ទីក្រុងយេរូសាឡឹម៖ អ៊ីស្រាអែលចាប់ផ្ដើមមានកំហឹងកាន់តែខ្លាំងឡើងៗនឹងមេដឹកនាំអ៊ីរ៉ង់រហូតដល់ថ្នាក់ចង់ធ្វើឃាតគាត់កាន់តែខ្លាំងបន្ទាប់ពីមីស៊ីលរបស់អ៊ីរ៉ង់បាញ់ត្រូវចំមន្ទីរពេទ្យនៅទីក្រុងតែឡាវីវបណ្ដាលឱ្យរបួសមនុស្សយ៉ាងតិច២៤០នាក់។ ប៉ុន្តែអ៊ីស្រាអែលក៏មិនអន់ប៉ុន្មានដែរ បានវាយប្រហារត្រូវចំម៉ាស៊ីនប្រតិកម្មនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
ថ្ងៃនេះ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោកខាត់ (Katz) ដាក់ការស្ដីបន្ទោសគ្រប់យ៉ាងទៅលើអគ្គមគ្គុទ្ទេសក៍អ៊ីរ៉ង់ លោកអាយ៉ាតូឡា អាលី ខាមេនី (Ayatollah Ali Khamenei)។ លោកថាយោធាអ៊ីស្រាអែលបានទទួលបញ្ជារួចហើយ ហើយដឹងថាដើម្បីសម្រេចគោលដៅគ្រប់យ៉ាងលុះត្រាតែគ្មានមេដឹកនាំអ៊ីរ៉ង់រូបនេះរស់នៅលើផែនដីតទៅទៀត។
មន្ត្រីរដ្ឋាភិបាលអាមេរិកនៅសប្ដាហ៍នេះបង្ហើបឱ្យដឹងថាលោកត្រាំជំទាស់នឹងផែនការរបស់អ៊ីស្រាអែលដែលចង់ធ្វើឃាតលោកអាលី ខាមេនី។ ក្រោយមក លោកត្រាំបញ្ជាក់ឡើងវិញថាលោកមិនទាន់ចង់សម្លាប់មេដឹកនាំរូបនេះទេ, ទុកឱ្យគាត់រស់នៅមួយគ្រាសិនចុះ។ លោកត្រាំដឹងថាអគ្គមគ្គុទ្ទេសក៍រូបនេះកំពុងសម្ងំលាក់ខ្លួននៅទីណា។ ប៉ុន្តែត្រាំថាគាត់មិនទាន់ចង់ចាត់ការរឿងនេះទេ។
សង្គ្រាមរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះធ្វើឱ្យអ៊ីរ៉ង់ស្លាប់មនុស្ស៦៣៩នាក់ ក្នុងនោះ២៦៣នាក់ជាជនស៊ីវិល។ ក្រៅពីនេះរបួសជាង១៣០០នាក់។ ជាការសងសឹកវិញ អ៊ីរ៉ង់បាញ់មីស៊ីលរាប់រយគ្រាប់ និងបញ្ជូនដ្រូនរាប់រយគ្រឿងវាយលុកអ៊ីស្រាអែលបណ្ដាលឱ្យស្លាប់មនុស្សយ៉ាងតិច២៤នាក់ និងរបួសរាប់រយនាក់។
នៅក្នុងចំណោមអ្នករបួស២៤០នាក់ដោយសារការវាយប្រហារលើកចុងក្រោយរបស់អ៊ីរ៉ង់ ៤នាក់របួសធ្ងន់។ ប្រភពខ្លះថាអ៊ីរ៉ង់បាញ់មីស៊ីលតែមួយគ្រាប់ ប៉ុន្តែមានក្បាលគ្រាប់តូចៗជាច្រើននៅក្នុងនោះទៀត ជាប្រភេទគ្រាប់មីស៊ីលចង្កោម ឬមីស៊ីលបាញ់គ្រាប់សាច។ យោធាអ៊ីស្រាអែលទទួលស្គាល់ថាមីស៊ីលប្រភេទនេះពិបាកបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាសធម្មតាដូចជាសំណាញ់មេឃាអាយអឹនដូមជាដើម (Iron Dome)៕
ចែករំលែកព័តមាននេះ