ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យជាយោធាម្នាក់ត្រូវបានកម្លាំងនគរបាល ស្រុកបសេដ្ឋបានធ្វើការគាត់ខ្លួនក្រោយពីធ្វើសកម្មភាពយកកាំភ្លើងខ្លីបាញ់លើជនរងគ្រោះបណ្ដាលឲ្យបែកប្រអប់ជើង។ ព្រោះតែខឹងជនរងគ្រោះនិយាយឌឺដងហើយនិងមាក់ងាយរូបខ្លួនជាមន្ត្រីយោធា។
នគរបាលខេត្តកំពង់ស្ពឺបាននិយាយដឹងថាមានករណីហិង្សាដោយចេតនាប្រើប្រាស់អាវុធ(កាំភ្លើងខ្លីកា៥៩) បានកើតឡើងកាលពីវេលាម៉ោង០៣និង៥០នាទីរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ នៅចំណុចផ្ទះម្តាយក្មេកជនរងគ្រោះ ស្ថិតនៅក្នុងភូមិវាល ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
នគរបាលខេត្តកំពង់ស្ពឺបាននិយាយបន្តថាជនសង្ស័យដៃដល់ដែលបានឃាត់ខ្លួនមានឈ្មោះ កង វិឈិន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរជាមន្ត្រីយោធា នៅភូមិវាល ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
ចំណែកជនរងគ្រោះមានឈ្មោះ អាន រ៉ាវុធ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅក្នុងភូមិវាល ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
នគរបាលខេត្តកំពង់ស្ពឺបានបន្តឲ្យដឹងទៀតថា នៅមុនពេលកើតហេតុជនសង្ស័យ បានឈ្លោះប្រកែកគ្នាជាមួយជនរងគ្រោះឈ្មោះ អាន រ៉ាវុធ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅក្នុងភូមិ-ឃុំជាមួយគ្នាមួយសន្ទុះស្រាប់តែជនរងគ្រោះ(អាន រ៉ាវុធ)បានដើរចូលទៅរកជនសង្ស័យឈ្មោះ(កង វិឈិន) ក៏បានផ្ទុះអាវុធ(កាំភ្លើងខ្លីម៉ាកកា៥៩) ចំនួន០២គ្រាប់ គ្រាប់ទី១បានបាញ់ឡើងលើ គ្រាប់ទី០២ បាញ់ត្រូវប្រអប់ជើងខាងឆ្វេងបណ្តាលអោយរងរបួសបញ្ជូនទៅមន្ទីពេទ្យព្រះកុសមះ(ហៅពេទ្យលោកសង្ឃ) នៅឯភ្នំពេញ ។ ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យ(កង វិឈិន) បានចូលមកប្រគល់ខ្លួនជូនសមត្ថកិច្ច រួមនិងវត្ថុតាង កាំភ្លើងខ្លីម៉ាក កា៥៩ ១ដើម គ្រាប់ចំនួន៣គ្រាប់ ។
នគរបាលខេត្តកំពង់ស្ពឺបានបន្តឲ្យដឹងទៀតថា លុះវេលាម៉ោង០៤និង២០នាទីរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ ឈ្មោះ កយ វណ្ណាក់ ភេទស្រី អាយុ២៧ឆ្នាំ(ជាប្អូនជនរងគ្រោះ) បានដាក់ពាក្យបណ្តឹងសុំឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។ ក្រោយពីទទួលពាក្យបណ្តឹងរួច កំលាំងជំនាញព្រហ្មទណ្ឌស្រុកបានសហការជាមួយប៉ុស្តិនគរបាលរដ្ឋបាលឃុំទួលសាលាចុះដល់កន្លែងកើតហេតុឃាត់និង កសាងសំណុំតាមនីតិវិធី ។
យោងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ(កង វិឈិន) និយាយថាខ្លួនពិតជាបានធ្វើសកម្មភាពយកកាំភ្លើងខ្លីម៉ាកកា៥៩(K59)បាញ់ចំនួន០២គ្រាប់បណ្តាលឱ្យ១ត្រូវជនរងគ្រោះ(អាន រ៉ាវុធ)ប្រាកដមែន និងបានឆ្លើយបន្ថែមថាគ្រាន់តែបាញ់គំរាមទេ !មូលហេតុឈានទៅដល់បាញ់ ដោយសារជនរងគ្រោះឈ្មោះ(អាន រ៉ាវុធ) និយាយឌឺដង និងប្រើពាក្យសំដីមើលងាយលើជនសង្ស័យឈ្មោះ(កង វិឈិន) ទើបបណ្តាលឱ្យកើតហេតុផ្ទុះអាវុធតែម្ដងទៅ។
នគរបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ថា ក្រោយឃាត់ខ្លួនជនសង្ស័យដៃដល់ជាយោធា រួមជាមួយនឹងវត្ថុតាងកាំភ្លើងខ្លីមួយដើមកសាងសំណុំរឿងមិនចង់ទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីការបន្តតាមផ្លូវច្បាប់ ៕

ចែករំលែកព័តមាននេះ