រាជធានីភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសជាសាធារណៈ និមន្ត និងអញ្ជើញព្រះតេជគុណស៊ុច (លោកឪស៊ុច) និងបងប្អូនមករស់នៅប្រទេសកម្ពុជា បើសិនមានការរើសអើយណាមួយ ។
ការលើកឡើងរបស់សម្ដេចបវរធិបតី បន្ទាប់ពីលោកឪស៊ុច បានស្នើសុំចូលមកស្រុកខ្មែរ ដោយមានការចាប់ខ្លួនព្រះអង្គ ។
យោងតាមបណ្តាញសង្គមរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងនៅយប់ថ្ងៃទី១៩ មិថុនា ឆ្នាំ២០២៥នេះថា ឆ្លើយតបទៅនឹងសំណូមពររបស់ព្រះតេជគុណ (លោកឪស៊ុច) ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្លួន ខ្ញុំព្រះករុណាផ្ទាល់ ខ្ញុំសូមស្វាគមន៍ព្រះតេជគុណ (លោកឪស៊ុច) គ្រប់ពេលវេលា ។
សម្តេចបវរធិបតីបានបញ្ជាក់ថា ៖ “មិនត្រឹមតែចំពោះលោកឪស៊ុចទេ បើសិនជាមានព្រះតេជគុណព្រះថេរានុថេរៈអង្គណា ឬបងប្អូនប្រជាពលរដ្ឋខ្មែរណាម្នាក់ ដែលទទួលរងនូវការរើសអើង ឬការមាក់ងាយ ដោយសារតែខ្លួនជាខ្មែរ ឬដោយសារតែការបញ្ចេញមតិការពារនូវយុត្តិធម៌ សេចក្តីថ្លៃថ្នូរ និងភាពត្រឹមត្រូវរបស់កម្ពុជា ក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន ខ្ញុំព្រះករុណាខ្ញុំ សូមនិមន្ត និងអញ្ជើញព្រះតេជគុណ និងបងប្អូនមករស់នៅនៅប្រទេសកម្ពុជា” ។
សម្តេចបវរធិបតី បានលើកឡើងថា រាជរដ្ឋាភិបាល និងប្រជាជនខ្មែរស្វាគមន៍ព្រះតេជគុណ និងបងប្អូនគ្រប់ពេលវេលា ហើយធានាថា នឹងមិនមានការរើសអើង ឬចាប់ជនជាតិខ្មែរយើងបញ្ជូនទៅប្រទេសណាផ្សេងនោះទេ ។
នៅលើបណ្ដាញសង្គមហ្វេសប៊ុក បានលើកឡើងនៅថ្មីៗនេះថា លោកតាស៊ុច មានបញ្ហាហើយ! ត្រូវប៉ូលីសថៃ ចុះទៅដល់វត្ត ពេលលោកតានិយាយប៉ះពាល់ខ្មែរសុរិន្ទ ការពីថ្ងៃទី១៤ មិថុនា ២០២៥ ។ ហើយលោកតានិយាយថា ស្អប់ខ្មែរសុរិន្ទ លោកតាចង់មានន័យថា ខ្មែរលើ “ដើមកំណើតមកពីខ្មែរ តែភ្លេចកំណើតដូនតាខ្មែរ” ជាហេតុធ្វើឲ្យខ្មែរលើ ឬខ្មែរសុរិន្ទភ្លេចកំណើតមួយចំនួន មិនពេញចិត្តលោកតាស៊ុច ៕





ចែករំលែកព័តមាននេះ