ចូលឆ្នាំថ្ងៃទី១! ភ្ញៀវជាតិ និងអន្តរជាតិជិត ១ លាននាក់ សម្រុកមកលេងកម្សាន្ត ព្រឹត្តិការណ៍«នគរសង្ក្រាន្ត» យ៉ាងច្រើនកុះករ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នាថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីមានភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បានចូលរួមអបអរសាទរ ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត »នៅទូទាំងរាជធានីភ្នំពេញនាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦ ដែលរៀបចំឡើងនៅរាជធានីភ្នំពេញ មានបងប្អូនប្រជាពលរដ្ឋ ជិត១លាននាក់ដែលក្នុងនោះពលរដ្ឋខ្មែរ មាន៩៨៣,០៨០នាក់និងភ្ញៀវទេសចរអន្តរជាតិ ចំនួន ៧,០៦៨នាក់ ។
តាមការឱ្យដឹងរបស់លោកស្រី ដោ សម្ផស្ស នាយិការរងនិងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៥មេសនេះថា ទីតាំងរៀបចំទាំង៦ទីតាំង និងទីតាំងថ្មីមួយទៀតនៅអតីតព្រលានយន្តហោះអន្តរជាតិភ្នំពេញ សុទ្ធតែទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមលេងល្បែងប្រជាប្រិយ យ៉ាងច្រើនកុះករ បន្ថែមពីនេះនៅតាមទីវត្តអារាម និងបណ្តាខណ្ឌទាំង១៤ ក៏មានការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តដូចគ្នាដែរ ។
លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ទៀតថា ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ មានប្រជាពលរដ្ឋ ដើរលេងកម្សាន្តវិលល្ងាចចំនួន ៩៨៣,០៨០នាក់ និងមានភ្ញៀវទេសចរបរទេស ចំនួន ៧,០៦៨នាក់ ។
សូមបញ្ជាក់ថា ឆ្នាំនេះព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ត្រូវបានរៀបចំឡើង រយៈពេល៦ថ្ងៃនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងរដ្ឋបាលរាជធានីភ្នំពេញ។មានការលេងល្បែងកំសាន្ត ល្បែងប្រជាប្រិយ៍ខ្មែរ នៅគ្រប់ទីប្រជុំជនដូចជា៖ រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ផ្លូវថ្មើជើងចតុមុខ តាមដងទន្លេសាបចាប់ពីផ្សាររាត្រី ដល់មុខព្រះរមរាជវាំង ,មានភូមិវប្បធម៌ អតីតទីលានប្រជាធិបតេយ្យ ដល់ផ្សាររាត្រីនិងនៅតាមទីប្រជុំជននានាជាច្រើនកន្លែងទៀត។
គួរបញ្ជាក់ដែរថា៖នាថ្ងៃទី១ នៃការចាប់ផ្ដើមព្រឹត្តិការណ៍ នគរសង្ក្រាន្ត នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលរៀបចំឡើងនៅរាជធានីភ្នំពេញ មានបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិយ៉ាងច្រើនចុះកុះករ បានចូលរួមទស្សនា ស្តង់ពិព័រណ៌ផ្សព្វផ្សាយពី តួនាទី ភារកិច្ច សកម្មភាពការងាររបស់អាវុធហត្ថរាជធានីភ្នំពេញ និងលេខទូរស័ព្ទអន្តរាគមន៍បន្ទាន់ (Emergency Hotline) 1291។
ក្នុងឱកាសចូលទស្សនានេះ ភ្ញៀវជាតិ និងអន្តរជាតិបានចូលរួមឆ្លើយសំណួរ ប្រកួតកីឡា និងលេងល្បែងប្រជាប្រិយ ដើម្បីទទួលបានរង្វាន់ជាច្រើន ជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញយ៉ាងច្រើនកុះករ នៅទីតាំងលើសួនមុនីហទ័យ (សួនច្បារស្ពាននាគ វត្តភ្នំ) នៅផ្លូវលេខ៥១ កែង១០៦ រាជធានីភ្នំពេញ៕














ចែករំលែកព័តមាននេះ