រាជធានីភ្នំពេញ ៖ កម្មករនិយោជិតនៃរោងចក្រស៊ី ហាវ ហ៊ែនប៊ែន ឯ.ក ដែលមានអាស័យដ្ឋាននៅភូមិកណ្ដាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល សរុប ១៩នាក់បានជាសះស្បើយនិងត្រឡប់ទៅផ្ទះវិញនៅព្រឹកថ្ងៃទី៤ ខែមីនានេះ ខណៈកម្មករ ១២នាក់ផ្សេងទៀតកំពុងសម្រាកបន្តនៅមណ្ឌលសុខភាពព្រែកអញ្ចាញ និងមន្ទីរពេទ្យឯកជនគុយវ៉ែត។ នេះបើតាមលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោកថ្លែងថា៖ “សុខទុក្ខរបស់កម្មករគឺជាការងារអាទិភាពរបស់ក្រសួងដែលឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារលោកយកចិត្តទុកដាក់។ ក្នុងនោះ ភ្លាមៗក្រោយទទួលបានដំណឹងក្រុមមន្ត្រីជំនាញរបស់ក្រសួង រួមទាំងមន្ទីរក.ប.ខេត្តកណ្តាលផង បានចុះពិនិត្យ និងជួយសម្រួលជូនបងប្អូនទៅកាន់មន្ទីរពេទ្យ និងបន្តសម្របសម្រួលនៅទីតាំងជាក់ស្តែង ខណៈដែលជំនាញផ្នែកសុវត្ថិភាពការងារបស់ក្រសួង កំពុងអង្កេត និងសរុបលើការអង្កេតដើម្បីផ្តល់សេចក្តីសន្និដ្ឋានរួម” ។
អ្នកនាំពាក្យរូបនេះបញ្ជាក់នៅព្រឹកថ្ងៃទី៤ ខែមីនាថា ការរដួលសន្លប់កម្មករនិយោជិតរោងចក្រស៊ីនហាវ ហ៊ែន ប៊ែក ឯ.ក ស្ថិតនៅភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាលនេះ គឺផ្តើមចេញពីកម្មការិនីចំនួន ២នាក់ ទី១ ឈ្មោះ រស់ ស្រីនី អាយុ ៣៦ឆ្នាំ និងទី២ ឈ្មោះ វេង ណៃលីន អាយុ ៣៤ឆ្នាំ ដែលធ្វើការនៅផ្នែកដេរជាមួយគ្នា មានអាការៈវិលមុខ ថប់ដង្ហើម ទន់ដៃទន់ជើងសន្លប់។

បន្ទាប់មកកម្មករដែលនៅជិតគាត់បានគ្រាជនរងគ្រោះទៅបន្ទប់ពេទ្យរោងចក្រ ពេលនោះក្រុមការងារជំនួយការផ្នែករដ្ឋបាលបានជួយ ធ្វើការសង្គ្រោះបឋមភ្លាមៗ និង បានបញ្ជូនបន្តទៅមជ្ឃមណ្ឌលសុខភាពព្រែកអញ្ចាញ។ ចំណែកកម្មករ ផ្សេងទៀតដែលនៅក្បែរនោះបានឃើញហេតុការណ៍នេះ ក៏មានអាការៈ ភិតភ័យ ទន់ដៃទន់ជើង សន្លប់តគ្នា ជាបន្តបន្ទាប់។
លោកថ្លែងថា៖ “មូលហេតុបឋមដែលក្រុមជំនាញនៃក្រសួងការងាររកឃើញ គឺ រោងចក្រមានប្រព័ន្ធបញ្ចេញបញ្ចូលខ្យល់ និងការសំអាតបរិយាកាសក្នុងអគាផលិតកម្មពុំបានត្រឹមត្រូវ បរិយាការណ៍កម្ដៅក្នុងអគាផលិតកម្មមានសភាពក្ដៅ និងមានក្លិនកាវ”។

បើតាមលោក ស៊ុន មេសា កម្មករត្រូវបានអនុញ្ញាតឱ្យឈប់សម្រាកដោយមានប្រាក់ឈ្នួលពីថ្ងៃទី៣ដល់ថ្ងៃទី៥ ខែមីនានិងចូលធ្វើការនៅថ្ងៃទី៦ ខែមីនាឆ្នាំ២០២៦៕ អត្ថបទសហការ



ចែករំលែកព័តមាននេះ