ទីក្រុងតេអេរ៉ង់៖ គិតទៅ សង្គ្រាមត្រឹមតែប្រាំប៉ុណ្ណោះរវាងអ៊ីរ៉ង់ទល់នឹងអាមេរិក និងអ៊ីស្រាអែល បានបណ្ដាលឱ្យស្លាប់មនុស្សយ៉ាងរង្គាលរហូតដល់ជាងមួយពាន់នាក់។ ក្រុមសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅអាមេរិក (HRANA) រាយការណ៍ថាជនស៊ីវិលសរុប១០៩៧នាក់បានស្លាប់នៅប្រទេសអ៊ីរ៉ង់ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈជាថ្ងៃដែលអាមេរិក និងអ៊ីស្រាអែលចាប់ផ្ដើមបើកយុទ្ធនាការវាយប្រហារទៅលើរដ្ឋធានីតេអេរ៉ង់ និងទីតាំងដទៃទៀតនៃប្រទេសអ៊ីរ៉ង់នៅក្នុងអ្វីដែលប្រទេសទាំង២ហៅថាដើម្បីជីកឱ្យដល់ឫសគល់នូវកម្មវិធីមីស៊ីល និងនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

នៅក្នុងចំណោមអ្នកស្លាប់ទាំងនោះ ១៨១នាក់ជាកុមារក្រោមអាយុ១០ឆ្នាំ។ ចំណែកចំនួនជនស៊ីវិលដែលត្រូវរបួសកើនឡើងដល់៥៤០២នាក់។ នៅក្នុងចំណោមនោះក៏មានកុមារ១០០នាក់ផងដែរ។ អង្គការដដែលនេះថ្លែងបន្តទៀតថាត្រឹមតែរយៈពេល២៤ម៉ោងចុងក្រោយនេះ អាមេរិក និងអ៊ីស្រាអែលវាយប្រហារយ៉ាងតិច១០៤ដងទៅលើអ៊ីរ៉ង់។ ពួកគេវាយប្រហារមូលដ្ឋានយោធា, មណ្ឌលសុខភាព និងលំនៅដ្ឋានរបស់ប្រជាជន។

ក្រៅពីនេះ ករណីស្លាប់រាប់រយនាក់ទៀតកំពុងផ្ទៀងផ្ទាត់រកការពិត។ ខាងក្រោមនេះជាតួលេខអ្នកស្លាប់នៅតាមប្រទេសមួយចំនួនដែលរងការវាយប្រហារពីអ៊ីស្រាអែល និងអាមេរិក (អ៊ីរ៉ង់) និងប្រទេសដែលរងការវាយប្រហារពីអ៊ីរ៉ង់។ ជាពិសេស អ៊ីរ៉ង់អះអាងថាខ្លួនវាយប្រហារប្រទេសទាំងនោះចង់សំដៅតែទៅលើមូលដ្ឋានយោធាអាមេរិក ឬផលប្រយោជន៍អាមេរិកតែប៉ុណ្ណោះ។

-អ៊ីស្រាអែល ស្លាប់ជនស៊ីវិល១០នាក់។ ក្នុងនោះ ៩នាក់ស្លាប់ដោយសារមីស៊ីលរបស់អ៊ីរ៉ង់ដែលវាយប្រហារទៅលើអគារស្នាក់នៅរបស់ជនស៊ីវិលនៅបេត ស៊ីម៉េះ (Beit Shemesh) ក្បែរទីក្រុងយេរូសាឡឹម។ អ៊ីស្រាអែលអះអាងថារហូតមកដល់ពេលនេះ គ្មានយុទ្ធជនរបស់ខ្លួនណាម្នាក់បានពលីជីវិតនៅឡើយទេ។
-លីបង់ ស្លាប់មនុស្ស៥០នាក់ដោយសារការវាយប្រហារជាច្រើនលើកច្រើនសារបស់អ៊ីស្រាអែល។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលលីបង់។
-បារ៉ែន ស្លាប់មនុស្សម្នាក់បន្ទាប់ពីភ្លើងឆាបឆេះទីក្រុងឧស្សាហកម្មនៅប្រទេសនេះក្រោយពេលមីស៊ីលត្រូវបានបាញ់ទម្លាក់។ នេះបើយោងតាមការប្រកាសរបស់ក្រសួងមហាផ្ទៃ។

-គូវែត ស្លាប់មនុស្សបីនាក់ ក្នុងនោះទាហានគូវែត២នាក់។ ពួកគេស្លាប់នៅក្នុងការវាយប្រហារជាច្រើនករណី។ នេះបើយោងតាមក្រសួងការបរទេស និងក្រសួងសុខាភិបាល។
-អូម៉ង់ ស្លាប់មនុស្សម្នាក់នៅពេលគ្រាប់រ៉ុកកែតវាយប្រហារចំនាវាដឹកប្រេងដែលដោតទង់ជាតិកោះម៉ាសាល់ (Marshall Islands) នៅក្បែរឆ្នេរសមុទ្រមូស្កាត់ (Muscat)។
-អារ៉ាប់រួម ស្លាប់មនុស្សបីនាក់។
-អាមេរិក ពលីជីវិតយុទ្ធជន៦នាក់ដោយសារការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើទីតាំងមួយកន្លែងនៃប្រទេសគូវែត។ នេះបើយោងតាមការសរុបរបាយការណ៍របស់អគ្គបញ្ជាការដ្ឋានកងទ័ពអាមេរិក៕ ប្រភព៖ រ៉យទ័រ (Reuters), ប៊ីប៊ីស៊ី (BBC) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ