ខេត្តស្វាយរៀង ៖ មានករណីសត្វឪម៉ាល់ផ្អើលដេញទិចសិស្សានុសិស្សនិងអ្នកគ្រូ បណ្តាលឲ្យសិស្ស១៨នាក់និងគ្រូ០៣នាក់រងរបួសក្នុងម្នាក់ៗ២ទៅ៣ទ្រនិច និងបង្កឲ្យក្មេងសិស្សសាលាភ័យស្រែកយំទ្រហឹងពេញបន្ទប់រៀន ក្រោយមានក្រុមក្មេងសិស្សសាលាទៅគប់សម្បុកឪម៉ាល់លេង។
ករណីខាងលើនេះបានកើតឡើងនៅវេលាម៉ោង៩និង១៥នាទីព្រឹកថ្ងៃទី១០ វិច្ឆិកា ឆ្នាំ២០២៥ នៅបរិវេនសាលាបឋមសិក្សាម៉ឹង សំផន ស្ថិតនៅភូមិក្បាលថ្នល់ ឃុំកណ្តៀងរាយ ស្រុកស្វាទាប ខេត្តស្វាយរៀង ។
តាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ដល់ម៉ោងចេញលេង សិស្សានុសិស្សក៏នាំគ្នាចេញលេងធម្មតា ហើយនៅក្នុងបរិវេនសាលាត្រង់ចំណុចជិតរបងចំហៀងសាលាមានសំបុកឪម៉ាល់មួយសម្បុកយ៉ាងធំ ហើយសង្ស័យនៅមុនពេលកើតហេតុ មានក្រុមក្មេងសិស្សសាលាទៅគប់សំបុកឪម៉ាល់លេង បង្កឲ្យសត្វឪម៉ាល់ផ្អើលហើរចេញពីក្នុងសំបុក ហើយក៏ដេញទិចតែម្តង ។
តាមប្រភពដដែលបានបន្តថា ក្មេងដែលគប់សំបុកឪម៉ាល់លេងនោះបានរត់ចូលមកក្នុងចំណោមសិស្សានុសិស្សកំពុងចេញលេងនៅក្នុងទីធ្លាសាលា និងនៅខាងមុខអាគារសាលា ក៏ត្រូវសត្វឪម៉ាល់ដេញទិចតែម្តង ខណៈនោះលោកគ្រូអ្នកគ្រូរត់ទៅជួយក៏ត្រូវឪម៉ាល់ទិចផងដែរ។
តាមប្រភពដដែលបានបន្តថា បន្ទាប់មកលោកគ្រូអ្នកគ្រូបានទូរសព្ទ័ហៅរថយន្តសាមុយនៃមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិស្វាយទាបចុះទៅដឹកបញ្ជូនសិស្សានុសិស្សរងគ្រោះទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ ក្នុងនោះលោកគ្រូអ្នកគ្រូចំនួន៣នាក់ និងសិស្ស១៨នាក់ ថែមទាំសត្វសុនខ១ក្បាលក៏ត្រូវសត្វឪម៉ាល់ទិចជាច្រើនទ្រនិចផងដែរ ដោយការឈឺចាប់ក្តៅខ្លាំង សត្វសុនខរត់ចុះត្រាំក្នុងទឹក។
រហូតមកដល់វេលាម៉ោង៦ល្ងាចថ្ងៃដដែល កូនសិស្ស១៨នាក់និងគ្រូ៣នាក់បានធូរស្រាល និងត្រូវអាណាព្យាបាលបានយកចេញទៅផ្ទះខ្លះៗហើយ ៕










ចែករំលែកព័តមាននេះ