ប្រទេសមីយ៉ាន់ម៉ា ៖ រដ្ឋាភិបាលយោធាប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ បានប្រកាសថា រថយន្តឯកជនពាក់កណ្តាល នឹងត្រូវហាមឃាត់ធ្វើចរាចរណ៍លើដងផ្លូវជារៀងរាល់ថ្ងៃ ចាប់ពីចុងសប្តាហ៍នេះតទៅ ដើម្បីសន្សំសំចៃស្តុកប្រេងដែលថយចុះ ដោយសារតែជម្លោះនៅតំបន់មជ្ឈិមបូព៌ា។ នេះបើតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន AFP បានចេញផ្សាយ។
តាមសេចក្តីថ្លែងការណ៍រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានឱ្យដឹងថា ដោយអនុវត្តចាប់ពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ តទៅ រថយន្តពាក់ផ្លាកលេខគូ នឹងត្រូវអនុញ្ញាតឱ្យបើកបរតែថ្ងៃ គូប៉ុណ្ណោះ ដោយទុកថ្ងៃសេសសម្រាប់រថយន្តពាក់ផ្លាកលេខសេស។ ទោះយ៉ាងណាក៏ដោយ រថយន្តអគ្គិសនី ឡានក្រុង តាក់ស៊ី រថយន្តដឹកទំនិញ សេវាសង្គ្រោះបន្ទាន់ ព្រមទាំងរថយន្តដឹកសំរាម នឹងត្រូវបានលើកលែងពីការអនុវត្តដ៏តឹងរ៉ឹងនេះ។
ផ្អែកលើការវាយប្រហាររួមគ្នារបស់សហរដ្ឋអាមេរិក និងប្រទេសអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន និងសង្គ្រាមកាន់តែរីករាលដាលនៅទូទាំងមជ្ឈិមបូព៌ាបានរារាំងដល់ការផ្គត់ផ្គង់ប្រេងពីតំបន់ដែលសម្បូរធនធានធម្មជាតិមួយនេះ និងបានធ្វើឱ្យតម្លៃប្រេងពិភពលោកកើនឡើងខ្ពស់។
សេចក្តីថ្លែការណ៍របស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានបញ្ជាក់ថា «ដោយសារស្ថានភាពនយោបាយពិភពលោកបច្ចុប្បន្ន និងជម្លោះយោធានៅមជ្ឈិមបូព៌ា មានការបិទផ្លូវ និងការរំខានជាបន្តបន្ទាប់តាមបណ្តោយផ្លូវពាណិជ្ជកម្មតាមសមុទ្រ ដែលប្រើប្រាស់ដោយនាវាដឹកប្រេង។ ដូច្នេះអ្នកបើកបរត្រូវតែគោរពតាមច្បាប់ ដើម្បីធានាបាននូវការចែកចាយជាប្រព័ន្ធ និងសុវត្ថិភាពប្រេងឥន្ធនៈ»។
ទោះយ៉ាងណា មិនទាន់ច្បាស់ភ្លាមៗទេថា តើច្បាប់ទាំងនេះ នឹងត្រូវបានត្រួតពិនិត្យយ៉ាងដូចម្តេច ឬសុពលភាពនៃការអនុវត្តរយៈពេលប៉ុន្មាននោះទេ? ប៉ុន្តែរដ្ឋាភិបាលយោធាគ្រាន់តែបញ្ជាក់ថា ការរំលោភបំពានណាមួយ នឹងនាំឱ្យមានសកម្មភាពផ្លូវច្បាប់។ មិនតែប៉ុណ្ណោះរដ្ឋាភិបាលក៏បានព្រមានដែរថា «ម្ចាស់អាជីវកម្មប្រេងឥន្ធនៈ និងសាធារណជនទូទៅត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹងពីការស្តុកទុកប្រេងឥន្ធនៈ ឬលក់វាឡើងវិញក្នុងតម្លៃហួសហេតុ»៕

ចែករំលែកព័តមាននេះ