ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តកោះកុង​រំពឹង​ទទួលភ្ញៀវ​ទេសចរ​បាន​ច្រើន​បន្ថែម​ ខណៈ​ព្រះរាជ​ពិធីបុណ្យ​ចម្រើនព្រះជន្ម​ព្រះមហាក្សត្រ​ កន្លង​មក​ភ្ញៀវ​មក​កកស្ទះ​គ្មាន​កន្លែង​ស្នាក់​នៅ

5 ខែ មុន

ខេត្តកោះកុង​ ៖ ​ខេត្តកោះកុង​រំពឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ ​និង​អន្តរជាតិ ​ទស្សនា​កាន់តែ​ច្រើន​បន្ថែម​ទៀត​ បន្ទាប់​ពល​មាន​ផ្លូវ​ល្អ​ស្អាត​ត​ភ្ជាប់​ទៅ​កាន់​បណ្តា​ខេត្ត​មួយ​ចំនួន​ទៀត​របស់​ប្រទេស​កម្ពុជា ​។ លោក​ជំទាវ មិថុនា ភូ​ថង…

ខេត្តកោះកុង​ ៖ ​ខេត្តកោះកុង​រំពឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ ​និង​អន្តរជាតិ ​ទស្សនា​កាន់តែ​ច្រើន​បន្ថែម​ទៀត​ បន្ទាប់​ពល​មាន​ផ្លូវ​ល្អ​ស្អាត​ត​ភ្ជាប់​ទៅ​កាន់​បណ្តា​ខេត្ត​មួយ​ចំនួន​ទៀត​របស់​ប្រទេស​កម្ពុជា ​។

លោក​ជំទាវ មិថុនា ភូ​ថង អភិបាល​គណៈ​អភិបាលខេត្ត​កោះកុង​ បាន​គូសបញ្ជាក់​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០២៥​ យ៉ាង​ដូច្នេះ​ថា​ ៖”​កា​រត​ភ្ជាប់​ផ្លូវជាតិ​លេខ​១០ ​ទៅ​ផ្លូវជាតិ​លេខ​៤៨​ ពិសេស​នៅ​រដូវភ្លៀង​នេះ ​អាច​មានកំ​ណើ​រ​កើនឡើង​ច្រើន ពិសេស​នោះ​ ព្រះរាជ​ពិធីបុណ្យ​ចម្រើន​ព្រះជន្ម​ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា របស់​យើង​កន្លង​មក ​គឺ​ភ្ញៀវ​ទេសចរ​មានការ​កើនឡើង​ច្រើន រហូត​ដល់​ផ្ទះសំណាក់​នៅ​ខេត្តកោះកុង​ មិន​អាច​ផ្តល់​គ្រប់ ហើយ​អ្នក​ទេសចរ​ទៅ​សម្រាក​នៅ​វត្ត​ក៏​មាន​” ​។

លោក​ជំទាវ​ ក៏​បាន​រំពឹង​ថា ​នៅ​ពេល​ខាងមុខ​នេះ ​ខេត្តកោះកុង​ នឹង​រំពឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ ​មក​ទស្សនា​ច្រើន​បន្ថែមទៀត​ ។

ដើម្បី​ទទួលភ្ញៀវ​ទេសចរ ដែល​មាន​បំណង​មក​ខេត្តកោះកុង​ ត្រូវ​បានលោក​ជំទាវ​បាន​ឲ្យ​ដឹង​ថា ​នឹង​ជំរុញ​ឲ្យ​មានការ​សាងសង់​ផ្ទះសំណាក់ សម្រាប់​ទទួល និង​មាន​ទេសចរណ៍ ​បែប​បោះ​តង់ ​ផង​ដែរ ​។

សូម​ជម្រាប​ថា ​ភ្ញៀវ​ទេសចរ​ស្នាក់​នៅ និង​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា​ ក្នុង​ខេត្តកោះកុង នា​ឱកាស​ពិធី​ចម្រើន​ព្រះ​ជន្ម ព្រះករុណា​ ព្រះបាទ​សម្តេចព្រះ​បរមនាថ ​នរោត្តម សីហ​មុនី និង​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល មាន​ចំនួន​៧៥,១៨៦ នាក់ ។

គិត​ចាប់ពី​ថ្ងៃ​ទី ១៤ ដល់ ១៦ ខែឧសភា ឆ្នាំ​២០២៥ មាន​ភ្ញៀវ​ទេសចរ​ជាតិ​ចំនួន ៧៤,៦៥៧ នាក់ និង​ភ្ញៀវ​បរទេស​ចំនួន ៥២៩នាក់ ដោយ​សរុប​ទៅ​ចំនួន ៧៥,១៨៦ នាក់ ​។

លោក សា​គុណ ភក្តី ប្រធាន​ការិយាល័យ​ព័ត៌មាន​ទេសចរ និង​ផ្សព្វផ្សាយ​ទេសចរណ៍ ​នៃ​មន្ទីរ​ទេសចរណ៍​ខេត្តកោះកុង​ ធ្លាប់បាន​ឲ្យ​ដឹង​ថា មូលហេតុ​នៃ​ការ​កើនឡើង​ភ្ញៀវ​ទេសចរ​ផ្លូវជាតិ​លេខ​១០ និង​លេខ​៤៨ បាន​សម្រេចការ​សាងសង់​ស្ទើរតែ ១០០% ដែល​បាន​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ទេសចរ ​។

លោក សា​គុណ ភក្តី បន្ថែម​ថា លំហូរ​ភ្ញៀវ​ទេសចរ​ធ្វើ​ដំណើរ​ពី​បណ្តា​រាជធានី​-​ខេត្ត ពិសេស​ខេត្តពោធិសាត់ ប៉ៃលិន បាត់ដំបង​។ បញ្ហា​សន្តិសុខ​សណ្តាប់ធ្នាប់​មាន​សុវត្ថិ​ភាពល្អ សម្រាប់​ភ្ញៀវ​ទេសចរ និង​ពលរដ្ឋ​ដែល​មក​លេង​កម្សាន្ត​តាម​តំបន់​ទេសចរណ៍​នានា ទោះបី​មានការ​ខ្វះខាត​កន្លែង​ស្នាក់​នៅ​ក៏​ដោយ​។
សូម​រំលឹក​ផង​ដែរ​ថា គម្រោង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ​៤៨ មាន​ប្រវែង ១៤៨ គីឡូម៉ែត្រ ត្រូវ​បាន​សាងសង់​ជា​ប្រភេទ​ស្រទាប់​កៅស៊ូ AC បាន​បើក​ការដ្ឋាន​សាងសង់​នៅ ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០២២ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី និង​បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភា​។ ផ្លូវ​នេះ ត្រូវ​បាន​ស្ថាបនា​ជា​បួន​គន្លង ចំនួន​៥ ទីតាំង ប្រវែង ៣០​គីឡូម៉ែត្រ និង​ពីរ​កន្លង ប្រវែង​១១៨ គីឡូម៉ែត្រ​។ តាម​ផែនការ​គម្រោង គ្រោង​បញ្ចប់​នៅ​ខែមេសា ឆ្នាំ​២០២៤ ប៉ុន្តែ​ដោយ​ស្ថានភាព​ការ​រីក​រាលដាល​នៃ​កូ​វី​ដ​-១៩ និង​កត្តា​ភូមិសាស្ត្រ​តំបន់​ភ្នំ ធ្វើ​ឱ្យ​គម្រោង​នេះ​ពន្យា​ពេល​សាងសង់​ជាង​១​ឆ្នាំ ពោល​គឺ​បញ្ចប់​ការ​សាងសង់​នៅ ខែឧសភា ឆ្នាំ​២០២៥ វិញ​។

គម្រោង​នេះ ត​ភ្ជាប់​ជាមួយ​ផ្លូវជាតិ​លេខ​១០ និង​ត​ភ្ជាប់​ទៅ​ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និង​ខេត្ត​ប៉ៃលិន មក​កាន់​តំបន់ឆ្នេរ​កម្ពុជា ដែល​ភ្ជាប់​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​ថៃ ត្រូវ​បាន​ចាត់ទុកជា​សរសៃឈាម​សេដ្ឋកិច្ច​ដ៏​មាន​សក្តានុពល​របស់​កម្ពុជា ក្នុង​ការ​ជួយ​សម្រួល​ដល់​កា​រត​ភ្ជាប់​ទំនាក់ទំនង​គមនាគមន៍ និង​ការ​ធ្វើ​សមាហរណកម្ម​ត​ភ្ជាប់​ផ្ទៃក្នុង​ប្រទេស ជា​ពិសេស​កំពង់​ផែ​ទឹក​ជ្រៅ​នៅ​ក្រុងព្រះសីហនុ សំដៅ​រួមចំណែក​ក្នុង​ការ​ជំរុញ​ការ​ដោះ​ដូរ​ពាណិជ្ជកម្ម វិនិយោគ និង​ការ​ដឹក​ជញ្ជូន​ដំណាំ​កសិផល និង​កសិឧស្សាហកម្ម ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ឆាប់រហ័ស និង​ចំណាយ​តិច​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ