជាថ្មី ជាសមាជិក នៃក្រុមប្រឹក្សាសម្របសម្រួលកម្មវិធីរបស់អង្គការយូអិនអេដស៍ សម្រាប់អាណត្តិ ២០២៦-២០២៨ ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការរបទេស នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ បានលើកឡើងថា ព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសជម្រាបអំពីការជាប់ឆ្នោតជាថ្មី ម្តងទៀត ជាសមាជិកក្រុមប្រឹក្សា សម្របសម្រួលកម្មវិធីរបស់អង្គការយូអិនអេដស៍ សម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក អាណត្តិ ២០២៦-២០២៨ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ ។
ប្រភពថា សេចក្តីសម្រេចនេះ ត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំពេញអង្គ លើកទី២២ នៃក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម (ECOSOC) របស់អង្គការសហប្រជាជាតិ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ នាទីក្រុងញូវយ៉ក ដែលនេះជាសមិទ្ធផលដ៏សំខាន់មួយ បញ្ជាក់អំពីការប្តេជ្ញា ចិត្តដ៏ខ្ជាប់ខ្ជួនរបស់កម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងសកល ចំពោះការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ និងការលើកកម្ពស់គំនិតផ្តួចផ្តើមសុខភាពសាធារណៈ ។
ប្រភពបានអះអាងថា ក្រុមប្រឹក្សាសម្របសម្រួលកម្មវិធីរបស់អង្គការយូអិនអេដស៍ គឺជាអង្គភាពដឹកនាំ ដែលមានភារកិច្ច កំណត់ទិសដៅយុទ្ធសាស្ត្រ និងធានាឱ្យបាន នូវប្រសិទ្ធភាពក្នុងការចាត់វិធានការសកល ឆ្លើយតបនឹងជំងឺអេដស៍ ។
ការជាប់ជាសមាជិកសារជាថ្មី នៃក្រុមប្រឹក្សាសម្របសម្រួលកម្មវិធីដ៏សំខាន់នេះ ឆ្លុះបញ្ចាំងអំពីទំនុកចិត្ត និងការទទួលស្គាល់ពីសំណាក់សហគមន៍អន្តរជាតិ ចំពោះការចូលរួមចំណែក និងភាពជាអ្នកដឹកនាំរបស់កម្ពុជា ក្នុងការពង្រឹងអាទិភាពសុខភាពសកល ។
ក្នុងឱកាសដែលកម្ពុជា នឹងបន្តអនុវត្ត នូវភារកិច្ចដ៏សំខាន់នេះ កម្ពុជានឹងបន្តដើរតួនាទីក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ តាមរយៈការអនុវត្តយុទ្ធសាស្ត្រ គោលនយោបាយបុរេសកម្ម ការចាត់វិធានការគោលដៅ និងភាពជាដៃគូជាមួយភាគីពាក់ព័ន្ធតំបន់ និងអន្តរជាតិ។
រាជរដ្ឋាភិបាលកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋសមាជិកទាំងអស់ ដែលបានគាំទ្រ និងមានទំនុកចិត្តមកលើកម្ពុជា។ កម្ពុជា នឹងបន្តចូលរួមយ៉ាងសកម្មក្នុងក្រុមប្រឹក្សាសម្របសម្រួលកម្មវិធីរបស់អង្គការយូអិនអេដស៍ ដើម្បីពង្រឹងគំនិតផ្តួចផ្តើមសុខភាពសាធារណៈដែលប្រកបដោយសុវត្ថិភាព បរិយាបន្ន និងភាពធន់ ក្នុងសាមគ្គីភាព និងទំនួលខុសត្រូវរួម ៕
ចែករំលែកព័តមាននេះ