រាជធានីភ្នំពេញ ៖ ក្នុងជំនួបទ្វេរភាគី ជាមួយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រដ្ឋមន្ត្រីទេសចរណ៍ម៉ាឡេស៊ី ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ ជាមួយកម្ពុជា ។
នារសៀល ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Dato’ Sri Tiong King Sing រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព ។
ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងម៉ាឡេស៊ី និងកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍ នៃប្រទេសទាំងពីរ។ ឯកឧត្តម បានលើកឡើងពីសារៈសំខាន់ នៃវិស័យទេសចរណ៍ ដែលជាវិស័យមួយចូលរួមចំណែកដល់ការធានានូវកំណើនសេដ្ឋកិច្ចជាតិ, ការបង្កើតការងារ, និងការលើកកម្ពស់វប្បធម៌ជាតិ។ ដើម្បីជំរុញវិស័យនេះ ឯកឧត្តម បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ក្រសួងទេសចរណ៍ម៉ាឡេស៊ី ក្នុងការបន្តពង្រឹង និងពង្រីកការតភ្ជាប់ផ្នែកទេសចរណ៍ជាមួយកម្ពុជា និងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ។
ក្នុងន័យនេះ ក្រសួងទេសចរណ៍ នៃប្រទេសទាំងពីរ នឹងបន្តសហការគ្នា ដើម្បីជំរុញវិស័យទេសចរណ៍ រួមទាំងទេសចរណ៍ បែបវប្បធម៌ និងសិល្បៈ រវាងប្រទេសទាំងពីរ ។
សម្ដេចបវរធិបតី បានសម្ដែងនូវការស្វាគមន៍ចំពោះឯកឧត្តមរដ្ឋមន្ត្រី និងគណប្រតិភូ ដែលបានអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ។
សម្ដេចបវរធិបតី ក៏បានចូលរួមអបអរសាទរ ម៉ាឡេស៊ី ចំពោះជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំពាក់ព័ន្ធ នាពេលកន្លងមក។ សម្ដេចបវរធិបតី ក៏បានឯកភាព ចំពោះការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី ចំពោះសារៈសំខាន់របស់វិស័យទេសចរណ៍ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន ។
ជាមួយគ្នានេះ សម្ដេចបវរធិបតី បានរំលឹកអំពីជំនួបទ្វេភាគីរវាងសម្ដេចបវរធិបតី និងឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី នាពេលកន្លងមក ដោយបានឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងវិស័យសំខាន់ៗមួយចំនួន រួមទាំងវិស័យទេសចរណ៍ ។
សម្ដេចបវរធិបតី ក៏បានបង្ហាញនូវការពេញចិត្តចំពោះការសម្រេចបាននូវការតភ្ជាប់ជើងហោះហើរត្រង់ ពីកម្ពុជាទៅកាន់កោះប៉េណាំង និងបានគូសបញ្ជាក់ថា ប្រទេសទាំងពីរនៅមានសក្ដានុពលច្រើនទៀត ដែលអាចពង្រឹងនិងពង្រីកក្នុងការតភ្ជាប់ជើងហោះហើរបន្ថែមទៀត ។
ក្នុងន័យនេះ សម្ដេចបវរធិបតី បានលើកទឹកចិត្តក្រសួងទេសចរណ៍ នៃប្រទេសទាំងពីរបន្តផ្សារភ្ជាប់ទំនាក់ទំនង និងសហការគ្នាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ រួមទាំងជំរុញការបង្កើតនូវកញ្ចប់ទេសចរណ៍រួមគ្នា។
សម្ដេចបវរធិបតី ក៏បានលើកទឹកចិត្តឱ្យក្រសួងទេសចរណ៍នៃប្រទេសទាំងពីរ ពិនិត្យលទ្ធភាពក្នុងការស្វែងរកកាលានុវត្តភាព និងការភ្ជាប់ទំនាក់ទំនង ផ្នែកទេសចរណ៍នៅថ្នាក់ក្រោមជាតិ ដូចជាការភ្ជាប់ទីក្រុងនិងទីក្រុង និង ខេត្តនិងខេត្ត ដើម្បីលើកកម្ពស់ការយល់ដឹងអំពីទេសចរណ៍ វប្បធម៌ និងសិល្បៈ រវាងប្រទេសទាំងពីរ៕






អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ