ខេត្តមណ្ឌលគិរី ៖ សាច់«ជ្រូកកណ្តុរ» ឬត្រូវបានគេហៅតាមអ្នកស្រុកថា «ជ្រូកជនជាតិ» កំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកបរិភោគ ជាពិសេសអ្នកមានជំនឿលើអរូបិយ ដែលរស់នៅតំបន់មណ្ឌលគិរីនិយមបញ្ជាទិញយកទៅខ្វៃថ្វាយជាសំណែនដល់អ្នកតាភ្នំដោះក្រមុំ។

អាជីវករ ចាន់ ម៉ារី អ្នកធ្វើជ្រូកខ្វៃលក់ប្រចាំក្រុងសែនមនោរម្យបានឱ្យកោះសន្តិភាពដឹងថា ជារៀងរាល់ថ្ងៃគាត់តែងទទួលការបញ្ជាទិញពីអតិថិជននូវជ្រូកកណ្តុរខ្វៃប្រមាណ២ទៅ៥ក្បាលមិនលោះថ្ងៃឡើយ។ អ្នកជំនាញខ្វៃជ្រូករូបនេះបន្តថា ជាមធ្យមជ្រូកខ្វៃធម្មជាតិនេះមានតម្លៃចាប់២០ម៉ឺនរៀល ទៅ៤០ម៉ឺនរៀល អាស្រ័យទំហំជាក់ស្តែង ដែលអ្នកទិញត្រូវការ ។

សព្វថ្ងៃមិនទាន់មានប្រភពផ្គត់ផ្គង់ជ្រូករស់បានគ្រប់គ្រាន់នៅឡើយ ដោយសារជ្រូកប្រភេទនេះ មិនមានអ្នកចិញ្ជឹមច្រើនទេ ពោលគឺគេចិញ្ចឹមបែបយថាកម្ម ចិញ្ចឹមប្រលែងចោលរត់ពេញភូមិ ស៊ីចំនីពាសវាលពាសកាលដាក់បាយឲ្យវាស៊ីម្តងម្កាលប៉ុនណោះ ។ ជារៀងរាល់ថ្ងៃ គេតែងសង្កេតឃើញនៅអាស្រមអ្នកតាមភ្នំដោះក្រមុំ ត្រូវបានប្រជាពលរដ្ឋយកជ្រូកខ្វៃទៅសែនមិនដាច់ ដែលស្ទើរ១០០%សុទ្ធសឹងជាប្រភេទជ្រូកកណ្តុរឬជ្រូកជនជាតិនេះតែម្តង។

ចំណែកអ្នកយាមនៅលើភ្នំដោះក្រមុំបានឲ្យដឹងថា ក្រោយមានសកម្មភាពផ្ទុះរឿងទិញលក់ដីធ្លីនៅខេត្តមណ្ឌលគិរី មានអ្នកបន់ស្រន់សែនជ្រូកខ្វៃកាន់តែច្រើន រហូតថ្ងៃខ្លះមានជ្រូកខ្វៃរហូតដល់ជាង១០ក្បាល ត្រូវបានគេយកទៅថ្វាយអ្នកតាក្រោយជោគជ័យលក់ដីដាច់។

លោក វុធ សារុំ នាយកដែនជម្រកការពារសត្វព្រៃណាំលៀរ ដែលសព្វថ្ងៃកំពុងសាកល្បងចិញ្ចឹមជ្រូកកណ្តុរធ្វើពូជជាង៥០ក្បាលបានឲ្យដឹងថា ការចិញ្ចឹមជ្រូកប្រភេទនេះងាយស្រួលជាងចិញ្ចឹមជ្រូកធម្មតាឆ្ងាយណាស់ដោយសារវាមិនរើសចំណី ធន់ជំងឺ ប៉ុន្តែវាមានរយៈពេលប្រមូលផលយូរជាងជ្រូកពួជធម្មតា ព្រោះវាស៊ីចំណីបែបធម្មជាតិសុទ្ធសាធ ដូចជាទំពាំង ដើមចេក ឬសឈើ មើមឈើ ស្លឹកឈើ ជាដើម…ដែលនេះមូលហេតុធ្វើឲ្យវាមានការលូតលាស់យឺតជាងជ្រូកស៊ីចំណីកសិកម្ម ។
ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត ។





ចែករំលែកព័តមាននេះ