ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តកោះកុង​ ត្រៀម​ដី​៩០​ហិ​កតា ​សម្រាប់​ធ្វើ​ទីលាន​ចាក់សំរាម

13 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ​ដើម្បី​ងាយស្រួល​គ្រប់គ្រង​កាក​សំណល់ ​ដែល​សល់​ពី​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ នៅ​ពេល​អនាគត រដ្ឋបាល​ខេត្តកោះកុង​ បាន​ត្រៀម​ដី​ចំនួន៩០​ហិ​កតា ​ដើម្បី​ធ្វើ​ទីលាន​ចាក់សំរាម​ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អភិបាលខេត្ត​កោះកុង​ ។…

រាជធានី​ភ្នំពេញ ​៖ ​ដើម្បី​ងាយស្រួល​គ្រប់គ្រង​កាក​សំណល់ ​ដែល​សល់​ពី​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ នៅ​ពេល​អនាគត រដ្ឋបាល​ខេត្តកោះកុង​ បាន​ត្រៀម​ដី​ចំនួន៩០​ហិ​កតា ​ដើម្បី​ធ្វើ​ទីលាន​ចាក់សំរាម​ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អភិបាលខេត្ត​កោះកុង​ ។

ថ្លែងប្រាប់​ក្រុម​អ្នក​សារព័ត៌មាន ក្រោយ​កម្មវិធី​ផ្សព្វផ្សាយ​ជំរុញ​សកម្មភាព​ដើម្បី​បរិស្ថាន «​បណ្តុះ​គំនិត​ស្អាត ​និង​បៃតង នៅ​តាម​សហគមន៍​» នៅ​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង នា​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២៥​ លោក​ជំទាវ មិថុនា ភូ​ថង អភិបាល នៃ​គណៈ​អភិបាលខេត្ត​កោះកុង បានឱ្យ​ដឹង​ថា ខេត្តកោះកុង ត្រៀម​ដី​ជាង​៩០​ហិ​កតា ធ្វើ​ជាទី​លាន​ចាក់សំរាម សំណល់​រឹង​ស្តង់ដា នា​ពេល​អនាគត ​។

លោក​ជំទាវ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កោះកុង បាន​ឲ្យ​ដឹង​ថា រដ្ឋបាល​ខេត្តកោះកុង​ បាន​យកចិត្តទុកដាក់​ខ្ពស់ ដើម្បី​កែ​លម្អ​ការ​គ្រប់គ្រង​បរិស្ថាន និង​លើកកម្ពស់​អនាម័យ ដោយ​បាន​ត្រៀម​ដី​ចំនួន ​ជាង​៩០​ហិ​កតា សម្រាប់​ត្រៀមកសាងទីលាន​ចាក់សំរាម ឱ្យ​បាន​ត្រឹមត្រូវ តាម​បទដ្ឋាន​បច្ចេកទេស​ ។

ជាមួយ​គ្នា​នោះ​ដែរ ​លោក​ជំទាវអភិបាលខេត្ត បាន​បន្ត​ថា បច្ចុប្បន្ន​នេះ ខេត្តកោះកុង​មាន​ទីលាន​ចាក់សំរាម​ហើយ ប៉ុន្តែ​មិន​ទាន់​ត្រូវ​ស្តង់ដា គ្រាន់តែ​មាន​ទីលាន​ចាក់សំរាម​ថ្មី ដូច្នេះ​ហើយ​រដ្ឋបាល​ខេត្ត​កំពុង​តែ​រៀបចំ ដើម្បី​សុំ​ក្រសួង​រៀបចំ ​នូវ​ស្តង់ដា​មួយ ​ដែល​សម​ស្រប ​។

លោក​ជំទាវអភិបាលខេត្ត បាន​បន្ត​ទៀត​ថា ប្រជាពលរដ្ឋ​ជា​ច្រើន ​ក្នុង​ក្រុង​ខេមរភូមិន្ទ បាន​យល់​ដឹង​ច្រើន​ពី​ការ​ទុកដាក់​សំរាម ​និង​សំណល់​ប្លា​ស្ទិ​ក ដោយសារ​ការ​អនុវត្ត ​នូវ​ការ​ផ្សព្វផ្សាយ​នៅ​តាម​សង្កាត់ តាម​មូលដ្ឋាន និង​ការ​តាមដាន​របស់​រដ្ឋបាល​ក្រុង បាន​ធ្វើ​ឱ្យ​កាត់​បន្ថយ​នូវ​សំរាម​ប្លា​ស្ទិ​ក​។

លោក​ជំទាវអភិបាលខេត្ត បាន​បន្ថែម​ថា អាជ្ញាធរ​មូលដ្ឋាន បាន​ចូលរួម​ផ្សព្វផ្សាយ​អំពី​យុទ្ធសាស្ត្រ​អំពី​ផលវិបាក ​នៃ​ការ​ប៉ះពាល់​ដល់​បរិស្ថាន​ និង​ប៉ះពាល់​ដល់​ជីវភាព ប៉ះពាល់​ដល់​សេដ្ឋកិច្ច ទើប​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​បាន​យល់​ដឹង​កាន់តែ​ច្បាស់ និង​បាន​ចូលរួម​ចំណែក​ក្នុង​ការ​ចូលរួម​លុប​បំបាត់​នូវ​ថង់​ប្លា​ស្លិ​ក​ផង​ដែរ ​។

សូម​បញ្ជាក់​ថា កាក​សំណល់​ និង​សំរាម ​ផ្ដល់​ផល​ប៉ះពាល់​ជា​ខ្លាំង​ដល់​សុខភាព​សាធារណៈ បរិស្ថាន និង​សោភ័ណ​ភាព​ទីក្រុង ប្រសិនបើ​មិន​បាន​វេច​ខ្ចប់​ទុកដាក់​ឱ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ​។ ដើម្បី​គ្រប់គ្រង​សំរាម និង​កាក​សំណង់​ឱ្យ​មាន​ប្រសិទ្ធភាព គឺ​ត្រូវ​ធ្វើការ​សហការ​គ្នា​យ៉ាង​ជិត​ស្និទ្ធ ទាំង​ប្រជាពលរដ្ឋ អាជ្ញាធរ​មូលដ្ឋាន ក្រុមហ៊ុន​ប្រមូល​សំរាម និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា ​។

ចាប់ពី​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០២៥ ក្រសួងបរិស្ថាន ដាក់​ចេញ​យុទ្ធនាការសម្អាត​ផ្លូវជាតិ ក្រោម​ប្រធានបទ «ផ្លូវជាតិ​ស្អាត គ្មាន​សំរាម និង​សំណល់​ប្លា​ស្ទិ​ក​» លើ​ដងផ្លូវ​ជាតិ​ទូ​ទាំង​ប្រទេស​។ តាម​រយៈ​នេះ នៅ​លើ​ដងផ្លូវ​ជាតិ​មួយ​ចំនួន ដែល​ចេញពី​រាជធានី​ភ្នំពេញ​ទៅខេត្ត​នានា ដែល​អតីតកាល​ធ្លាប់តែ​សំរាម ជា​ពិសេស​ថង់​ប្លា​ស្ទិ​ក​ហើរ​តាម​ផ្លូវ តែ​បច្ចុប្បន្ន​នេះ ​ប្រែជា​មាន​អនាម័យ​ជា​បណ្តើរ​ៗ គ្មាន​សំរាម ​និង​សំណល់​ប្លា​ស្ទិ​ករាយ​ប៉ាយ​ឡើយ​។

នៅ​ក្នុង​នីតិកាល​ទី​៧ នៃ​រដ្ឋសភា​នេះ ក្រសួងបរិស្ថាន បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន ដែល​ក្នុង​សសរស្តម្ភ ​ទី​១ បាន​កំណត់​លើ​ភាព​ស្អាត គឺ​កម្ពុជា​ជំរុញ​ឱ្យ​មាន​ភាព​ស្អាត​លើ​ដី ភាព​ស្អាត​លើ​ផ្ទៃ​ទឹក និង​ភាព​ស្អាត​លើ​ផ្ទៃមេឃ​។ ដើម្បី​ភាព​ស្អាត​នៅ​លើ​ដី ក្រសួងបរិស្ថាន បាន​ដាក់​ចេញ​យុទ្ធនាការ​ចំនួន​៣ ជា​បន្តបន្ទាប់ ដើម្បី​សម្អាត និង​កាត់​បន្ថយ​សំរាម​ និង​សំណល់​ប្លា​ស្ទិ​ក ក្នុង​ប្រទេស​កម្ពុជា ក្នុង​នោះ​រួម​មាន យុទ្ធនាការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លា​ស្ទិ​ក ក្រោម​ប្រធានបទ «​ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់​ប្លា​ស្ទិ​ក​ទេ​» មាន​អ្នកចូលរួម​ចំនួន ១១​លាន​នាក់ ដែល​បាន​ប្ដេជ្ញា​មិន​ប្រើ​ថង់​ប្លា​ស្ទិ​ក យ៉ាងតិច​ចំនួន​១​ថ្ងៃ ក្នុង​១​ស​ប្តា​ហ៍ ​។ ទី​២៖ យុទ្ធនាការ «​កម្ពុជា​ស្អាត ខ្មែរ​ធ្វើ​បាន​» មាន​អ្នកចូលរួម​ចំនួន​៦​លាន​នាក់ ដែល​បាន​អនុវត្ត​សកម្មភាព​រើស និង​ប្រមូល​ទុកដាក់​សំរាម និង​សំណល់​ប្លា​ស្ទិ​ក តាម​ផ្ទះ តាម​មូលដ្ឋាន សាលារៀន វត្ត​អារាម ទី​សាធារណៈ និង​តាម​ដងផ្លូវ​នានា​។ និង​ទី​៣៖ យុទ្ធនាការ​សម្អាត​ផ្លូវជាតិ ក្រោម​ប្រធានបទ «​ផ្លូវជាតិ​ស្អាត គ្មាន​សំរាម​និង​សំណល់​ប្លា​ស្ទិ​ក​» បាន​កំពុង​ទទួល​បានការ​គាំទ្រ​និង​ការ​ចូលរួម ពី​មហាជន​យ៉ាងច្រើន ជា​រៀងរាល់ថ្ងៃ ជា​ពិសេស​ក្នុង​ថ្ងៃ​ចុង​ស​ប្តា​ហ៍ ដែល​លទ្ធផល រហូត​មក​ដល់​ចុង​ខែមេសា ឆ្នាំ​២០២៥ កន្លង​មកនេះ បាន​អនុវត្ត​សម្អាត​ផ្លូវជាតិ ៥០​ខ្សែ ស្មើនឹង​ផ្លូវ​ប្រវែង ៣ ១៩៣,៤​គ​.​ម នៅ​តាម ឃុំ​/​សង្កាត់​ចំនួន ៧០៧ ឃុំ​-​សង្កាត់ និង​បាន​ប្រមូល​ទុកដាក់​សំរាម និង​សំណល់​ប្លា​ស្ទិ​ក នៅ​តាម​ដងផ្លូវ បាន​ចំនួន​ប្រមាណ ៥២០​តោន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ