រាជធានីភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានចុះប្រមូលជនអនាថាដែលជាមុខសញ្ញាចែកចាយគ្រឿងញៀននិងលួច មានប្រុសមានស្រីចំនួន២៧នាក់ ។
តាមមន្ត្រីរដ្ឋបាលខណ្ឌឱ្យដឹងថា នៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ លោក ទាវ សំអឿន អភិបាលរងខណ្ឌមានជ័យ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ សហការជាមួយកម្លាំងសង្កាត់ស្ទឹងមានជ័យ២ ចុះធ្វើរដ្ឋបាលប្រមូលអ្នកប្រើប្រាស់គ្រឿងញៀននៅចំណុចសំណង់មិនរៀបរយ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជាលទ្ធផលកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យប្រមូលបានអ្នកប្រើប្រាស់គ្រឿងញៀនចំនួន២៧នាក់ (ស្រី៦នាក់) និងជនអនាថាចំនួន៤នាក់បញ្ជូនទៅកាន់សាលាខណ្ឌមានជ័យ ។
ក្រោយពីបញ្ចប់ការចុះរដ្ឋបាលរួចអាជ្ញាធរខណ្ឌមានជ័យ បានប្រគល់អ្នកប្រើប្រាស់គ្រឿងញៀនឱ្យទៅមណ្ឌលបន្សាបគ្រឿងញៀន និង ចំពោះជនអនាថា ប្រគល់ជូនខាងសង្គមកិច្ចដើម្បីចាត់ការតាមនីតិវិធី ។
មុននេះមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្យទា រាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលសាលាសង្កាត់ចោមចៅទី៣ និងប៉ុស្តិ៍ចោមចៅទី៣ បានចុះទៅឃាត់ប្រមូល អ្នកសុំទាន ជនអនាថា និងជនងាយរងគ្រោះជិត២០នាក់ ខណៈដែលជនទាំងនោះស្នាក់នៅបែបអនាធិបតេយ្យតាមទីសាធារណៈ ហើយតែងតែចេញដើរសុំទាននៅតាមភ្លើងស្តុប តាមទីប្រជុំជន ជាពិសេសនៅតាមភូមិឋាននានារំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋរាល់ថ្ងៃ ។
យុទ្ធនាការនេះបានធ្វើឡើង កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងដីឡូត៍ទំនេរមួយកន្លែង និងនៅក្រោមស្ពានអាកាសមហាវិថីសុី ជីនពីង ស្ថិតនៅក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ដោយកម្លាំងអាជ្ញាធរនិងសមត្ថកិច្ចខាងលើប្រមូលក្រុមអ្នកសុំទាន ជនអនាថា និងជនងាយរងគ្រោះបានចំនួន១៩នាក់ ក្នុងនោះមានបុរសចំនួន១៣នាក់ និងស្ត្រីចំនួន៦នាក់ ។
ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ក្រោយពីការឃាត់ប្រមូលបានហើយ អាជ្ញាធរបានបញ្ជូនក្រុមអ្នកសុំទាន ជនអនាថា និងជនងាយរងគ្រោះទាំងអស់នេះ ទៅកាន់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្យទា រាជធានីភ្នំពេញ ។ ដើម្បីឲ្យពួកគាត់មានអាហារហូបចុកគ្រប់ គ្រាន់ និងមានកន្លែងស្នាក់នៅសមរម្យត្រឹមត្រូវ កុំឲ្យពួកគាត់ស្នាក់នៅបែបអនាធិបតេយ្យនៅតាមទីសាធារណៈនានា ដូចជាក្រោមស្ពាន ដីឡូត៍ ឬកន្លែងផ្សេងទៀត ។
ជាពិសេស ឈប់ឲ្យពួកគាត់ដើរសុំទាននៅតាមតំបន់ភ្លើងស្តុប ឬតាមទីប្រជុំជន និងតាមភូមិឋាននានា រំខានដល់ការរស់នៅ និងការប្រកបរបររកសុីរបស់អ្នកដទៃតទៅទៀត ហើយក៏ប្រឈមនិងគ្រោះថ្នាក់ទៀតផង ៕
ចែករំលែកព័តមាននេះ